Sunday, November 24, 2024

ហួសចិត្ត ចៅកំហូចនាំបក្ខពួក គាស់ចូលក្នុងផ្ទះជីតារបស់ខ្លួន រួចលួចយកលុយអស់ជាង១ម៉ឺនដុល្លា និងខ្សែកមាស២ខ្សែ ខណៈដែលជីតា ររវល់តែទៅឆេងម៉េង 

ខេត្តតាកែវ៖ ចៅកំហូចនាំបក្ខពួកចំនួន ៣នាក់ គាស់ចូលក្នុងផ្ទះជីតារបស់ខ្លួន រួចលួចយកលុយអស់ជាង១ម៉ឺនដុល្លា និងខ្សែកមាន២ខ្សែ ខណៈដែលជីតារវល់តែទៅឆេងម៉េង១ថ្ងៃសោះ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣ និង ៣០នាទី ត្រង់ចំណុចផ្ទះរបស់លោក អ៊ុយ ម៉ៅ អាយុ ៦៩ឆ្នាំ ដែលត្រូវជាជីតារបស់ជនសង្ស័យម្នាក់ក្នុងចំណោម ៤នាក់ ស្ថិតក្នុងភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃ២ ខែមេសា ឆ្នាំ២០២៣កន្លងទៅនេះ។

លោក ឌុក ធីយ៉ា អធិការ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់បានអោយដឹង ក្រោយពីដឹងហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង ថាមានករណីជនសង្ស័យប្រដាប់ដោយកាំបិត បានធ្វើសកម្មភាពគាស់ទ្វារផ្ទះ គាស់ថតតុរបស់គាត់ និងលួចនូវ ខ្សែកមាសចំនួន ២ខ្សែ លុយចំនួន ១៤.៥០០ដុលា្ល រួចគេចខ្លួនបាត់នៅពេលដែលគាត់ និងក្រុមគ្រួសារចេញទៅឆេងម៉េងអស់ពីផ្ទះ។

លោកអធិការដ្ឋានស្រុកត្រាំកក់បានបន្តថា ក្រោយទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងសមត្ថកិច្ចរបស់លោក បានចុះធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣នេះ។ តែអ្វីដែលរិតតែហួសចិត្ត និងនឹកស្មានមិនដល់នោះគឺ ជនសង្ស័យម្នាក់ ក្នុងចំណោមនោះជាចៅរបស់ជនរងគ្រោះ។

លោក ឌុក ធីយ៉ា បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យទី១ មានឈ្មោះមូល ពិសិដ្ឋហៅពេជ្រ ភេទប្រុស អាយុ ១៦ ឆ្នាំ នៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពតត្រូវជាចៅបង្កើតជនរងគ្រោះ។

ជនសង្ស័យទី២ មានឈ្មោះ អុឹង សុភានុតភេទប្រុសអាយុ ១៧ ឆ្នាំនៅភូមិអូឈើនាងខាងលិច ឃុំអូរឈើនាង ស្រុកកំពង់ត្រាច។

ជនសង្ស័យទី៣ មានឈ្មោះ រ៉េន ចាន់យូរភេទប្រុសអាយុ១៧ ឆ្នាំនៅភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច និងជនសង្ស័យទី៤ មានឈ្មោះ ហេង មករា ភេទប្រុស អាយុ ១៧ ឆ្នាំ នៅភូមិរបងក្រាស់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាពិតជាបានធ្វើសកម្មភាព គាស់ផ្ទះ និងលួចយកនូវ សម្ភារៈ និងលុយដូចដែលជនរងគ្រោះបានរៀបរាប់ពិតប្រាកដមែន។

ជនសង្ស័យបន្តថា ក្រោយពីលួចបានលុយជីតា ជាង១ម៉ឺនដុល្លារ រួមនិងខ្សែក ២ខ្សែហើយ ពួកគេបានយកទៅស៊ីចាយហ៊ឺហា ទិញម៉ូតូ និងទិញទូរស័ព្ទអោយមិត្តភក្តិម្នាក់១គ្រឿងផងដែរ។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ កំពុងសាកសួរបន្ថែមនិងកសាងសុំណុំរឿងបញ្ជូនក្រុមជនសង្ស័យទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕សុវណ្ណរាជ រតនា

 

ព័ត៌មានពេញនិយម