ខេត្តសៀមរាប៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ដែលបើកម៉ូតូប្រដេញកាប់និងគប់ បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូស្លាប់និងរងរបួស កណ្ដាលក្រុងសៀមរាបហើយ នៅរសៀលថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៣នេះ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញ របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានការណែនាំនិងដាក់បទបញ្ជា ពីលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ មានការសម្របសម្រួលពីឯកឧត្តម មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងដឹកនាំបញ្ជានូវកម្លាំងជំនាញផ្ទាល់ ដោយលោកវរសេនីយ៍ឯក សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបើកការស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ដែលបានប្រព្រឹត្ត ក្នុងករណី “ហិង្សាមានស្ថានទម្ងន់ទោស បណ្តាលឲ្យមរណភាពនៃជនរងគ្រោះ” នៅចំណុចរវង្វង់មូលព្រះរាជដំណាក់ ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបកាលពីវេលាម៉ោង ០១និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣កន្លងទៅ។
សមត្ថកិច្ចបានបន្តថា ជនសង្ស័យក្នុងករណីហិង្សានេះទី១ មានឈ្មោះ ឆាយ សាន់ទិក ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ (គ្មាន) កើតនៅភូមិអូរស្មាច់ ឃុំដើមជ្រៃ ស្រុកសំរោង ខេត្តឧត្តមានជ័យ ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិដកពោធ៌ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប និង ជនសង្ស័យទី២ មានឈ្មោះ សៅ ស៊ីវយុន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ បុគ្គលិកភោជនីយដ្ឋាន កើតនៅភូមិវាល ឃុំគោកចក ស្រុកសៀមរាប ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានបន្ថែមទៀតថា បន្ទាប់ធ្វើការឃាត់ខ្លួននិងសួរនាំ ជនសង្ស័យដែលមានឈ្មោះ ឆាយ សាន់ទិក បានឆ្លើយសារភាពថា រូបខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពខាងលើពិតប្រាកដមែន។ ដោយនៅយប់កើតហេតុឈ្មោះ អាដែន (មិនស្គាល់ត្រកូល) ភេទប្រុស អាយុ ១៧ឆ្នាំ បានបើកម៉ូតូម៉ាកហុងដាទ្រីម សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ កាំរាយ ឌុបរូបគេ ប្រដាប់ដោយដាវ ផ្លែដែក ដងដែករុំក្រណាត់ពណ៌លៀង ប្រវែងប្រហែល ១ម៉ែត្រ ចំណែកឈ្មោះ អាចិន (មិនស្គាល់ត្រកូល) អាយុ១៩ឆ្នាំ បានបើកម៉ូតូម៉ាកហុងដាទ្រីម សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ កាំសន្ទះពណ៌ខ្មៅ ឌុបឈ្មោះ អាតុង (មិនស្គាល់ត្រកូល) ប្រដាប់ដោយកាំបិតភ្គាក់ ផ្លៃដែក ដងឈើ មានប្រវែងប្រហែល ជាង១ម៉ែត្រ រីឯកឈ្មោះ សៅ សៀវយុន ភេទប្រុស អាយុ ១៩ឆ្នាំ និងបក្ខពួកផ្សេងទៀតប្រដាប់ដោយដុំថ្ម និងខ្សែក្រវ៉ាត់ បើកម៉ូតូប្រដេញជនរងគ្រោះ បណ្តាលឲ្យដួលម៉ូតូស្លាប់និងរងរបួសពិតមែន។
