ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន២២គ្រួសារ ឃុំរុនតាឯក ចំនួន ១៩គ្រួសារ និងឃុំឃុនរាម ចំនួន ៣គ្រួសារ ដែលរលំផ្ទះ ចំនួន៦ខ្នង និងរបើកដំបូលចំនួន១៦ខ្នង កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣កន្លងទៅ។
លោកជំទាវ ទាង អេង ទៀសីហា ក្នុងនាមឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកជំទាវផ្ទាល់ក៍បានសំដែងនូវការសោកស្ដាយជាពន់ពេក ចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។
លោកជំទាវ ទាង អេង ទៀសីហា បន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ស្របតាមទិសស្លោកថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
ក្នុងឱកាសនោះដែរ លោកជំទាវ បានអំពាវនាវ លោកតា លោកយាយ អ៊ំពូមីង និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣។
សូមបញ្ជាក់ជួនផងដែរថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូននាពេលនោះរួមមាន៖ គ្រួសាររដែលលំផ្ទះទទួលបាន មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត១ ស័ង្កសី ១៦សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ស្កសរ១គីឡូក្រាម អំបិល១គីឡូក្រាម ប៊ីចេង១០កញ្ចប់តូច អង្ករ៣០គីឡូក្រាម និងថវិកា១សែន៥ម៉ឺនរៀលក្នុងមួយគ្រួសារ។
គ្រួសាររបើកដំបូលទទួលបាន មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត១ ស័ង្កសី ១០សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ស្កសរ១គីឡូក្រាម អំបិល១គីឡូក្រាម ប៊ីចេង១០កញ្ចប់តូច អង្ករ៣០គីឡូក្រាម និងថវិកា១សែនរៀលក្នុងមួយគ្រួសារផងដែរ។
បន្ទាប់ពីសំណេះសំណាល និងផ្ដល់អំណោយមនុស្សធម៌រួច លោកជំទាវ និងប្រតិភូអមដំណើរបានអញ្ជើញទស្សនកិច្ចក្នុងតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកនេះផងដែរ៕នាគស