ខេត្តសៀមរាប៖ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានសភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី 20 ខែមីនាឆ្នាំ 2023 នេះ បានថ្លែងបែបសុទិដ្ឋិនិយម ពាក់ព័ន្ធទៅនឹងរឿងរ៉ាវ លោក ឯម រៀម ក្នុងរូបភាពសម្លៀកបំពាក់ (ដោយច្នៃចេញពីហូលខ្មែរ) បែបពាក់កណ្តាលខ្លួនក្នុងកម្មវិធីពានរង្វាន់ Pleng Music Award ឆ្នាំ២០២៣ ដែលផ្ទុះការភ្ញាក់ផ្អើល ដល់មហាជនទាំងក្នុងនិងក្រៅប្រទេស បញ្ចេញមតិរិះគន់ជេរប្រមាថ ក៏ដូចជាមានបងប្អូនខ្លះ ក៍ចូលមកសរសើរនិងលើកទឹកចិត្ត នាពេលថ្មីៗនេះផងនោះ។
តាមរយៈករណីផ្ទាល់ខ្លួនរបស់ ឯកឧត្តម ហ៊ុន ម៉ានី បានឱ្យដឹងថា “ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់នូវការផ្លាស់ប្តូរយោបល់គ្នាក្នុងចំណោមសាធារណជន ស្តីពីការបង្ហាញខ្លួនរបស់លោក ឯម រៀម ក្នុងរូបភាពសម្លៀកបំពាក់ (ដោយច្នៃចេញពីហូលខ្មែរ) បែបពាក់កណ្តាលខ្លួនក្នុងកម្មវិធីពានរង្វាន់ Pleng Music Award ឆ្នាំ២០២៣”។
ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា “ខ្ញុំផ្ទាល់យល់ថា ការបញ្ចេញទស្សនៈទាំងនោះ ពិតជាមានតម្លៃ ប៉ុន្តែយើងមិនគួរឲ្យការបញ្ចេញយោបល់ទាំងនោះ ក្លាយជាទំនាស់ ការរិតត្បិត ឬការបែកបាក់ណាមួយក្នុងសង្គមយើងឡើយ”។
ឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានបញ្ជាក់ថា “ក្នុងន័យនេះ ខ្ញុំសូមស្នើឲ្យសាធារណជន មេត្តាចៀសវាងនូវការខ្វែងយោបល់គ្នានេះ ដោយគួរត្រឡប់មកស្វែងយល់បន្ថែមពីជំហរ និងភាពផ្សេងគ្នានៃគំនិត”។
ឯកឧត្តម ហ៊ុន ម៉ានី ក៏បានបញ្ជាក់បន្ថែមថា “ជាមួយគ្នានេះ ខ្ញុំក៏សង្ឃឹមដែរថា អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងសេនាធិការ អ្នករៀបចំកម្មវិធី រួមទាំងទាំងបុគ្គល ដែលជាកម្មវត្ថុផ្ទាល់ នឹងសហការសម្របសម្រួលលើកិច្ចការនេះ ដើម្បីរកចំណុចរួម ដែលជាប្រយោជន៍សម្រាប់ជាតិយើងទាំងអស់គ្នា”។
សូមរំលឹកផងដែរថា កាលពីពេលកន្លងទៅនេះ លោក ជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត ប្អូនស្រីជាទីស្រឡាញ់របស់ សម្ដេចតេជោ ក៏ធ្លាប់បានលើកឡើងផងដែរថា “បងប្អូនមីសុីស្បែកជើង សុីគ្រាប់បែកសុីពោះវៀនកង់ ដូចខ្វះណាស់អីវប្បធម៌ខ្មែរដែលល្អផូរផង់មិនព្រមយកមកបង្ហាញបរទេសទេ ចូលចិត្តតែចម្លងអាសិល្បៈបែបៗពួកលោកខាងលិចយកមកបំពុលសង្គមទៅវិញ”។
លោកជំទាវ ហ៊ុន ស៊ីណាត បានបន្តថា “អាគាត់ហ្នឹងឃើញធ្វើបែបៗនេះយូរហើយមិនដឹងថាគាត់ហ្នឹងមានខ្សែពួរខាងណាបានជាក្រសួងពាក់ព័ន្ធមិនហ៊ានក្អកទុកឲ្យបំពុលសង្គមមិនចេះឈប់សោះ”។
ទោះបីជាយ៉ាងណាសាធារណជន កំពុងតែរង់ចាំមើល ថាក្រសួងពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច និងបុគ្គល ដែលជាកម្មវត្ថុផ្ទាល់ នឹងសហការសម្របសម្រួល លើកិច្ចការនេះ ដើម្បីរកចំណុចរួម ដែលជាប្រយោជន៍សម្រាប់ជាតិយើងទាំងអស់គ្នា ទៅតាមអ្វីដែលជាការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឬក៏យ៉ាងណា?
ប្រជាពលរដ្ឋ សុទ្ធសឹងតែបានយល់ច្បាស់អំពីវត្ថុបំណង របស់លោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត និងឯកឧត្តមតំណាងរាស្ត្រ ហ៊ុន ម៉ានី គឺធ្វើឡើងក្នុងចេតនា នាំមកនូវសុខដុមបនីយកម្ម វឌ្ឍនភាព ឧត្តមភាព អភិវឌ្ឍន៍ប្រកបដោយការអភិរក្ស សម្រាប់សង្គមជាតិយើងទាំងមូល៕នាគស