ខេត្តសៀមរាប៖ ជនបរទេសចំនួន០២នាក់ ត្រូវបាននាំខ្លួន និងម្នាក់ទៀតបានចូលមកបង្ហាញខ្លួន ក្នុងករណីស្នាក់នៅហួសរយៈពេលកំណត់។ នេះបើតាមការឱ្យដឹងពីសមត្ថកិច្ចមកកាន់អង្គភាពសារព័ត៌មាន គូលែនដេលី នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។
សមត្ថកិច្ចថា កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សាលាកំរើក ចុះទៅចំនុចផ្ទះសំណាក់ LUB D ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បាននាំខ្លួនជនបរទេសចំនួន០២នាក់ មកសាកសួរពាក់ព័ន្ធនឹងករណីស្នាក់នៅខុសច្បាប់ករណីស្នាក់នៅខុសច្បាប់ (ស្នាក់នៅហួសរយៈពេលកំណត់ ១០៩៤ថ្ងៃ)កាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។
ជនបរទេសទាំងពីរនាក់នេះមានឈ្មោះដូចខាងក្រោម៖១-ឈ្មោះ XIE RONGGUI ភេទប្រុស កើតថ្ងៃទី២០-០១-១៩៥០ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខE៤៥២៦៤០៨៨ មុខរបរគ្មាន ស្នាក់នៅទីតាំងខាងលើ។ ចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីធ្វើដំណើរទេសចរណ៍ ទិដ្ឋាការស្នាក់នៅបានផុតសុពលភាពតាំងពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ រហូតដល់សព្វថ្ងៃ។
២-ឈ្មោះ XIE LIJIN ភេទប្រុស កើតថ្ងៃទី១០-០១-១៩៨២ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEJ៦១៨៦២៨៨ មុខរបរគ្មាន ស្នាក់នៅទីតាំងខាងលើ។ ចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីធ្វើដំណើរទេសចរណ៍ ទិដ្ឋាការស្នាក់នៅបានផុតសុពលភាពតាំងពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ រហូតដល់សព្វថ្ងៃ។
មូលហេតុដែលបណ្ដាលឱ្យពួកគាត់ស្នាក់នៅហួសរយៈពេលកំណត់ និងមិនបានបន្តសុពលភាពទិដ្ឋាការស្នាក់នៅអោយបានត្រឹមត្រូវ ដោយសារពុំមានថវិការបង់អាការទិដ្ឋាការស្នាក់នៅ។
សមត្ថកិច្ចបន្តថា ដោយឡែកមានជនបរទេសម្នាក់ បានចូលមកបង្ហាញខ្លួននៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ស្នើសុំអោយសមត្ថកិច្ចជួយអន្តរាគមន៍បញ្ជូនខ្លួនបានវិលត្រឡប់ទៅប្រទេសកំណើតវិញ ដោយករណីគាត់បានស្នាក់នៅខុសច្បាប់ (ស្នាក់នៅហួសរយៈពេលកំណត់ ១៣៦ថ្ងៃ) កាលពីវេលាម៉ោង១១ និង ០០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ផងដែរ។
ជនបរទេសរូបនេះមានឈ្មោះ RIXEN BENJAMIN HOLGER ភេទប្រុស កើតថ្ងៃទី២៤-១១-១៩៩០ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥៣២៦៨៥១៤៧ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីធ្វើដំណើរទេសចរណ៍។ទិដ្ឋាការស្នាក់នៅបានផុតសុពលភាពតាំងពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ រហូតដល់សព្វថ្ងៃ។
មូលហេតុដែលមិនបានបន្តសុពលភាពទិដ្ឋាការស្នាក់នៅអោយបានត្រឹមត្រូវនោះគឺ ក៍ដោយសារពុំមានថវិការផងដែរ។
សមត្ថកិច្ចបានបញ្ជាក់ថា បច្ចុប្បន្នជំនាញបានរៀបចំសំណុំរឿងបញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ប្រចាំខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី៕នាគស