Sunday, November 24, 2024

ពិធីបិទសិក្ខាសាលា​ ស្តីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន”

ខេត្តសៀមរាប៖ អង្គសិក្ខាសាលា ស្តីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលនយោបាយព័ត៌មាន” ជូនដល់ មន្ទីរ ស្ថាប័នពាក់ព័ន្ធ មន្ត្រីរាជការ មកពីខេត្តចំនួន ៤ រួមមានខេត្តសៀមរាប ,ខេត្តឧត្តរមានជ័យ ,កំពង់ធំ និង ខេត្តព្រះវិហារ ប្រមាណជាង ២០០ នាក់ ធ្វើឡើងនៅសាលប្រជុំសាលាខេត្តសៀមរាប ដែលបានដំណើរការអស់រយៈពេល​ ២ថ្ងៃមកហើយនោះ ត្រូវបានធ្វើពិធីបិទបញ្ចប់ ក្រោមអធិបតីភាពឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និង លោកស្រី ម៉ននី រងី្ស អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ។

នាឱកាសនោះ ឯកឧត្តម ផៃ ស៊ីផាន បានលើកឡើងថា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តពង្រឹងការអនុវត្តតួនាទីភារកិច្ចស្នូលរបស់ខ្លួន ដោយឆន្ទៈប្តេជ្ញាយ៉ាងមុះមុត ចូលរួមចំណែកលើអភិបាលកិច្ចល្អ ក្នុងវិស័យព័ត៌មាន ដើម្បីការពារសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍដ៏ផុសផុល ក្រោមមគ្គុទេសភាពដ៏ប៉ិនប្រសប់ និងឈ្លាសវៃបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ឯកឧត្តម បានចាត់ទុកថា សិក្ខាសាលាស្ដីពី «ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន» ដែលជាមានគោលការណ៍ ក្នុងកិច្ចពង្រឹងនិងរំលេចការយល់ ដឹងដល់ប្រជាពលរដ្ឋ នូវរាល់អន្តរវិស័យ នៅជុំវិញរដ្ឋបាលខេត្ត ដែលបានផ្តល់សេវាសាធារណៈ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាមួយនឹងកិត្យានុភាព ឧត្តមភាពនៃការដឹកនាំរាប់តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិផងដែរ។ ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី បានបន្តទៀតថា ជាមួយនឹងស្មារតី នៃបទពិសោធន៍ជាមូលដ្ឋានគ្រឹះ នៃវិស័យព័ត៌មានរបស់រដ្ឋ ក្នុងទិសដៅកសាងឲ្យបាននូវអភិបាលកិច្ចល្អ លើវិស័យព័ត៌មានថ្នាក់ក្រោមជាតិ និង ដើម្បីជម្រុញប្រសិទ្ធភាពនៃការផ្សព្វ ផ្សាយបំផុសព័ត៌មាន ឲ្យកាន់តែនៅកៀកប្រជាពលរដ្ឋគ្រប់មធ្យោបាយ ក្នុងការបំផុសនិងរំលេចនូវផលប្រយោជន៍ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អភិបាលកិច្ចល្អ ក្នុងវិស័យព័ត៌មាន គឺកិច្ចពង្រឹងវេទិកាសន្ទនាឆ្លើយឆ្លង រវាងមន្ត្រីព័ត៌មាន និង មន្ទីរវិស័យជំនាញជុំវិញរដ្ឋបាលខេត្ត ដើម្បីផ្ដល់ការយល់ដឹងដល់សាធារណជន ឈានទៅការបង្កើតបាននូវលំហនៃតម្លាភាព គណនេយ្យភាព និងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ។

ដើម្បីបង្កើនចំណេះដឹង និង បទពិសោធន៍ថ្មីៗ បន្ថែមទៀត សំដៅលើកកម្ពស់ ពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន សម្រាប់ការប្រាស្រ័យទំនាក់ទំនង ជាមួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន និងមជ្ឈដ្ឋាននានា ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងសមធម៌ ដោយធ្វើការបំផុស រំលេច សមិទ្ធផលសម្រេចបានពិតៗ និងគោលការណ៍ផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ជាពិសេសរំលេចនូវស្នាដៃដ៏ធំធេង ជាមរតកប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នូវសំខាន់ៗ ដែលជាស្នាដៃប្រវត្តិសាស្ត្រ ផ្តើមចេញពីរណសិរ្សរួបរួមជាតិ ដើម្បីសង្គ្រោះជាតិ និងអាយុជីវិត ប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ និង រណសិរ្ស ដើម្បីបញ្ចប់សង្គ្រាម ស្វែងរកដំណោះស្រាយនយោបាយរួមមួយ នៃជម្លោះប្រដាប់អាវុធនៅកម្ពុជា ឈានទៅសម្រេចបាន នូវកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស នៅថ្ងៃទី២៣ តុលា ១៩៩១ ។ ព្រមទាំងគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាល និង ការអនុគ្រោះ យោគយល់ សម្រាប់ជនតាំងខ្លួនជាអ្នកភៀសខ្លួននយោបាយ ក្នុងការធ្វើមាតុភូមិនិវត្តន៍ និងការរួបរួមជាតិ ដើម្បីវឌ្ឍនភាពរួម ក្នុងទិសដៅឆ្នាំ២០៣០ និងឆ្នាំ២០៥០ ។

ក្នុងនោះ ឯកឧត្តមក៏បានលើកឡើងនូវបទពិសោធន៍ និង អនុសាសន៍ល្អៗ ដើមី្បជាមូលដ្ឋានគ្រឹះសម្រាប់មន្ត្រី ជាអ្នកនាំពាក្យរដ្ឋបាលខេត្ត និង មន្ទីរ អង្គភាពជុំវិញខេត្តទាំង៤ យកទៅអនុវត្ត ព្រមទាំងមានជំនឿយ៉ាងមុតមាំផងដែរថា ក្រោយពីបញ្ចប់អង្គសិក្ខាសាលានេះទៅ សិក្ខាកាមទាំងអស់នឹងទទួលបានជោគជ័យ និង ផ្លែផ្កាដ៏ត្រចះត្រចង់ ដើម្បីចូលរួមសម្រេចបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងកិច្ច ថែរក្សា ការពារ សុចរិត នៃផលប្រយោជន៍រួមរបស់ជាតិក៏ដូចជាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ ដែលជាឆន្ទៈមុះមុត របស់រាជរដ្ឋាភិបាល រួមគ្នាជាមួយប្រជាពលរដ្ឋរបស់យើង ៕

ព័ត៌មានពេញនិយម