Monday, September 16, 2024

ព្រះមហាក្សត្រកម្ពុជា ត្រាស់បង្គាប់តែងតាំងមុខតំណែង លោក យឹម សុីណន ជាអនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំងមុខតំណែង លោក យឹម សុីណន ជាអនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី ២២ ខែមេសាឆ្នាំ ២០២៣ នេះ។

សូមរំលឹកជួនផងដែរថាលោក យឹម ស៊ីណន ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីបានបង្ហោះសារបែបញុះញង់ តាមបណ្តាញសង្គម ពាក់ព័ន្ធនឹងរូបភាពព្រះមហាក្សត្រ ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប និងត្រូវបានតុលាការឃុំខ្លួនផងដែរ។ បន្ទាប់មក នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ លោកត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យដោះលែង បន្ទាប់ពីលោកបានចេញវីដេអូ និងសរសេរលិខិតមួយ សូមព្រះរាជទានទោសពីព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសូមទោសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធនឹងសំណេរប្រមាថលើហ្វេសប៊ុក។

លោក យឹម ស៊ីណន នៅព្រឹកថ្ងៃទី២១ ខែមេសា បានបង្ហាញសំណេរនៅលើបណ្តាញសង្គម Facebook ជាមួយនឹងពាក្យពេជន៍ឈឺចាប់ជាទីបំផុតរកអ្វីប្រៀបផ្ទឹមពុំបាន ដោយសារទង្វើ និងសកម្មភាព មិនខ្វាយខ្វល់របស់ក្រុមប្រឆាំងទៅលើរូបលោក នៅពេលលោកជាប់ពន្ធនាគារ។ ក្រៅពីបង្ហាញការឈឺចាប់ឥតឧបមា លោក យឹម ស៊ីណន បានប្រកាសគោរពស្នើសុំ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី ដើម្បីសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាច ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ ក៍បានអនុញ្ញាតឱ្យ លោក យឹម ស៊ីណន អតីតសមាជិកក្រុមប្រឆាំងដ៏សកម្មម្នាក់ ចូលជួបសម្ដែងការគួរសម ក្រោយពីលោកស្នើសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។ ជំនួបនេះ បានធ្វើឡើងរយៈពេលជាង២ម៉ោង នៅគេហដ្ឋានរបស់សម្តេចតេជោ នាក្រុងតាខ្មៅ ខេត្តកណ្តាល។

សម្តេចតេជោ ហ៊ុន សែន បានណែនាំ និងផ្តល់អនុសាសន៍ជាច្រើន សម្រាប់លោក យឹម ស៊ីណន ដែលជាអ្នកនយោបាយវ័យក្មេង៕នាគស

ព័ត៌មានពេញនិយម