ដោយឡែកជនសង្ស័យដែលមានឈ្មោះ សៅ ស៊ីវយុន ក៍បានឆ្លើយសារភាពផងដែរថា នៅក្នុងសកម្មភាពល្មើសខាងលើ រូបគេបានបើកម៉ូតូម៉ាក NextII ពណ៌ស សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ សៀមរាប 1AO-5587 ឌុបឈ្មោះ គល់ ផានិត ហៅចែម ភេទប្រុស អាយុ ១៧ឆ្នាំ ប្រដេញជនរងគ្រោះពិតប្រាកដមែន លុះពេលជនរងគ្រោះបានដួលម៉ូតូ ពួកខ្លួននិងបក្ខពួកបាននាំគ្នាបើកម៉ូតូគេខ្លួនតែម្តង។
ជនសង្ស័យបញ្ជាក់ថា មូលហេតុដែលនាំឲ្យពួកគេដេញកាប់ទៅលើជនរងគ្រោះ គឺមកពីជនរងគ្រោះទាំង២នាក់ បានបើកម៉ូតូកាត់មុខពួកខ្លួនហើយរោទ៍សម្លេងខ្លាំងៗឌឺដងដាក់ពួកខ្លួន ទើបខ្លួនដេញកាប់តែម្តង។
សមត្ថកិច្ចក៍បានរំលឹកឱ្យដឹងផងដែរថា កាលពីវេលាម៉ោង ០១និង៤០នាទី រំលងអាធ្រាត ឈានថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣កន្លងទៅ មានករណីក្មេងទំនើងមួយក្រុមប្រដាប់ដោយ ដាវ កាំបិត ភ្គាក់ និងដុំថ្ម បានបើកម៉ូតូប្រដេញ ក្នុងគោលបំណងកាប់ និងគប់ទៅលើជនរងគ្រោះឈ្មោះ តាន់ រាត្រី ហៅកិញ ភេទប្រុស អាយុ ១៩ឆ្នាំ និងឈ្មោះ សឿប សាន់ ភេទប្រុស អាយុ ១៤ឆ្នាំ ចេញពីចំណុចមុខសណ្ឋាគារមហាសណ្ឋាគារអង្គរ (Grand Hotel) បត់ឡើងមកទិសខាងត្បូង ក្នុងល្បឿនលឿន ជិតដល់ចំណុចរង្វង់មូលព្រះរាជដំណាក់ ម៉ូតូជនរងគ្រោះម៉ាកហុងដាទ្រីម ពណ៌ក្រហម សេរីឆ្នាំ២០២១ (គ្មានស្លាកលេខ) បានបើកគេចទៅបុកនឹងឃឿនថ្នល់ ហើយរេទៅបុកបង្គោលដែក បណ្តាលឲ្យម៉ូតូប៉ើងទៅលើឃឿនផ្លូវខាងត្បូងរង្វង់មូល ដោយជនរងគ្រោះឈ្មោះ តាន់ រាត្រី ហៅកិញ ជាអ្នកជិះក្រោយរងរបួសធ្ងន់ និងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកអ្នកបើកឌុបឈ្មោះ សឿប សាន់ មានពាក់មួកសុវត្តិភាពរងរបួសស្រាល។
សមត្ថកិច្ចបន្តថា ក្រោយទទួលបានព័ត៌មាន កម្លាំងបានសហការជាមួយកម្លាំងនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ចុះពិនិត្យវិភាគកន្លែងកើតហេតុ និងពិនិត្យសាកសព និងបានប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយពេលទទួលបានដីកាសម្រេច ឲ្យបើកការស៊ើបអង្កេតបឋមលេខ ១៧០ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ពីស្ថាបនអយ្យការអមសាលាដំបូងខេត្តសៀមរាប កម្លាំងយើងបានបន្តការស៊ើបអង្កេតរហូតកំណត់មុខសញ្ញាជនសង្ស័យខាងលើបាន។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ខាងលើរួចមក ជំនាញបានធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យ ជាលទ្ធផលគឺ អវិជ្ជមាន។
បច្ចុប្បន្នជនសង្ស័យទាំងពីរខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ដើម្បីក៍សាងសំណុំរឿង ចាត់ការតាមនិតិវិធី ចំណែកបក្ខពួកដែលនៅសល់ សមត្ថកិច្ចក៍បាននិងកំពុងធ្វើការស្រាវជ្រាវ ដើម្បីនាំខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ផងដែរ៕នាគស