រាជធានីភ្នំពេញ៖ ចាប់បានហើយអ្នកដែលអះអាងថា ខ្លួនពាក់ផ្កាយពីរ និងជាដៃស្តាំឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងដើរឆបោកប្រជាពលរដ្ឋយកលុយរត់ការចូលក្របខណ្ឌកងទ័ព។
ជនសង្ស័យដែលចាប់ខ្លួនឈ្មោះ ផន ច័ន្ទផានិត ត្រូវកងរាជអាវុធហត្ថក្រុងភ្នំពេញឃាត់ខ្លួន នៅចំណុចមុខផ្សារបុរីពិភពថ្មីកំបូល៣ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល។
បើតាមការបញ្ជាក់របស់សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះម្នាក់ សុំប្តឹងជនសង្ស័យឈ្មោះ ផន ច័ន្ទផានិត ពាក់ព័ន្ធករណីឆបោក និង ក្លែងឯកសារសារធារណៈ ដោយជនសង្ស័យបាន អះអាងចំពោះមុខជនរងគ្រោះថា ខ្លួនពាក់ស័ក្តិ ឧត្តមសេនីយ៍ទោ ជាដៃស្តាំ ឯកឧត្តម ហ៊ុន ម៉ាណែត គឺអាចជួយឲ្យ ជនរងគ្រោះចូលក្របខ័ណ្ឌបាន តែត្រូវប្រគល់ប្រាក់ ១០,០០០ដុល្លារជាមុនសិន។
បន្ទាប់មកជនសង្ស័យ បានឲ្យជនរងគ្រោះផ្ញើប្រវត្តិរូបផ្ទាល់ខ្លួន រូបថត និងឯកសារផ្សេងៗ ដើម្បីបំពេញបែបបទបញ្ចូលក្របខ័ណ្ឌ។
បន្ទាប់ពីបានទទួលបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ច.ក៏បានបើកការ ស្រាវជ្រាវជាបន្ទាន់ និងឈានទៅ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ផន ច័ន្ទផានិត នៅចំណុចមុខផ្សារបុរីពិភពថ្មីកំបូល៣ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល។ ជនសង្ស័យមានមុខរបរត្រឹមតែ ជាអ្នកគួកជេរដី និងជាតៃកុងឡានប៉ុណ្ណោះ ក្នុងនោះអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចាប់យក អាវុធខ្លីកែច្នៃ ០១ដើម ពុំមានម៉ាក និងឯកសារក្លែង មួយចំនួន ពីជនសង្ស័យផងដែរ។
ជនសង្ស័យ បានទទួលស្គាល់ថា ពិតជាបានទទួលប្រាក់ពីជនរងគ្រោះ ដើម្បីរត់ការចូល ក្របខ័ណ្ណពិតប្រាកដមែន ដែលការរត់ការចូលក្របខ័ណ្ឌនេះ គឺខ្លួនបានក្លែងឯកសារប្រគល់ឲ្យ ជនរងគ្រោះ និងបានទទួលលុយពីជនរងគ្រោះ ទើបតែបាន ៨,០០០ដុល្លារប៉ុណ្ណោះ ក៏ត្រូវជនរងគ្រោះចាប់ចំណុចខ្សោយបានថា ខ្លួនឆបោកតែម្តង។ បច្ចុប្បន្នជនសង្ស័យត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនិតិវិធី។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីដូចគ្នានេះដែរ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដែលធ្លាប់បានចែករំលែក នៅក្នុងផេកផ្ទាល់ខ្លួនរបស់ឯកឧត្តមថា ” ពីណាដែលយកឈ្មោះឯកឧត្តមទៅប្រើ ទោះជាជំនួយការឯកឧត្តមឬអ្វីក៏ដោយ ឲ្យតែធ្វើខុសច្បាប់ គឺចាប់ទៅមិនបាច់សួរយោបល់ទេ ហើយបើប្រាប់ឯកឧត្តម គឺឯកឧត្តម ប្តឹងថែមពីលើទៀត។
ដូច្នេះតាមរយៈសារ ដ៏មានតម្លៃ របស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ខាងលើនេះ គឺជាជំនួយស្មារតី ក្នុងការដាស់តឿន ដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសារធារណៈជនទូទៅ តោងប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ កុំឲ្យចាញ់បោកជនទុច្ចរិត ដោយត្រឹមតែឃើញរូបថត ដែលថតជាមួយថ្នាក់ដឹកនាំ ឬឥស្សរជនសំខាន់ណាមួយឲ្យសោះ៕ សុវណ្ណរាជ រតនា