ខេត្តសៀមរាប៖ សមត្ថកិច្ចជំនាញ ឃាត់ខ្លួនជនជាតិប៉េរូពីរនាក់ ដែលបន្លំខ្លួនធ្វើជាភ្ញៀវ ចូលទៅក្នុងភោជនីយដ្ឋាន នៃសណ្ឋាគារ តារាអង្គរ រួចលួចយកទ្រព្យសម្បត្តិភ្ញៀវនៅទីនោះ កាលពីព្រឹក ថ្ងៃទី២២ ខែមេសាឆ្នាំ២០២៣កន្លងទៅ។
ប្រភពពីសមត្ថកិច្ចបានអីដឹងថា ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ ពីជនរងគ្រោះឈ្មោះ RAPHIPHAN WARAVUT ភេទប្រុស កើតថ្ងៃទី១៧-០៦-១៩៥៧ ជនជាតិថៃ កាន់លិខិតឆ្លងដែនលេខ AC២៤០១០៦៨ មុខរបរប្រធានផ្នែកក្រុមហ៊ុនសេវាកម្មចរាចរណ៍ដែនអាកាសកម្ពុជា ស្នាក់នៅសណ្ឋាគារ តារាអង្គរ ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ថាមានជនសង្ស័យចំនួន០២នាក់ ភេទប្រុស បានបន្លំខ្លួនធ្វើជាភ្ញៀវចូលទៅក្នុងភោជនីយដ្ឋាន នៃ សណ្ឋាគារ តារាអង្គរ ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ឆ្លៀតពេលដែលជនរងគ្រោះដើរទៅយកម្ហូបអាហារ ក្រុមជនសង្ស័យធ្វើសកម្មភាពលួចយកកាបូបស្ពាយពណ៌ខ្មៅរបស់ជនរងគ្រោះ ហើយគេចខ្លួនបាត់។
សមត្ថកិច្ចបន្តថា ក្រោយទទួលបានពត៌មាន និងមានការសម្របសម្រួលពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ជំនាញបានចុះធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ នៅចំនុច ផ្ទះសំណាក់ អ៊ុន ពិសិដ្ឋ បន្ទប់លេខ២០២ ដែលស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់នោះ ទី១មានឈ្មោះ RIOS VELAZCO CESAR GUILLERMO ភេទប្រុស កើតថ្ងៃទី២៦-០៥-១៩៥៦ ជនជាតិប៉េរូ កាន់លិខិតឆ្លងដែនលេខ១២៣១០៥៦៤២ ជាភ្ញៀវទេសចរណ៍ ចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ចូលមកស្នាក់នៅផ្ទះសំណាក់ខាងលើ និងទី២មានឈ្មោះ YAURI BELAONIA CESAR LUIS ភេទប្រុស កើតថ្ងៃទី២៧-០៨-១៩៥២ ជនជាតិប៉េរូ កាន់លិខិតឆ្លងដែនលេខ ១២២២៦១៤៧៥ ជាភ្ញៀវទេសចរណ៍ ចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ចូលមកស្នាក់នៅផ្ទះសំណាក់ខាងលើ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ដូចគ្នា។
វត្ថុតាងដកហូតរួមមាន លិខិតឆ្លងដែន(ជនរងគ្រោះ) ០១ក្បាល-អាយផេត ប្រូ ០១គ្រឿង-កាបូបលុយ ០១-ប្រាក់ដុល្លា ៤៨០$-កាតធនាគារ ០២សន្លឹក-ប័ណ្ណបើកបរ ០១សន្លឹក-ខ្សែដៃលោហៈធាតុពណ៌ទង់ដែង ០១ខ្សែ-ក្រវ៉ិលលោហៈធាតុពណ៌ទង់ដែង ០៦គូរ-អ៊ែផតប្រូ ០១ បញ្ជូនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
បច្ចុប្បន្នជនសង្ស័យទាំងពីរខាងលើ ត្រូវបានឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សម្រេចអោយឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរៀបចំកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕នាគស