ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នឹងបន្តដឹកនាំខេត្តព្រះសីហនុ មួយអាណត្តិទៀតក្នុងដែនសមត្ថកិច្ចដដែល។ នេះយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។
ក្នុងព្រះរាជក្រឹត្យ តែងតាំងមុខតំណែងអភិបាលនៃគណៈអភិបាលខេត្ត សម្រាប់អាណត្តិទី២ ឯកឧត្តម គួច ចំរើន មានឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ អភិបាលនៃគណៈអភិបាល ដោយអាណត្តិទី២គឺចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧។
សូមរម្លឹកថា ឯកឧត្តម គួច ចំរើន ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជំនួសឯកឧត្តម យន្ដ មីន កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៩ ។ ឯកឧត្តម គួច ចំរើន បានចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ដែលត្រូវផ្ទេរភារកិច្ចពីអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម មកជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
ក្រោមការដឹកនាំរបស់ឯកឧត្តម គួច ចំរើន មួយអាណត្តិនៅខេត្តព្រះសីហនុ លោកទទួលបានការសរសើរពីប្រជាពលរដ្ឋយ៉ាងខ្លាំងថាជាអភិបាលគំរូមួយរូប កែប្រែមុខមាត់ខេត្តព្រះសីហនុ ឱ្យកាន់តែស្រស់ស្អាតនិងមានភាពទាក់ទាញ។
គូសបញ្ជាក់ថា មិនត្រឹមតែ ឯកឧត្តម គួច ចំរើន មានមុខតំណែងអភិបាលនៃគណៈអភិបាលខេត្ត សម្រាប់អាណត្តិទី២ ប៉ុណ្ណោះទេ ក្នុងនោះក៏មាន ឯកឧត្តម អ៊ុំ រាត្រី នឹងបន្តជាអភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មានឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ។ ឯកឧត្តម អ៊ុន ចាន់ដា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ជាអភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម៕