Saturday, September 21, 2024

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណី អំពើលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តសៀមរាប៖​ ក្រោមការចង្អុលបង្ហាញ របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ដា ចំរើន អធិការ នៃអធការដ្ឋាននគរបាលក្រុងសៀមរាប​ បានដឹកនាំបញ្ជាផ្ទាល់កម្លាំងជំនាញ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធនឹងករណី អំពើលួច (លួចទូរស័ព្ទ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះជួល ក្នុងភូមិកន្រ្តក សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៣។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន ទី១មានឈ្មោះ​ ហ៊ុប ហាវ ហៅក្រឡោត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅ ខេត្ត ឧត្តមានជ័យ និងទីលំនៅបច្ចុប្បន្ននៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ( ធ្លាប់ជាប់ពន្ធនាគារករណីគ្រឿងញៀន )។
ជនជនសង្ស័យទី២មានឈ្មោះ ក្រឹម​ ប៉ូច ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្ននៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប( ធ្លាប់ជាប់មណ្ឌលកែប្រែករណីគ្រឿងញៀន )។
សមត្ថកិច្ចបន្តថា ការឃាត់ខ្លួននេះធ្វើឡើងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ឈ្មោះ ឆ.ស.រ ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅភូមិកើតហេតុ។
តាមការបំភ្លឺពីជនរងគ្រោះបានឲ្យថា មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចទូរស័ព្ទរបស់គាត់ម៉ាក OPPO ចំនួន០១គ្រឿង និងម៉ាក Realme ចំនួន០១គ្រឿង។
ជនរងគ្រោះបន្តថា ក្រោយពីបាត់​ទូរស័ព្ទ​ គាត់បានស្វែងរក និងហៅទៅកាន់លេខទូរស័ព្ទរបស់ខ្លួនជាច្រេីនលេីកច្រេីនសារ​ ប៉ុន្តែចូលហើយ មានអ្នកចុចបិទវិញ លុះវេលាម៉ោង០៦ និង០០នាទី មានប្រជាពលរដ្ឋបានទូរស័ព្ទមកគាត់ថា មានជនសង្ស័យយកទូរស័ព្ទមកលក់ឲ្យខ្លួន។
តាមការបំភ្លឺប្រជាពលរដ្ឋ ជាអ្នកទិញ-លក់ទូរស័ព្ទសុំមិនបញ្ចេញឈ្មោះ ដែលអ:អាងថា មានជនសង្ស័យយកទូរស័ព្ទមកលក់ឲ្យគាត់បានឲ្យដឹងថា ពិតជាមានជនសង្ស័យយកទូរស័ព្ទមកលក់ឲ្យគាត់មែន ហើយក្នុងពេលនោះគាត់ឃើញទូរស័ព្ទដែលជនសង្ស័យកាន់មានគេខលមកច្រេីនលេីក ហើយជនសង្ស័យចុចបិទ បន្ទាប់មកគាត់ក៏មើលទូរស័ព្ទជនសង្ស័យ ហើយលួចកត់លេខដែលខលនោះទុក រួចប្រាប់ទៅជនសង្ស័យថា មិនទិញទេ។ ប្រជាពលរដ្ឋរូបនោះបានបន្តថា ក្រោយពីជនសង្ស័យចេញទៅបាត់ គាត់ក៏ខលប្រាប់មកជនរងគ្រោះតាមរយៈលេខដែលបានកត់ទុក ហើយដើម្បីរាយការណ៍ជួនសមត្ថកិច្ច។
សមត្ថកិច្ចបន្ថែមថា កម្លាំងជំនាញបានស្រាវជ្រាវនៅតូបលក់ទូរស័ព្ទខាងលើ ដែលខលប្រាប់មកជនរងគ្រោះ ហើយក៏កំណត់មុខសញ្ញាបាន រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ ដែលកំពុងប្រើប្រាស់ថ្នាំញៀនខុសច្បាប់​ រួមជាមួយវត្ថុតាង(ទូរស័ព្ទ)ហើយយកមកសួរនាំ ។
សមត្ថកិច្ចបបន្តបន្ថែមថា ក្រោយពីសួរនាំជនសង្ស័យឈ្មោះ​ ក្រឹម ប៉ូច បានឆ្លើយសារភាពថា ទូរស័ព្ទខាងលើ គឺបក្ខពួកខ្លួន(គេចខ្លួន)ជាអ្នកលួចហើយឲ្យរូបខ្លួនយកទៅលក់ ចំណែកឯជនសង្ស័យឈ្មោះ​ ហ៊ុប ហាវ ហៅឡោត បានឆ្លើយសារភាពថា ខ្លួនបានដឹងដែរថាបក្ខពួកខ្លួនលួចទូរស័ព្ទ ហើយខ្លួនបានទិញទូរស័ព្ទ បន្តពីបក្ខពួកផងដែរ ។
សមត្ថកិច្ចបញ្ជាក់ថា ក្នុងប្រត្តិបត្តិការនេះ ជំនាញបានដកហូតវត្ថុតាងរួមមាន៖
-ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៧ -ទូរស័ព្ទដៃចំនួន០២គ្រឿង។
កម្លាំងជំនាញបានធ្វើតេស្ដរកសារធាតុញៀនទៅលេីជាលទ្ធផល វិជ្ជមាន(ជាតំរុយមេតំហ្វេតាមីន) ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ចំណែកបក្ខពួកដែលរត់គេចខ្លួន សមត្ថកិច្ចនៅបន្តស្រាវជ្រាវដើម្បីនាំខ្លួនមកទទួលទោសតាមច្បាប់៕នាគស

↘️ប្រសិនបើ​ បងប្អូនប្រជាពលរដ្ឋជួបបញ្ហារអសន្តិសុខ សូមទាក់ទងមកលេខប្រចាំការ២៤ម៉ោង/២៤ម៉ោង
️ ☎️ ០៩៧ ៧៧៨ ០១២៣ / ០១២ ៤៦០​ ៥៧០

ព័ត៌មានពេញនិយម