Thursday, November 21, 2024

អបអរសាទរ! សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ត្រូវបានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) ជួនមេដាយមរតកអូឡាំពិកអន្ដរជាតិ

រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានស្នាដៃយ៉ាងធំធេង ក្នុងការដឹកនាំ និងលើកស្ទួយវិស័យកីឡា ក៏ដូចជាជំរុញចលនាអូឡាំពិកជាតិ និងចលនាអូឡាំពិកអន្ដរជាតិយ៉ាងផុសផុលរីកចម្រើន ត្រូវបានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) ប្រគល់ជួននូវមេដាយមរតកអូឡាំពិកអន្ដរជាតិ ក្នុងឱកាសជាប្រវត្តិសាស្ត្រ ពិធីបើកជាផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោយការរង់ចាំអស់រយៈពេល ៦៤ឆ្នាំ នាយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ នេះ។

មេដាយមរតកអូឡាំពិកអន្ដរជាតិខាងលើ ត្រូវបានលោក Ng Ser Miang អនុប្រធានទី១ IOC តំណាងលោក Thomas Bach ប្រធាន IOC ប្រគល់ជូនសម្ដេចតេជោ ហ៊ុន សែន ក្រោយពីមើលឃើញការពិត មុនពិធីបើក ក៏ដូចជាការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ កម្ពុជាតាមរយៈការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល និងស្គាល់កម្ពុជា កាន់តែច្បាស់ថា កម្ពុជា “ប្រទេសតូច បេះដូងធំ” បន្ទាប់ពីសម្ដេចបានប្រកាសអនុញ្ញាតឲ្យចូលទស្សនាការប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមដោយឥតគិតថ្លៃ ការផ្សាយបន្ដផ្ទាល់ដោយមិនគិតថ្លៃ ព្រមទាំងការមិនតម្រូវឲ្យប្រតិភូ និងអត្តពលិកគ្រប់បណ្ដាប្រទេសបង់ថ្លៃស្នាក់នៅ-ហូបចុកក្នុងម្នាក់ ៥០ដុល្លារក្នុងមួយថ្ងៃថែមទៀត។

តាមរយៈការលើកលែងទាំងអស់នេះហើយ បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង ពិសេសប្រតិភូ និងអត្តពលិកចូលរួម សុទ្ធតែបានកោតសរសើរ និងរីករាយជាមួយការយកចិត្តទុកដាក់ និងការរៀបចំបានយ៉ាងល្អរបស់កម្ពុជា ពិសេសការទទួលបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្ដៅ ទោះបីកម្ពុជាទើបធ្វើជាម្ចាស់ផ្ទះលើកដំបូង ក្រោយពីទទួលបានសុខសន្តិភាពក៏ដោយ៕នាគស

ព័ត៌មានពេញនិយម