Friday, November 15, 2024

សពស្ត្រីវ័យក្មេងម្នាក់ ត្រូវបានប្រទះឃើញ ស្លាប់ដោយដុតឆេះខ្លោច ទាំងដៃជើងជាប់ចំណង គួរឱ្យខ្លោចផ្សាបំផុត

ខេត្តត្បូងឃ្មុំ៖ សពស្ត្រីវ័យក្មេង មិនស្គាល់អត្តញ្ញាណម្នាក់ មានវ័យចន្លោះពី ១៧ ឆ្នាំទៅ ២២ ឆ្នាំ ត្រូវបានប្រទះឃើញ ស្លាប់ដោយដុតឆេះខ្លោច ទាំងដៃជើងជាប់ចំណង គួរឱ្យខ្លោចផ្សាបំផុត ត្រង់ចំណុចក្នុងដីចំការចេក ដែលមានចម្ងាយប្រហែល ៦០ ម៉ែត្រពីផ្លូវជាតិលេខ ៧៣ ស្ថិតនៅក្នុងភូមិពន្លៀក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង ៨ និង ០០នាទីព្រឹក ថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២៣កន្លងទៅនេះ។

សមត្ថកិច្ចថា មុនពេលប្រទះឃើញសាកសពដំបូងមានកម្មករស៊ីឈ្នួលម្នាក់បានបើកថាឡេថង ដើម្បីទៅកាប់ចេកនៅក្នុងចំការ ដែលជារបស់ថៅកែ ឈ្មោះ ហេង វិសា ដើម្បីប្រមូលឲ្យបានច្រើនយកទៅលក់នៅលើទីផ្សារ។ ពេលដែលកំពុងតែដើរកាត់ក្នុងចម្ការចេកក៏ស្រាប់តែប្រទះឃើញសាកសពមនុស្សស្ត្រី មិនស្គាល់អត្តសញ្ញាណម្នាក់ ដែលសង្ស័យថា ត្រូវបានក្រុមឃាតករដែលមិនស្គាល់អត្តសញ្ញាណ អាចមានគ្នាយ៉ាងតិចពីរនាក់ឡើង យកមកចងជើងនិង រុំស្កុតដៃរួចដុតរោលឡើងខ្លោច ក្នុងស្ថានភាពដេកផ្កាប់មុខ ដែលគួរឱ្យខ្លោចផ្សាជាទីបំផុត។

សមត្ថកិច្ចបន្តថា ក្រុមឃាតករអាចនាំគ្នាសែងពីផ្លូវជាតិយកមកទម្លាក់ចោលក្នុងចម្ការចេក រួចបានដុតដើម្បីបំបាត់ភស្តុតាង ហើយស្ថានភាពសពទៀតសោត គឺមានរយៈពេលបីថ្ងៃមកហើយ។ សាកសពស្ត្រីរងគ្រោះ គឺអាចត្រូវបានគេសម្លាប់ពីចម្ងាយ ហើយដឹកតាមមធ្យោបាយយានយន្តណាមួយ មកដល់ចំណុចខាងលើ។

សមត្ថកិច្ចបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យកន្លែងកើតហេតុ និងកោសល្យវិច័យរួច ជំនាញសន្និដ្ឋានជំហ៊ានដំបូងថាជាករណីឃាតកម្ម ដោយគិតទុកជាមុន។

សមត្ថកិច្ចជំនាញកំពុងបើកការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញា ស្វែងរកនិងឃាត់ខ្លួនជនបង្ក យកមកផ្ដន្ទាទោសទៅតាមច្បាប់។

ជាមួយគ្នានោះដែរ សមត្ថកិច្ចក៍សូមអំពាវនាវដល់បងប្អូនញាតិមិត្តក្រុមគ្រួសារណា ដែលបាត់បង់មនុស្សស្រីមានភិនភាគដូចបែបនេះ មេត្តាទំនាក់ទំនងជាមួយ នឹងអធិការដ្ឋាននគរបាលស្រុកតំបែរ៕នាគស

ព័ត៌មានពេញនិយម