Friday, November 15, 2024

បុរសម្នាក់បានបាញ់សម្លាប់បងថ្លៃស្រី និងបងស្រីជីដូនមួយ បណ្ដាលឲ្យស្លាប់២នាក់ រួចឃាតករបាញ់ខ្លួនឯងតាមក្រោយ 

ខេត្តកំពត៖ មានករណីបាញ់ប្រហារមួយបានកើតឡើង បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ភ្លាមៗ រួចខ្មាន់កាំភ្លើងបាញ់ខ្លួនឯងតាមក្រោយ រងរបួសធ្ងន់ ចំទ្រូង តែមិនស្លាប់ ស្ថិតក្នុងភូមិបាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត នៅព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ ។

ក្រោយទទួលបានព័ត៌មាននេះកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរជ័យ បានចុះដល់កន្លែងកើតហេតុ និងបានពិនិត្យឃើញថា ជនសង្ស័យមានឈ្មោះ ឡាយ សំអាត ហៅចែម អាយុ៣៩ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ បានធ្វើសកម្មភាពបាញ់ទៅលើបងថ្លៃ និងបងជីដូនមួយរបស់ខ្លួន ដោយប្រើប្រាស់អាវុធម៉ាក RPK (គ្រាប់AK) ជាច្រើនគ្រាប់ បន្ទាប់មកបានធ្វើអត្តឃាតខ្លួនឯង ដោយបាញ់ខ្លួនឯង ០១គ្រាប់ ចំដើមទ្រូង បណ្ដាលឱ្យរបួសធ្ងន់។ បច្ចុប្បន្ន បុរសរូបនេះ បាននឹងកំពុងជួយសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។

ចំពោះជនរងគ្រោះទាំងពីរនាក់ដែលស្លាប់ រួមមាន៖

ទី១៖ ឈ្មោះ នួន សុខា ភេទស្រី អាយុ៤២ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិ-ឃុំកើតហេតុ ត្រូវជាបងជីដូនមួយជនសង្ស័យ បានស្លាប់នៅនឹងកន្លែងកើតហេតុ ។

ទី២៖ ឈ្មោះ អៀង ស៊ុន ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុ ត្រូវជាបងថ្លៃជនសង្ស័យ បានស្លាប់ពេលបញ្ជូនតាមរថយន្តសង្គ្រោះទៅមន្ទីរពេទ្យ។

លោកឧត្តមសេនីយ៍ទោស្នងការ បញ្ជាក់ថាមូលហេតុ កើតឡើងដោយសារជនសង្ស័យមានគំនុំខឹងនឹងបងជីដូនមួយ និងបងថ្លៃ ហើយជនសង្ស័យជាមុខសញ្ញាដែលប្រើប្រាស់គ្រឿងញៀនផងដែរ។

ករណីនេះ សមត្ថកិច្ចចាត់ចែងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕សុវណ្ណរាជ រតនា

 

ព័ត៌មានពេញនិយម