ខេត្តសៀមរាប៖ លោកឧកញ៉ា ស្រី ចាន់ថន សម្ដែងក្តីអាណិត និងសន្យាជួយរហូតទាល់តែជាសះស្បើយដល់ លោក ធឿន ធារ៉ា ដែលជាកីឡាករប្រដាល់លំដាប់ជាតិមួយរូប។ នេះបើយោងតាមសំនេរនៅលើ Facebook ផ្លូវការរបស់លោកឧកញ៉ា “ស្រី ចានថន Srey Chanthorn” នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ។
លោកឧកញ៉ា ស្រី ចានថន បានលើកឡើងថា ឥឡូវនេះខ្ញុំបានមកសួរសុខទុក្ខប្អូនធារ៉ាហើយៗបងប្អូន។ ខ្ញុំឃើញប្អូនធារ៉ាស្ថិតនៅក្នុងស្ថានភាពបែបនេះខ្ញុំមានក្តីអាណិត ប្អូនជាពន់ពេក។ ខ្ញុំបានជួយឧបត្ថម្ភថវិកាចំនួន២លានរៀលសម្រាប់ការហូបចុកផ្សេងៗជាបណ្តោះអាសន្នសិន។ ហើយសម្រាប់ការចំណាយទៅលើការព្យាបាលរបួសដៃរបស់ប្អូនធារ៉ា ខ្ញុំនឹងជួយរហូតទាល់តែជាសះស្បើយ។ ខ្ញុំនឹងតាមដានរាល់ការព្យាបាលរបួសរបស់ប្អូនធារ៉ាជាបន្តបន្ទាប់ ព្រោះខ្ញុំចង់ឃើញប្អូនធារ៉ាអាចឡើងសង្វៀនប្រកួតយកជ័យជំនះជូនប្រទេសជាតិយើងសារជាថ្មីម្តងទៀត។ ខ្ញុំក៏សូមចូលរួមសោកស្តាយផងដែរ ដែលប្អូនធារ៉ាមិនអាចចូលរួមការប្រកួតនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន”។
សូមរំលឹកជួនផងដែរថា កីឡាករប្រដាល់ ធឿន ធារ៉ា បានបោះបង់ចោលការប្រកួតក្នុងទឹកទី៤ បន្ទាប់ពីត្រូវបានកីឡាករថៃ Krongchak ទាត់ឲ្យខូចដៃ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនៅសង្វៀនអ្នកប្រយុទ្ធគុនខ្មែរ ស្រាបៀរម៉ាទ្រីដ កាលពីវេលាថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣នេះ។
តាមការឱ្យដឹងពី លោក អេ ភូថង ដែលជាគ្រូបង្វឹករបស់ លោក ធឿន ធារ៉ា បានប្រាប់ថា តាមការបញ្ជាក់របស់លោកគ្រូពេទ្យកែងដៃរបស់ ធឿន ធារ៉ា ក្រោយពិនិត្យ និងថតរួចមក គឺមិនប៉ះពាល់ដល់ឆ្អឹងទេ គ្រាន់តែត្រូវសម្រាកព្យាបាលនៅផ្ទះមួយរយៈពេលខ្លីបណ្ណោះអាចប្រកួតវិញបានធម្មតា។
គ្រូបង្វឹករូបនេះបញ្ជាក់ថា ការប្រកួតនៅលើសង្វៀនបង្ហាញឲ្យឃើញថា ធឿន ធារ៉ា ធ្វើបានល្អមែនទែនដោយវាយកែងឲ្យកីឡាករថៃ Krongchak ដួល ត្រូវបានអាជ្ញាកណ្តាលរាប់៨ម្តង និងបន្តមកទៀតកីឡាករគុនខ្មែររូបនេះ នៅតែវាយចំគោលដៅបានល្អ ប៉ុន្តែចុងទឹកទី៣ និងទី៤ រូបគេធ្លាក់ចុះកម្លាំងស៊ុហ្វ ហើយក៏ត្រូវបានកីឡាករថៃទាត់ឲ្យខូចដៃរហូតបោះបង់ចោលការប្រកួតតែម្ដងទៅ៕នាគស