ខេត្តសៀមរាប៖ រឿងរ៉ាវដ៏គួរឱ្យហួសចិត្ត ស្ត្រីជនជាតិចិនម្នាក់ សង្ស័យថាបានចាញ់បោក អ្នកប្ដូរប្រាក់ក្នុងទឹកដីថៃ មិនច្បាស់ទីតាំង ខណៈពេលដែលស្ត្រីរូបនោះ បានធ្វើដំណើរឆ្លងដែនពីប្រទេសថៃមកប្រទេសកម្ពុជា ហើយព្យាយាមធ្វើការប្ដូរប្រាក់ ពីប្រាក់បាតមកជាប្រាក់ដុល្លារ តែអ្វីដែលគាត់ទទួលបានមកនោះ គឺទឹកប្រាក់ចំនួន ៤០០ដុល្លារសហរដ្ឋអាមេរិក សម្រាប់សែនខ្មោចទៅវិញ។ នេះបើយោងតាមការឲ្យដឹង ពីសមត្ថកិច្ចនៃនាយកដ្ឋានអន្តោប្រវេសន៍ខេត្តសៀមរាប នៅរសៀលថ្ងៃទី ១១ ខែមីនាឆ្នាំ ២០២៣ នេះ។
សមត្ថកិច្ចបានបន្តថា ស្ត្រីចិនរូបនេះបានមកស្វែងរកជំនួយពីសមត្ថកិច្ច ខណៈរូបគាត់បញ្ជាក់ថា បានចាញ់បោកអ្នកប្ដូរប្រាក់ នៅខាងទឹកដីនៃប្រទេសថៃ ក្នុងពេលដែលគាត់ធ្វើដំណើរពីប្រទេសថៃមកប្រទេសកម្ពុជា កាលពីពេលកន្លងទៅ។
សមត្ថកិច្ចបានបញ្ជាក់ថា រឿងនេះពុំមែនស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជានោះឡើយ ពីព្រោះអីរូបគាត់បានប្ដូរប្រាក់នៅក្នុងទឹកដីថៃ ដូច្នេះសមត្ថកិច្ចបានធ្វើការណែនាំឲ្យរូបគាត់ អាចអញ្ជើញត្រឡប់ទៅដាក់ពាក្យបណ្ដឹងនៅខាងទឹកដីនៃប្រទេសថៃវិញ។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា បន្ទាប់ពីទទួលបានព័ត៌មានអំពីសមត្ថកិច្ចរួចហើយ ស្ត្រីចិនរូបមនុស្សក៏បានចាកចេញទៅ ទាំងអស់សង្ឃឹម ដោយពុំបានផ្ដល់ជូននូវអត្តសញ្ញាណ នឹងធ្វើការដាក់ពាក្យបណ្ដឹងអ្វីនៅឡើយ។
ទោះបីជាយ៉ាងណា សមត្ថកិច្ចក៏បានធ្វើការអំពាវនាវដល់ភ្ញៀវជាតិនិងអន្តរជាតិ ដែលធ្វើដំណើរឆ្លងដែន ពីប្រទេសនានាមកកម្ពុជា ឬពីកម្ពុជាទៅប្រទេសផ្សេងៗទៀតនោះ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជុំវិញករណីមួយនេះ ដើម្បីជៀសវាងនូវរឿងចាញ់បោកគេដូចស្ត្រីរូបនេះ៕នាគស