Saturday, September 21, 2024

ករណីត្រីចិញ្ចឹមតាមបែរ ងាប់រាប់រយតោននៅខេត្តកំពង់ឆ្នាំង រកមូលហេតុឃើញហើយ

ខេត្តកំពង់ឆ្នាំង៖ ករណីត្រីចិញ្ចឹមតាមបែរ បានងាប់រាប់រយតោនកន្លងមកនេះ រកមូលហេតុឃើញហើយ ដោយមន្ត្រីជំនាញអះអាងថា បណ្តាលមកពីទីតាំងដាក់ចិញ្ចឹមត្រីទាំងនោះខ្វះអុកស៊ីសែន។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់​ និងនេសាទខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ដល់ត្រឹមព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ត្រីនៅតែបន្តងាប់ ប៉ុន្តែមិនច្រើននោះទេ។​ ហើយចំពោះមូលហេតុដែលបណ្តាលឱ្យត្រីចិញ្ចឹមងាប់យ៉ាងច្រើនបែបនេះដោយសារខ្វះអុកស៊ីសែន។

លោក លី ឡា បានឱ្យដឹងទៀតថា កាលពីថ្ងៃទី៦ មេសា ២០២៣ ក្រុមការងារខណ្ឌរដ្ឋបាលជលផល បានសហការជាមួយមន្រ្តីការរិយាល័យគ្រប់គ្រងជំងឺ និងសុខភាពវារីសត្វ នៃនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម បានចុះពិនិត្យទីតាំងត្រីងាប់នៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំ ហើយបានយកសំណាកទឹកមកវិភាគ និងធ្វើការសាកសួរពាក់ព័ន្ធនឹងបញ្ហាផ្សេងៗ ដែលបណ្តាលឱ្យត្រីងាប់នៅចំណុចខាងលើ។

លោកបញ្ជាក់ថា ក្រុមការងារបានចុះសិក្សាស្រាវជ្រាវ នៅទីតាំងចិញ្ចឹមត្រីចំនួន៣កន្លែងហើយលទ្ធផលបឋមបានបង្ហាញថា កម្រិតអុកស៊ីសែននៅក្នុងទឹកចិញ្ចឹមត្រី មានចំនួន១,២ មីលីក្រាម ក្នុង១លីត្រទឹក។ បរិមាណនេះមានកម្រិតទាបបំផុតសម្រាប់ត្រីមានស្រការ ដូចជាត្រីគ្រុំ ត្រីឆ្ពិន ត្រីព្រួល ត្រីព្រលូង និងត្រីអត់ស្រការ ដែលមិនមានប្រព័ន្ធដកដង្ហើមរងដូចជាត្រីក្រព័ទ្ធ និងត្រីខ្យាជាដើម។ សម្រាប់ត្រីប្រានិងត្រីពោឃើញថាមិនមានងាប់នោះទេ ដោយសារត្រីបានិងត្រីពោ ធន់ទៅនឹងកម្រិតអុកស៊ីសែនទាប ពីព្រោះពួកវាមានប្រព័ន្ធដកដង្ហើមរង។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឱ្យដឹងបន្ថែមទៀតថា ត្រីបានចាប់ផ្តើមងាប់តាំងពីថ្ងៃទី១ ដែលរហូតមកដល់នឹងពេលនេះ មានចំនួន១៦០បែ ក្នុងនោះ ត្រីខ្សាងាប់ចំនួន៩០បែ ស្មើនឹង២៧០តោន ត្រីឆ្តោងាប់ចំនួន២៥បែ ស្មើនឹង២៥តោន ត្រីចម្រុះបានងាប់ចំនួន៤៥បែ ស្មើនឹង៦៧តោន៕សុវណ្ណរាជ

ព័ត៌មានពេញនិយម