ខេត្តសៀមរាប៖ ប្រជាពលរដ្ឋក្រុងសៀមរាប បានធ្វើការរិះគន់ រថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលសួររឿងចំណាយមុននឹងសង្គ្រោះ ជនបរទេសម្នាក់មិនស្គាល់អត្តសញ្ញាណ បានដួលសន្លប់ ត្រង់ចំណុចខាងកើតនៅស្តុបស៊ីវត្ថា ខាងមុខអតីតធនាគារ ABA ស្ថិតនៅតាមបណ្ដោយផ្លូវសម្ដេចព្រះសង្ឃរាជ ទេព វង្ស ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយបង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៣កន្លងទៅនេះ។
ប្រជាពលរដ្ឋបានបញ្ចេញមតិ បែបរិះគន់ថា គេប្រទះឃើញបុរសខាងលើដួលសន្លប់ ជាច្រើនម៉ោងទៅហើយ តែរថយន្តសង្គ្រោះបន្ទាន់ (AMBULANCE) របស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅមិនទាន់ឃើញមកដល់ បើទោះបីជាមានវត្តមានអាជ្ញាធរមូលដ្ឋានសង្កាត់ស្វាយដង្គំ និងសមត្ថកិច្ចនគបាលក្រុងសៀមរាប បានអន្តរាគមន៍ទំនាក់ទំនងហៅយ៉ាងណាក៏ដោយ។
ប្រជាពលរដ្ឋបានឱ្យដឹងបន្តថា អ្វីដែលហួសចិត្តជាងនេះទៅទៀតនោះ នៅពេលដែលរថយន្តសង្គ្រោះបន្ទាន់ទៅដល់ មិនបានជួយសង្គ្រោះជនរងគ្រោះភ្លាមនោះទេ ប៉ុន្តែបែរជាសួរនាំទៅសមត្ថកិច្ច រកអ្នកចំណាយលើការដឹកជញ្ជូន និងព្យាបាលជនគ្រោះមុនទៅវិញ។ ក្រោយពីការជជែកគ្នាជាមួយសមត្ថកិច្ចមួយសន្ទុះមក ទើបគេឃើញរថយន្តសង្គ្រោះនោះ បានដឹកយកជនរងគ្រោះយកទៅ។ ប្រហែលប៉ុន្មានម៉ោងក្រោយមក ក៏ទទួលបានព័ត៌មានថា ជនរងគ្រោះរូបនោះបានស្លាប់អត់បងជីវិតទៅហើយ។
ក្នុងន័យរិះគន់ ស្ថាបនានេះប្រជាពលរដ្ឋបានបញ្ជាក់ថា ប្រសិនបើក្រុមការងាររថយន្តសង្គ្រោះមកទាន់ពេលវេលា ប្រហែលជាជនរងគ្រោះមិនស្លាប់នោះទេ។ ប៉ុន្តែបើទោះបីជាស្លាប់ ដោយការសង្គ្រោះយ៉ាងយកចិត្តទុកដាក់នោះ ក៏ក្រុមប្រជាពលរដ្ឋយើងមានការអស់ចិត្តអស់ថ្លើមផងដែរ។
ក្រុមប្រជាពលរដ្ឋក៍បានធ្វើការគោរពស្នើសុំ លោកប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងលោកប្រធានមន្ទីរពេទ្យបង្អែកខេត្ត មេត្តាជួយពិនិត្យមើលករណីនេះផង។
ជុំវិញរឿងរាវនៃការរិះគន់ របស់ក្រុមប្រជាពលរដ្ឋខាងលើ អង្គភាពសារព័ត៌មាន គូលែនដេលី នៅពុំទាន់ទទួលបានការបំភ្លឺ អំពីប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងជាពិសេសប្រធានមន្ទីរសុខាភិបាលខេត្ត លោក ក្រុស សារ៉ាត់ បាននៅឡើយទេ ព្រោះគ្មានលេខទំនាក់ទំនង៕នាគស