Sunday, November 24, 2024

ហួសចិត្តណាស់ ! ខ្លួនជាប្រធានសហគម៍ និងអនុប្រធានភូមិ តែបែរជាឃុបឃិតគ្នា កាប់បំផ្លាញព្រៃឈើ ដកបង្ខិតបង្គោលព្រំ និងបំផ្លាញស្លាក់សញ្ញាហាមឃាត់ ក្នុងសហគមន៍ព្រៃខ្លុង ដែលខ្លួនការពារទៅវិញ

ខេត្តសៀមរាប៖ កម្លាំងជំនាញរដ្ឋព្រៃឈើសៀមរាប សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះស្រុកស្វាយលើ ចាប់ខ្លួនប្រធានសហគមន៍ម្នាក់ និងអនុប្រធានភូមិពពេលម្នាក់ ក្នុងករណីកាប់រំលំដើមឈើ ការដកបង្ខិតបង្គោលព្រំ និងបំផ្លាញស្លាក់សញ្ញាហាមឃាត់ ប្រព្រឹត្តនៅក្នុងសហគមន៍ព្រៃខ្លុង ដែលខ្លួនកំពុងការពារ ស្ថិតក្នុងភូមិត្រពាំងពពេល ឃុំតាសៀម​ ស្រុកស្វាយលើ ខេត្តសៀមរាប បញ្ជូនទៅតុលាការខេត្តសៀមរាប ហើយត្រូវបានបញ្ជួនទៅឃុំខ្លួនបណ្ដោះអាសន្ន បន្ទាប់ពីឆ្លងកាត់នីតិវិធីស៊ើបសួរ របស់ចៅក្រម វែង មួយគា នៅរសៀលថ្ងៃទី ៣១ ខែមីនាឆ្នាំ២០២៣នេះ។

ប្រភពពីសមត្ថកិច្ចបានដែរដឹងថា ជនសង្ស័យទី១មានឈ្មោះ ទិត សុខាក់ តួនាទីជាប្រធានសហគម៍ព្រៃខ្លុង និងជនសង្ស័យទី២មានឈ្មោះ សរ ឈាន ភេទប្រុស មានតួនាទីជាអនុប្រធានភូមិត្រពាំងពពេល។

សមត្ថកិច្ចបន្តថា មូលហេតុដែល ជនសង្ស័យខាងលើឃុបឃិតគ្នា កាប់បំផ្លាញព្រៃឈើនៅក្នុងដែនសហគមន៍ហាមឃាត់បែបនេះ គឺ មកពី ជនសង្ស័យបានផ្តើមគំនិតកសាងផ្លូវកាត់មុខសហគមន៍ ហើយខ្វះខាតថវិការ ឲ្យថ្លៃគ្រឿងចក្រធ្វើផ្លូវ នោះក៏បែកគំនិត លេងស្គាល់អ្វីខុសអ្វីត្រូវ ហើយចូលទៅកាប់ឈើលក់ដើម្បីយកថវិការសងគេតែម្ដងទៅ។

សមត្ថកិច្ចបញ្ជាក់ថា ក្រុមការងារចម្រុះ បានធ្វើការកោះប្រជុំជាមួយសមាជិកគណៈកម្មាការសហគមន៍ព្រៃឈើព្រៃខ្លុង ហើយស្រាវជ្រាវកំណត់មុខសញ្ញាអ្នកប្រព្រឹត្តបទល្មើស រួចក៍បានឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាំង និតិវិធីច។

ពាក់ព័ន្ធនឹងករណីនេះ លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី២៧រហូតដល់ថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៣កម្លាំងសមត្ថកិច្ចចម្រុះស្រុកស្វាយលើ និងខេត្តបានសហការគ្នាចុះពិនិត្យជាក់ស្តែងចំណុចទីតាំងឈូសឆាយកាប់រានផ្តួលរំលំដើមឈើមាន៤ចំណុចនៃនិយាមកា ស្ថិតក្នុងភូមិសាស្រ្តភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

លោក ម៉ុង ប៊ុនលីម បន្តថា ចំណុចទីតាំងទី១ បទល្មើសទន្រ្ទានដីព្រៃតំបន់ទ្រនាប់សហគមន៍អស់ទំហំប្រហែល១ហិកតា រុញផ្តួលរំលំដើមឈើដោយគ្រឿងចក្រដែលមានអង្កត់ផ្ចិតចាប់ពី៣០សង់ទីម៉ែត្រទៅ៤០សង់ទីម៉ែត្រ។ចំណុចទីតាំងទី២ បទល្មើសទន្រ្ទានដីព្រៃចូលក្នុងសហគមន៍ព្រៃឈើអស់ទំហំ០,៥ហិកតារុញផ្តួលរំលំដើមឈើដោយគ្រឿងចក្រមានអង្កត់ផ្ចិតពី៣០ទៅ៤០សង់ទីម៉ែត្រ។ចំណុចទីតាំងទី៣ និងទី៤ ឃើញមានកាប់ផ្តួលរំលំដើមឈើដោយរណាយន្ត មានអង្កត់ផ្ចិតពី៣០ទៅ៦០សង់ទីម៉ែត្រ និងមានកំពស់ពី១០ទៅ២៥ម៉ែត្រ។

លោក ម៉ុង ប៊ុនលីម បានបញ្ជាក់ថា ប្រភេទឈឺដែលរងការកាប់បំផ្លាញទាំងនោះរួមមាន ឈើធ្នង់ ផ្ចឹក សុក្រម ឈ្លីក ស្វាយព្រៃ ខ្លុង ខ្វាវ ដែលសរុបទាំងអស់មានចំនួន១.២២៥ដើម។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តសៀមរាប បានឲ្យដឹងថា សហគមន៍ព្រៃឈើ ភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៣ មកម្ល៉េះ វាត្រូវបានគ្របដណ្ដប់ទៅលើផ្ទៃដី ១.១៣៦ ហិកតា ដែលត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញប្រកាសទទួលស្គាល់ជាផ្លូវការកាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៧។

លោក ទា គឹមសុទ្ធ បន្តថា ដោយឃើញសក្តានុពលព្រៃឈើជាប់តំបន់ព្រៃសហគមន៍មានលក្ខណៈល្អប្រសើរ រដ្ឋបាលព្រៃឈើនិងសមាជិកសហគមន៍ព្រៃឈើបានឯកភាពគ្នាពង្រីកផ្ទៃដីជាតំបន់ទ្រនាប់ព្រៃសហគមន៍ ទំហំ១៣២ ហិកតាបន្ថែមទៀត ដោយបោះបង្គោលព្រំប្រទល់ និង ដាក់ស្លាកសញ្ញាតាមព្រំប្រទល់ផ្ទៃដីដែលបានពង្រីករួចផងដែរ។

លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទបញ្ជាក់ថា រាល់បទល្មើសដែលតែងតែកើតមានការកាប់រលំដើមឈើភាគច្រើន គឺកើតមាននៅតំបន់ទ្រនាប់ព្រៃសហគមន៍ ដែលមានទំហំ ១៣២ ហិកតា៕នាគស

ព័ត៌មានពេញនិយម