ខេត្តសៀមរាប៖ លោក វរសេនីយ៍ឯក សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់មក អង្គភាពសារព័ត៌មាន គូលែនដេលី ឱ្យដឹងអំពីមូលហេតុ នៃការស្លាប់ របស់បុរសម្នាក់ នៅលើចិញ្ចើមផ្លូវ ក្នុងក្រុងសៀមរាបហើយ នៅព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៣ នេះ។
លោក វរសេនីយ៍ឯក សុខ ម៉េងអ៊ាង ឲ្យដឹងថា មានប្រជាពលរដ្ឋរាយការណ៍ អំពីករណីប្រទះឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានដេកស្លាប់ នៅចំណុចលើចញ្ចើមផ្លូវបេតុង ស្ថិតក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោង ២២ និង ០០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។
លោក វរសេនីយ៍ឯក បន្តថា ក្រោយទទួលព័ត៌មានខាងលើ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការណ៏ជាមួយកម្លាំងការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះពិនិត្យជាក់ស្តែងកន្លែងកើតហេតុ ឃើញថាពិតជាមានបុរសម្នាក់បានដេកស្លាប់ពិតប្រាកដមែន។
លោក វរសេនីយ៍ឯក សុខ ម៉េងអ៊ាង បន្ថែមថា ជុំវិញកន្លែងកើតហេតុ សមត្ថកិច្ចបានទទួលការស្តាប់បំភ្លឺពី លោក ពេញ គឹមធិន អាយុ ៥០ឆ្នាំ រស់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាបថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៧ និង៣០នាទី រូបខ្លួនបានឃើញមនុស្សប្រុស មិនស្គាល់អត្តសញ្ញាណ ដើរម្នាក់ឯងដោះអាវ ស្លៀកខោរខ្លី ពណ៌ ខ្មៅ ដើរងើយក្បាលឡើងលើ សង្ស័យជាមនុស្សអាណាថា គ្មានផ្ទះសម្បែង ញៀនស្រា ដើរពីទិសកើតទៅទិសលិច ដល់ចំណុចខាងលិចផ្ទះរបស់ខ្លួន បានដួលបោកក្បាលទៅក្រោយ ផ្ងារពោះ មួយទំហឹង បានបន្តិចក៏ងើបដើរទៅទិសខាងកើតវិញ ដោយមិនបានឃើញមានហូរឈាមឡើយ ខ្លួនក៏ពុំបានដើរតាមទៅមើលទៀតនោះទេ។
ដោយឡែក លោក មិន ចិន្តា អាយុ៣៩ឆ្នាំ ដែលស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ក៍បានរៀបរាប់ថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៧ និង០០នាទី លោកកំពុងអង្គុយ ស្រាប់តែមានមនុស្សប្រុសមិនស្គាល់អត្តសញ្ញាណ ស្លៀកខោរខ្លី សម្បុរណ៏ខ្មៅ ដើរងើយក្បាលឡើងលើ លក្ខណះដូចជាមនុស្សវិកលចរិត បានដើរពីកើតទៅលិច មកអង្គុយមុខបន្ទប់ជួលរបស់ខ្លួន ហើយបម្រុងដើរចូល ក៏ត្រូវបានឈ្មោះ សែម សឿម ភេទប្រុស ទាញដៃចេញពីទីតាំងបន្ទប់ជួលខាងលើវិញ រួចមនុស្សប្រុសខាងលើ បានដើរដួលបោកក្បាលទៅក្រោយ និងចំហៀង ៣ទៅ ៤ដង ខ្លាំងៗ រួចដើរទៅទិសខាងលិចបានប្រហែល ១០០ម៉ែត្រ ហើយដួលបោកក្បាលទៅលើដីម្តងទៀត រួចដើរបកមកទិសខាងកើតវិញទៅបាត់ទៅ។
បន្ថែមលើនេះទៅទៀតនោះ សមត្ថកិច្ចក៍ទទួលបានការស្តាប់បំភ្លឺប្រហាក់ប្រហែលគ្នាពី លោក អ៊ុច ហឿន អាយុ ៤៣ឆ្នាំ ផងដែរថា នៅវេលាម៉ោង ១៧ និង០០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ខណះពេលខ្លួនកំពុងតែរៀបចំលាងសំអាតរថយន្ត ក្នុងផ្ទះនៅចំណុច ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ស្រាប់តែមានមនុស្សប្រុសម្នាក់មានភិនភាគ កម្ពស់ប្រហែល ១ម៉ែត្រ ៦៥សង់ទីម៉ែត្រ សម្បុរណ៏ខ្មៅ អាយុប្រហែល ៣០ឆ្នាំ ពាក់អាវដៃខ្លី ពណ៌ក្រម៉ៅ ស្លៀកខោខ្លីកីឡា ពណ៌ខ្មៅ បានឈរតោងរបងជញ្ជាំងស័ង្កសី ស្ថិតក្នុង អាការៈប្រកាច់ក្បាលងើយឡើងលើ ប៉ុន្តែមិនមានស្នាមប្រឡាក់ឈាម ឬប្រឡាក់ដីនោះទេ ឃើញដូច្នេះ រូបខ្លួនពុំបាននៅមើលបន្តទៀតក៏ដើរចូលទៅក្នុងផ្ទះវិញទៅ។ លុះដល់វេលាម៉ោងប្រហែល ០៩និង០០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នគរបាលបានប្រាប់ខ្លួនបានដឹងថា មនុស្សប្រុសដែលមានភិនភាគខាងលើ បានដេកស្លាប់បាត់ហើយ។
លោក វរសេនីយ៍ឯក សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បញ្ជាក់ថា តាមការបំភ្លឺរបស់ប្រជាពលរដ្ឋ ការពិនិត្យពីគ្រូពេទ្យជំនាញកោសលវិច័យ នឹងតាមការពិនិត្យកាមរ៉ាសុវត្ថិភាព សមត្ថកិច្ចសន្និដ្ឋានបានថា បុរសនេះបានស្លាប់ដោយសារ ក្បាលប៉ះជាមួយវត្ថុរឹង មានជម្ងឺប្រចាំកាយ និងញៀនស្រាជាប្រចាំ។បច្ចុប្បន្ន សពត្រូវបានខាងមន្ទីពេទ្យបង្អែកខេត្តសៀមរាប ដឹកយកទៅរក្សាទុក ដើម្បីរង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ជួនថា រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅពុំទាន់រកឃើញសាច់ញាតិនៃសព នៅឡើយទេ៕នាគស