ខេត្តស្វាយរៀង៖ មិនដល់២៤ម៉ោងផងសមត្ថកិច្ចខេត្តព្រះវិហារ ចាប់ខ្លួនបុរសម្នាក់ដែលគេសង្ស័យថាជាឃាតករ ដែលបានសម្លាប់ហើយកាត់ក្បាលនារីរងគ្រោះយ៉ាងសាហាវឃោរឃៅ ក្នុងខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនដែលសង្ស័យថាជាឃាតករ ត្រូវបានសមត្ថកិច្ចខេត្តព្រះវិហារ សហការជាមួយសមត្ថកិច្ចខេត្តស្វាយរៀង ចាប់ឃាត់ខ្លួនបាននៅក្នុងផ្ទះសំណាក់ដែលមានយីហោ កុលាប ៣ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ កាលពីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។
សមត្ថកិច្ចបន្តថា ជនសង្សយ័ជាឃាតករ មានឈ្មោះ ឡោ គង់ហួរ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យរូបនេះ ទំនងជាបានប្រព្រិត្តអំពើឃាតកម្មរួច ក៏រត់ទៅលាក់ខ្លួននៅផ្ទះសំណាក់ខាងលើ ហើយបានព្យាយាម លេបថ្នាំបំពុលកណ្តុរ ដេីម្បីសម្លាប់ខ្លួន ប៉ុន្តែមិនបានសម្រេច ក៍ត្រូវបានម្ចាស់សំណាក់ទាក់ទងទៅសមត្ថកិច្ចខេត្ត បញ្ចូនទៅ សង្រ្គោះនៅមន្ទីរពេទ្យទាន់ពេលវេលា ។
ក្រោយពីបានធ្វើការឃាត់ខ្លួនរួចមក សមត្ថកិច្ចខេត្តទាំងពីរបានប្រគល់និងទទួល ជនសង្ស័យខាងលើបញ្ជូនទៅកាន់ខេត្តស្វាយរៀង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។
សូមជម្រាបជួនផងដែរថា កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ខណៈដែលនារីបម្រើការងារនៅកាស៊ីណូម្នាក់ស្លាប់យ៉ាងអាណោចអាធ័មក្នុងសភាពសពអាក្រាតកាយ ដោយឃាតករបានកាត់ក្បាលជនរងគ្រោះដាច់ចេញពីក រួចយកទៅចោលលើកំរាលឥដ្ឋបន្ទប់ទឹក ក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវកំពង់ស្ពាន ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ជនរងគ្រោះក្នុងករណីនេះមានឈ្មោះ ម៉ី ភេទស្រី អាយុ ២៤ឆ្នាំ ជាបុគ្គលិកកាស៊ីណូមួយកន្លែងក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
តាមប្រភពពីគ្រួសារជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះ និងជនសង្ស័យថាឃាតករជាគូស្នេហ៍នឹងគ្នា ហើយដោយមើលឃើញថាជនសង្ស័យជាមនុស្សមិនល្អ និងមានប្រពន្ធកូនហើយ ទើបមិនឲ្យទាក់ទងគ្នាបន្ត ប៉ុន្តែមិននឹកស្មានថាជននេះសាហាវព្រៃផ្សៃដល់ម្លឹងឡើយ។
ជុំវិញហេតុការណ៍ដ៏រន្ធត់នេះ ប្រជាពលរដ្ឋជាច្រើនបានសំដែងការសោកស្តាយ និងចូលរួមរំលែកទុក្ខគ្រួសារនៃសព ខណៈដែលរឿងសាហាវៗបែបនេះពុំគួរកើតមានទាល់តែសោះ។
មានរឿងមួយទៀតដែលប្រជាពលរដ្ឋសម្ដែងនូវការហួសចិត្តជាខ្លាំងនោះ គឺនៅលើដៃជននោះមានសាក់ឈ្មោះពួកគេទាំងពីរនាក់(ជនរងគ្រោះនិងជនសង្ស័យ)លើដៃ និងចុះកាលបរិច្ឆេទស្នេហារបស់ពួកគេទាំងពីរ នៅថ្ងៃទី២៥ ខែ៣ ឆ្នាំ២០២២ផងដែរ មិនគួរណាជនសង្ស័យរូបនេះ ដាច់ចិត្តលើកដៃសម្លាប់ នារីរងគ្រោះយ៉ាងសាហាវឃោរឃៅបែបនេះឡើយ។
ពលរដ្ឋសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច ពិសេសសូមតុលាការ ដាក់ទោសជនទោសជនដ៏សាហាវម្នាក់នេះឲ្យបានធ្ងន់ធ្ងរតាមនីតិវិធីច្បាប់ជាធរមាន កុំបីមានការលើកលែងឡើយប្រសិនបើរូបឃើញថាជននេះពិតជាឃាតករប្រាកដមែន៕ លោក សុវណ្ណរាជ រតនា