Monday, September 16, 2024

អបអរសាទរ ! កម្ពុជាបានបំបែកឯតទគ្គកម្មពិភពលោកសារជាថ្មី «រាំម៉ាឌីហ្សុនច្រើនជាងគេ» ជាមួយនឹងចំនួនអ្នកចូលរួមរាំរហូតដល់ ៤៩៩៩ នាក់

ខេត្តសៀមរាប៖ កម្ពុជាបានបំបែកឯតទគ្គកម្មពិភពលោកសារជាថ្មី «រាំម៉ាឌីហ្សុនច្រើនជាងគេលើពិភពលោក» ដែលមានអ្នកចូលរួមរាំច្រើនជាងគេដោយជោគជ័យជាថ្មីម្ដងទៀត ដោយមានចំនួនអ្នកចូលរួមរាំសរុប ៤៩៩៩ នាក់ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ដឆ្នាំ២០២៣ នៅទីតាំងព្រះលានជល់ដំរី នាម៉ោង ១០ និង ៣៦នាទីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣នេះ ដោយបានបំបែកលើចំនួនឯតទគ្គកម្មដែលកម្ពុជាខ្លួនឯង បានរៀបចំ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៥ ក្នុងចំនួន២០១៥ នាក់ប៉ុណ្ណោះ។

គោលបំណងនៃការការបំបែកឯតទគ្គកម្មការរាំម៉ាឌីហ្សុនជាថ្មីម្តងទៀតនេះ គឺជាការបង្ហាញប្រាប់ពិភពលោកថា សាមគ្គីភាព សមត្ថភាព និងលទ្ធភាពរបស់កម្ពុជាមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃក្រោមពាក្យស្លោកថា “ខ្មែរធ្វើបាន”។ លើសពីនេះថែមទៀត កម្មវិធីបំបែកឯតទគ្គកម្មនេះ ក៏ត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរសាទរខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដោយនាំត្រឡប់មកវិញនូវទស្សនីយភាពដ៏អស្ចារ្យលំដាប់ថ្នាក់ពិភពលោក និងការចងចាំគួរជាទីមោទករបស់ប្រជាជនកម្ពុជា ក៏ដូចជាការបង្កើតឱកាសចូលរួមរាំលេងកម្សាន្តរបស់មហាជន និងភ្ញៀវទេសចរណ៍អន្តរជាតិក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំប្រតិការណ៍អង្គរសង្ក្រាន្តបានមានប្រសាសន៍ថា៖ «លើសពីការបំបែកឯតទគ្គកម្មពិភពលោក បំណងមួយបន្ថែមទៀត គឺជាការបង្កើតកម្មវិធីដែលនាំមកនូវប្រជាពលរដ្ឋគ្រប់ទិសទី គ្រប់កោសិកាសង្គម គ្រប់វ័យ ឬអាចនិយាយថា ការនាំភាពខុសគ្នា មករួមគ្នា ក្នុងចំណុចដូចគ្នា លះបង់ជាមួយគ្នា ក្នុងគោលដៅតែមួយ»។
សូមបញ្ជាក់ជូនផងដែរថា គិតរហូតមកដល់ថ្ងៃនេះ កម្ពុជាបានបង្កើតឯតទគ្គកម្មពិភពលោកថ្មី និងបំបែកឯតទគ្គកម្មពិភពលោក មានចំនួនរហូតដល់ទៅ ០៧ ដងហើយ ដែលនៅក្នុងនោះរួមមាន៖
១) ការបំបែក​ឯតទគ្គកម្ម​ពិពិភពលោក “រាំ​ម៉ាឌីហ្សូន” របស់ក្រុម​យុវជន
ចំនួន ៩២៩​នាក់ ដោយ​គណៈកម្មការ​ហ្គីនណេស(Guinness World Records) នៅ​មុខ​វត្ត​បទុមវត្តី កាលពី​ថ្ងៃ​ទី​២៨​ ខែ​មេសា ២០១២។
២) ការបង្កើតឯតទគ្គកម្ម​ពិភពលោក “នំអន្សម​យក្ស​ក្នុងកំណត់​ត្រាពិភពលោក” របស់ក្រុមសមាគមន៍ចុងភៅកម្ពុជា ដែលបានបង្កើតនំ​អន្សម​យក្ស​ទម្ងន់​៣,២តោន ដែលមានមុខកាត់​១ម៉ែត្រ និង​បណ្តោយ​៥ម៉ែត្រ ដោយ​គណៈកម្មការ​ហ្គីនណេស (Guinness World Records) នៅមុខ​ទីលានជល់​ដំរី ខេត្ត​សៀមរាបកាលពីរសៀល​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៥។
៣) ការបំបែកឯតទគ្គកម្មពិលោក“រាំ​ម៉ាឌីហ្សូន” របស់ក្រុម​សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានចំនួនរហូតដល់ ២០១៥នាក់ ដោយ​គណៈកម្មការ​ហ្គីនណេស(Guinness World Records) នៅមុខ​ទីលានជល់​ដំរី ខេត្ត​សៀមរាប កាលពីថ្ងៃទី១៥ មេសា ២០១៥។
៤) ឯតទគ្គកម្ម“ក្រមាដែលវែងជាងគេលើពិភពលោក” បានចាប់ដំណើរការពីថ្ងៃទី១៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដោយកម្មវិធីទទួលបានភ្ញៀវចំនួនសរុប ៣៣៨,០៥០នាក់ ដែលក្នុងនោះមានអ្នកចុះឈ្មោះរៀនត្បាញចំនួន២២,៣១៥នាក់ និងអ្នកចូលរួមត្បាញក្រមា ១០០០ម៉ែត្រ ចំនួន១៩,៧៧១។ ប្រសិនបើយើងយកសរសៃរនិមួយៗ នៃក្រមានេះមកបន្តគ្នាតែមួយសរសៃរប្រវែងប្រមាណ ២,៩១២,៦២៥ម៉ែត្រ ដោយគណៈកម្មការឯកទគ្គកម្មពិភពលោក (Guinness World Records)។
៥) ការបំបែកឯតទគ្គកម្ម “ទូក ង វែងជាងគេលើពិភពលោក” ដែលផលិតដោយកូនខ្មែរ ដែលមានប្រវែងជិត១០០ម៉ែត្រ និងមានចំណុះទូកជិត២០០នាក់នោះ ត្រូវបានជាប់ឯតទគ្គកម្មពិភពលោក World Guinness Record ជាផ្លូវការ កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។
៦) ការបំបែកឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក» នៅប្រាសាទអង្គរវត្ត ដោយគណៈកម្មការឯកទគ្គកម្មពិភពលោក (Guinness World Records) នាវេលាម៉ោង ៤រសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។
៧) ការបំបែកឯតទគ្គកម្មពិភពលោកសារជាថ្មី «រាំម៉ាឌីហ្សុនច្រើនជាងគេ» ជាមួយនឹងចំនួនអ្នកចូលរួមរាំរហូតដល់ ៤៩៩៩ នាក់ ដោយ​គណៈកម្មការ​ហ្គីនណេស(Guinness World Records) នៅទីតាំងព្រះលានជល់ដំរី នាម៉ោង ១០ និង ៣៦នាទីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣នេះផងដែរ៕នាគស

ព័ត៌មានពេញនិយម