ខេត្តសៀមរាប៖ តាមរបាយការណ៍បឋមបានឲ្យដឹងថា ខ្មាន់កាំភ្លើង ដែលអតីតជាប្តី បានបាញ់ទៅលើប្រពន្ធ បងថ្លៃនិងប្អូនថ្លៃ ហើយបាញ់ខ្លួនឯងតាមក្រោយ។
អំពើឃាតកម្មនេះ បានកើតឡើងនៅម៉ោងជិត៩ព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ លើគោលដៅចំនួន៣ ទីតាំងក្នុងក្រុងសៀមរាប ខេត្តសៀមរាប រួមមាន ទី១នៅផ្ទះរបស់ប្រពន្ធ ក្នុងក្រុមទី១ ភូមិតាវៀន សង្កាត់សាលាកំរើក និងនៅក្នុងផ្សារលើធំថ្មីចំនួន២ ទីតាំង។
សមត្ថកិច្ចក្នុងហេតុការណ៍ បានផ្តល់ព័ត៌មានបឋមថា គិតត្រឹមម៉ោង៩ និង ៣០នាទីព្រឹកថ្ងៃដដែល មានអ្នកស្លាប់២នាក់ និងរបួស២នាក់ ក្នុងនោះអ្នកស្លាប់ទី១ជាអតីតប្រពន្ធ ទី២ត្រូវជាប្អូនថ្លៃប្រុស ចំណែកឯអ្នករបួស ទី១ជាបងថ្លៃស្រី និងទី២ ជាជនដៃដល់។
សមត្ថកិច្ចបន្តថា តាមការស្រាវជ្រាវបឋម ពីដំបូងឡើយជនដៃដល់ចូលមកក្នុងផ្ទះបាញ់សម្លាប់ប្អូនថ្លៃប្រុស ដោយកាំភ្លើងខ្លីមិនទាន់ស្គាល់ម៉ាក និងចាក់សោរបង្ខាំងក្មេងស្រីម្នាក់ទុកក្នុងផ្ទះហើយចេញបាត់។
ពេលបន្ទាប់ជនដៃដល់ទៅបាញ់បងថ្លៃស្រី កំពុងលក់ ដូរក្នុងផ្សារលើ ហើយបន្តទៅបាញ់ប្រពន្ធដែលកំពុងលក់ដូរនៅផ្ទះក្នុងផ្សារលើដូចគ្នា រួចបាញ់ខ្លួនឯងតែម្តង។
សមត្ថកិច្ចបន្ថែមថា បន្ទាប់ពីកើតហេតុជន រងគ្រោះទាំងបងប្អូនថ្លៃ និងប្រពន្ធ រួមមកជនដៃដល់ ក៏បានព្យាយាមបាញ់សម្លាប់ខ្លួនឯងផងដែរ។
សមត្ថកិច្ចបញ្ជាក់ថាក្រោយមក ទាំងឈុនដៃដល់និងជនរងគ្រោះត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យ តែអកុសល ប្រពន្ធបានដាច់ខ្យល់ស្លាប់ ចំណែកឯប្អូនថ្លៃប្រុសដែលបាញ់សម្លាប់នៅក្នុងផ្ទះត្រូវបានស្លាប់នៅក្នុងត្លុកឈាមយ៉ាងអាណោចអាធម្មភ្លាមៗ។ត្រឹមម៉ោងជាង៩ព្រឹកថ្ងៃដដែល ស្លាប់២ និងរបួស២ ហើយមូលហេតុ ដែលបណ្ដាលឲ្យមានករណីឃាតកម្មនេះ សមត្ថកិច្ចបានសន្និដ្ឋានជំហ៊ានដំបូងថា អាចជារឿងគំនុំ។
ខណ:នេះ ក្រុមសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ចំណែកសកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕សុវណ្ណរាជ