ខេត្តសៀមរាប៖ បុរសជនបរទេស ដែលប្រជាពលរដ្ឋ បានប្រទះឃើញដួលសន្លប់ ក្បែរភ្លើងស្តុបសុីវត្ថា ពេលនេះបានស្លាប់បាត់បង់ជីវិតហើយ។ នេះបើយោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ច ដែលបានឲ្យអង្គភាពសារព័ត៌មាន គូលែនដេលី យើងបានដឹងនៅរសៀលថ្ងៃនេះ។
ប្រភពពីសមត្ថកិច្ចថា ប្រជាពលរដ្ឋបានប្រទះឃើញបុរសជនជាតិបរទេស ដែលមិនស្គាល់អត្តសញ្ញាណម្នាក់ បានដួលសន្លប់ ត្រង់ចំណុចខាងមុខអតីតធនាគារ ABA ដែលស្ថិតនៅតាមបណ្ដោយផ្លូវសម្ដេចព្រះសង្ឃរាជ ទេព វង្ស ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយបង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង ១៥ និង ៣០ នាទីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ។
សមត្ថកិច្ចបន្តថា បន្ទាប់ពីទទួលបានដំណឹងភ្លាម សមត្ថកិច្ចមូលដ្ឋានសង្កាត់ស្វាយបង្គំ និងជំនាញនៃអធិការដ្ឋានក្រុងសៀមរាប បានចុះទៅដល់ទីតាំងកើតហេតុ និងបានទាក់ទងទៅរថយន្តសាម៉ុយ ដើម្បីនាំជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ។
សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីព្យាយាមសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយជាលទ្ធផលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។
រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅកុំទាន់អាចបញ្ជាក់អត្តសញ្ញាណជនរងគ្រោះបាននៅឡើយទេ។
សមត្ថកិច្ចក៍សូមអំពាវនាវ ដល់ម្ចាស់ផ្ទះស្នាក់ ផ្ទះសំណាក់ និង សណ្ឋាគារ ទាំងអស់នៅក្នុងក្រុងសៀមរាប សូមមេត្តាសហការជាមួយនឹងសមត្ថកិច្ច ដើម្បីផ្ដល់ជូននូវអត្តសញ្ញាណពិតប្រាកដរបស់ជនរងគ្រោះ៕នគស