Sunday, November 24, 2024

លោកស្នងការរងខេត្ត​ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការ បង្ការទប់ស្កាត់ អំពើលួច ឆក់ ក្មេងទំនើង ដើម្បីធានាសុវត្ថិភាព ជួនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ

ខេត្ត​សៀមរាប៖ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការ បង្ការទប់ស្កាត់ អំពើលួច ឆក់ និងក្មេងទំនើងក្នុងខេត្តសៀមរាប ដោយមានចូលរួមពី លោកស្នងការរង លោកនាយការិយាល័យ និងលោកអធិការនគរបាលក្រុង-ស្រុកទាំង១២ កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ត្រី បានឲ្យដឹងថា កិច្ចប្រជុំនេះគឺធ្វើឡើង ដើម្បីត្រួតពិនិត្យឡើងវិញ នូវផែនការបង្ការទប់ស្កាត់ អំពើលួច ឆក់ និងក្មេងទំនើងក្នុងខេត្តសៀមរាបរបស់យើង ដែលបានបានដាក់ចេញរួចមកហើយ។
លោកស្នងការរង បានបន្តថា នៅក្នុងខែមេសាខាងមុខនេះ ខេត្តសៀមរាបនឹងប្រារព្ធប្រតិការណ៍អង្គរសង្ក្រាន្ត ដែលនឹងមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំក្រសួងនានា នៃរាជរដ្ឋាភិបាល និងមានការអបអរសាទរ ដោយប្រជាពលរដ្ឋ មកពីគ្រប់មជ្ឈដ្ឋាន គ្រប់ជាតិសាសន៍ផងនោះ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវតែប្រាកដថាធានាបាននូវសុខសុវត្ថិភាព មួយរយភាគរយ។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ក៍បានធ្វើការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ច បានល្អនាពេលកន្លងមក របស់លោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុកទាំង១២ ព្រមទាំងមន្ត្រីនគរបាលទូទាំងខេត្ត និងបានជំរុញបន្ថែមនូវផែនការ បង្ការទប់ស្កាត់ អំពើលួច ឆក់ ក្មេងទំនើង ជាពិសេសធានានូវសុខសុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋឲ្យខានតែបាន៕នាគស

ព័ត៌មានពេញនិយម