Monday, November 25, 2024

លោកស្នងការ ចេញលិខិតសរសើរ និងថ្លែងអំណរគុណ កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប 

ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ទោ តេងច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចេញលិខិតសរសើរ និងថ្លែងអំណរគុណ កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ដែលបានខិតខំយកអស់កម្លាំងកាយ ស្មារតី ចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គម បានល្អប្រសើរ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣កន្លងទៅ។

លោកឧត្តមសេនីយ៍ទោ បានលើកឡើងថា ក្នុងនាម ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកសូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកអស់កម្លាំងកាយ ស្មារតី ចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គម បានល្អប្រសើរ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងមកនេះ។

លោកស្នងការបន្តថា ក្នុងនាមថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកសូមផ្ដាំផ្ញើ នូវការសាកសួរសុខទុក្ខដោយក្ដីនឹករឭក និងសូមចូលរួមអបអរសាទរប្រកបដោយក្តីរីករាយជាមួយបងប្អូន កងកម្លាំងទាំងអស់ ក្នុងមនោសញ្ចេតនាកក់ក្តៅ និងការស្រឡាញ់ រាប់អានដ៏ជ្រាលជ្រៅបំផុត។

លោកឧត្តមសេនីយ៍ទោ តេងច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៍បានធ្វើការថ្លែងអំណរគុណ ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលខេត្តសៀមរាបទាំងអស់ ដែលបានចូលរួមថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសូមបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី ជួយប្រោះព្រំសព្វសាធុការពរ បវរសួស្ដីសិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលខេត្តសៀមរាប ព្រមទាំងក្រុមគ្រួសារ ទទួលបាននៅពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕នាគស

ព័ត៌មានពេញនិយម