Friday, September 6, 2024

ព្រះករុណាព្រះមហាក្សត្រ ស្តេចយាងមកដល់ខេត្តសៀមរាប ដើម្បីប្រទានព្រះអគ្គិជ័យកីឡានៅថ្ងៃស្អែក

ខេត្តសៀមរាប៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងមកដល់ទឹកដីដ៏បវរនៃខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៣នេះ។

ការយាងរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នាពេលនេះគឺដើម្បីប្រារព្ធព្រះរាជពិធី ព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៏ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៣ ខាងមុខនេះ។

ព្រះរាជដំណើរយាង របស់ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅពេលនោះ គេសង្កេតឃើញថាមាន ដង្ហែតាមអង្គព្រះមហាក្សត្រ ដោយមន្ត្រីព្រះបរមរាជវាំង មន្ត្រីរាជរដ្ឋាភិបាល និងក្រាបបង្គំទូលយាងដោយ អភិបាលខេត្ត មន្ត្រីរាជការទូទាំងខេត្តសៀមរាប សិក្សានុសិស្សផងដែរ។

ប្រជារាស្រ្តជាបងប្អូន កូនចៅ ចៅទួត របស់ព្រះអង្គ ទោះយ៉ាងខេត្តសៀមរាបមានសេចក្តីរំភើបរីករាយដោយឥតឧបមា សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លាបំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះការយាងមកដល់ទឹកដីបវរ និងសំបូរទៅមរតកវប្បធម៌របស់ខ្មែរ។

ប្រជារាស្រ្តរបស់ព្រះអង្គ សូមថ្វាយព្រះសព្ទសាធុការពរដ៏បវរមហាប្រសើរ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រះតេជបារមីនៃអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ និងទេវតាគ្រប់ព្រះអង្គក្នុងលោក មានទេវតាថែរក្សាព្រះមហាស្វេត្រច្ឆត្រ ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយបីបាច់រក្សា និងថ្វាយព្រះពរជ័យសិរីមង្គល វិបុលសុខដ៏បវរមហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពដ៏ល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងមានព្រះជន្មយឺនយូរ ជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ដល់បងប្អូន កូនចៅរបស់ព្រះអង្គជាដរាបតរៀងទៅ៕នាគស

ព័ត៌មានពេញនិយម