ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៣ នេះ អធិការដ្ឋាននគបាលក្រុងសៀមរាប ចេញលិខិតបំភ្លឺ ដោយបដិសេធទាំងស្រុង ទៅនឹងការផ្សាយ របស់អង្គភាពសារព័ត៌មាន ដ៍ល្បីមួយនៅខេត្តសៀមរាប ដែលបានដាក់ចំណងជើងអត្ថបទរបស់ខ្លួនថា “យុវជនម្នាក់មកពីខេត្តពោធិ៍សាត់ មកលេងខេត្តសៀមរាប ត្រូវប៉ូលីសវាយដំ និងជំរិតទាប្រាក់ ៣ពាន់ដុល្លារ ជាថ្នូរនិងការដោះលែង” កាលពីរសៀលថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ។
យោងទៅតាមខ្លឹមសារនៃលិខិតបំភ្លឺបានឱ្យដឹងថា ដោយនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង ១៦និង ០០ នាទីអធិការដ្ឋាននគរបាលក្រុងសៀមរាប បានទទួលសេចក្ដីរាយការណ៍ ពីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ថាពួកគាត់បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធ និងអំពើហិង្សាដោយចេតនា។
អធិការដ្ឋានបន្តថា យោងតាមការបំភ្លឺរបស់មន្ត្រីនគរបាលចរាចរណ៍បានឱ្យដឹងថា នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង ១៣ និង ០០ នាទី មានជនសង្ស័យម្នាក់ឈ្មោះ ឈុន ចំរើន ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ បានរត់ចូលក្នុងកន្លែងតៃកុងរថយន្តដែលកំពុងបញ្ឆេះ ខណៈពេលដែលម្ចាស់រថយន្តចេញទៅទិញភេសជ្ជៈ។ ក្នុងពេលនោះក្រុមគ្រួសារម្ចាស់រថយន្តដែលនៅក្នុងរថយន្តបានស្រែក ហើយម្ចាស់រថយន្តបានឃាត់ជនសង្ស័យខាងលើប្រគល់ឱ្យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប យកមកស្នាក់ការចរាចរណ៍មាត់ស្ទឹង ក្នុងភូមិមណ្ឌល ២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ បន្ទាប់មកជនសង្ស័យ បានព្យាយាមរត់គេចខ្លួន តែត្រូវនគរបាលចរាចរណ៍ដេញចាប់ត្រឡប់មកវិញ ក៏ត្រូវជនសង្ស័យវាយមកលើកម្លាំងនគរបាលចរាចរណ៍មួយកែងដៃ បែកភ្នែកខាងស្ដាំ (ដេរចំនួន ៤ ថ្នេរ )។ ក្រោយមកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ បានទៅប្រគល់ និងទទួល ជនសង្ស័យខាងលើមកធ្វើការសួរនាំ។ ក្រោយពីមកដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ជនសង្ស័យខាងលើពុំអាចផ្ដល់ចម្លើយបានទេ ព្រោះជនសង្ស័យជាមនុស្សរវើរវាយ និយាយខុសពីមនុស្សធម្មតា។ ក្នុងពេលនោះដែរក្រុមគ្រួសារជនសង្ស័យបានសុំទោសនគរបាលចរាចរណ៍ខាងលើ ដែលជាជនរងគ្រោះ និងសុំធានាយកជនសង្ស័យឈ្មោះ ឈុន ចំរើន ដែលជាប្អូនទៅព្យាបាលបន្ត។ ហើយនគរបាលចរាចរណ៍នោះក៏យល់ព្រមបញ្ចប់រឿងក្នុងពេលនោះដែរ ស្រាប់តែមានឈ្មោះ ឈុន ម៉ៅ ភេទស្រី អាយុ ៤២ឆ្នាំ ដែលជាបងជនសង្ស័យ បានឮជនសង្ស័យដែលជាមនុស្សរវើរវាយ និយាយថាប៉ូលីសគាបស៊ីលុយចំនួន 3 ពាន់ដុល្លារក៏បានទូរសព្ទទៅប្អូនឈ្មោះ ឈុន ចែម ភេទស្រី អាយុ ៣៥ ឆ្នាំ រស់នៅរាជធានីភ្នំពេញ ថាប៉ូលីសគាបស៊ីលុយចំនួន ៣ពាន់ដុល្លារ។ បន្ទាប់មកឈ្មោះ ឈុន ចែម ក៏បានផ្ញើរូបភាពនិងពាក្យដែលបងឈ្មោះ ឈុន ម៉ៅ ប្រាប់ទៅកាន់អ្នកកាសែត សៀមរាបប៉ុស្តិ៍ ។ លុះដឹងការពិតថា នគរបាលពុំបានទាមទារប្រាក់ដូចការនិយាយរបស់ប្អូនប្រុសឈ្មោះ ឈុន ចំរើន នោះ ឈ្មោះ ឈុន ម៉ៅ និងក្រុមគ្រួសារបានធ្វើការសុំទោសដល់សមត្ថកិច្ចនគរបាលផងដែរ។
អធិការដ្ឋាននគបាលក្រុងសៀមរាបបានបញ្ចាក់ ដោយធ្វើការបដិសេធទាំងស្រុងទៅនឹងការផ្សាយរបស់អង្គភាពខាងលើ និងសូមបងប្អូនអ្នកសារព័ត៌មាន បណ្ដាអ្នកនិយមតាមដានព័ត៌មាន តាមបណ្ដាញទំនាក់ទំនងសង្គម facebook និងសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន។
សូមរំលឹកជូនផងដែរថា កាលពីរសៀលថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៣ ការផ្សព្វផ្សាយរបស់បណ្ដាញសារព័ត៌មានដ៏ល្បីដែលមានឈ្មោះ Post News- សៀមរាបប៉ុស្ដិ៍ បានសរសេរថា “យុវជនម្នាក់មកពីខេត្តពោធិ៍សាត់ បានលេងក្នុងទឹកដីខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ត្រូវបានប៉ូលិសខេត្តសៀមរាប វាយដំនិងជំរិតទារលុយចំនួន ៣ ពាន់ដុល្លារ ជាថ្នូរនិងការដោះលែង។ នេះបើតាមប្រភពពីបងប្អូនសាច់ញាតិបានប្រាប់សៀមរាប ប៉ុស្តិ៍។ យុវជនរូបនេះមានឈ្មោះ ឈុន ចំរើន ភេទប្រុសអាយុ ១៨ ឆ្នាំ ទីកន្លែងកំណើតនៅភូមិបត់រំដួលឃុំផ្ទះរុង ស្រុកភ្នំក្រវាញ (បច្ចុប្បន្ន ស្រុកតាលោសែនជ័យ) ខេត្តពោធិ៍សាត់។ បើតាមសម្ដីបងប្រុសរបស់យុវជនរូបនេះ ប្រាប់សៀមរាប ប៉ុស្ដិ៍ ថា ប្អូនប្រុសរបស់គាត់ឈ្មោះ ឈុន ចំរើន ជាមនុស្សមិនសូវគ្រប់នោះទេ ហើយបានមកលេងខេត្តសៀមរាប ក៏ត្រូវបាននគរបាលប៉ុស្តិ៍ស្វាយដង្គំកំពុងឃាត់ខ្លួន។បងប្រុសបានបន្តថា មូលហេតុ ដែលនាំឲ្យប៉ូលិសស្វាយដង្គំ ឃាត់ខ្លួនប្អូនប្រុសរបស់គាត់ ដោយប៉ូលិសបានប្រាប់ថា ប្អូនប្រុសរបស់គាត់មានការប្រតាយប្រតប់គ្នា ជាមួយនគរបាលចរាចរណ៍ ទើបនគរបាលប៉ុស្តិ៍ស្វាយដង្គំ ចាប់វាយខ្នោះយកមកប៉ុស្ដិ៍តែម្ដង។ ករណីនេះ ត្រូវបានប៉ូលិសទារលុយចំនួន ៣ ពាន់ដុល្លារ ហើយមកចុះត្រឹម ៥០០ ដុល្លារ ប៉ុន្តែគាត់មានតែ៥០ ម៉ឺនរៀល តែប៉ុណ្ណោះ មិនទាន់ឲ្យថ្លៃឡានផង។ការឃាត់ខ្លួននៅថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣នេះ។ទោះជាយ៉ាងណាពាក់ព័ន្ធ ទៅការចោទប្រកាន់បែបនេះ រហូតដល់ម៉ោងជាង៩យប់ថ្ងៃទី ១៧មេសាឆ្នាំ ២០២៣ នេះ សៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីសមត្ថកិច្ចពាក់ព័ន្ធនៅឡើយ”៕នាគស