រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារ ជូនដល់កីឡាករប្រដាល់ ប្រេស៊ីល លោក ធីអាហ្គូ តេយសឺរ៉ា ម៉ាឆាដូ (THIAGO TEIXEIRA MACHADO) និងភរិយា។
ដោយកាលពីថ្ងៃទី ៨ខែមេសាឆ្នាំ២០២៣ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបង្ហោះសារឱ្យដឹងតាមបណ្តាញសង្គម តេលេក្រាម ថា “ដើម្បីជាការលើកទឹកចិត្តខ្ញុំសូមចូលរួមជួយ ឧបត្ថម្ភ ដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីល នូវថវិកា ចំនួន ២០.០០០ ដុល្លារ។ មួយវិញទៀត ប្រសិនបើមិនខុសទាស់ ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីល ខ្ញុំនឹងស្នើទៅព្រះ មហាក្សត្រ ដើម្បីផ្តល់ សញ្ជាតិខ្មែរ ជូនកីឡាករ Thiago “។
កីឡាករមានដើមកំណើតនៅប្រទេសប្រេស៊ីល Thiago Teixeira បានធ្វើឱ្យគ្រប់គ្នា មានការភ្ញាក់ផ្អើល និងកោតសរសើរខ្លាំង បន្ទាប់ពីរូបគេ បានផ្តួលកីឡាកររបស់អង់គ្លេស Joe Craven ឱ្យសន្លប់ក្នុងទឹកទី២ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ កម្រិតពិភពលោក WMO (World Muaythai Organization) សម្រាប់ការប្រកួតតំណាងឱ្យកម្ពុជាជាលើកដំបូងកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣។
នៅពេលការប្រកួតបញ្ចប់ភ្លាម Thiago បានយកទង់ជាតិរបស់កម្ពុជាមកបង្ហាញ និងចងជាប់នៅក្រោយខ្លួនរបស់គេ។ សកម្មភាពបែបនេះ ក៏ព្រោះតែ Thiago កំពុងជាប់ចិត្តខ្លាំងជាមួយប្រដាល់គុនខ្មែរ បន្ទាប់ពីអ្នកប្រដាល់សញ្ជាតិប្រេស៊ីលម្នាក់នេះ បានទៅសិក្សា និងឃើញផ្ទាល់នឹងភ្នែកពីចម្លាក់គុនខ្មែរ នៅប្រាង្គប្រាសាទអង្គរកាលពីពេលថ្មីៗនេះ ដោយបញ្ជាក់ថា «គុនខ្មែរ» ជាក្បាច់គុនមានដើមកំណើតនៅកម្ពុជា៕សុវណ្ណរាជ