Sunday, November 24, 2024

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជេីញចូលរួមបើកការដ្ឋាន ប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម នៅស្រុកស្វាយលើ

ខេត្តសៀមរាប៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាបតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម WANG Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា អញ្ជេីញចូលរួមបើកការដ្ឋាន ប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម លេីផ្ទៃដីចំនួន៣៩៤​៩៤៣ម៉ែត្រក្រឡា ក្នុងភូមិទ័ពជ័យ ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ក្រោមគម្រោងហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិនសម្រាប់ (គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា)ឆ្នាំ២០២៣ កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣​កន្លងទៅនេះ។

នាឱកាសនៅផងដែរ ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្ត ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី បុគ្គលិកស្ថានទូត បុគ្គលិកថ្នាក់ដឹកនាំស៊ីម៉ាក់ បុគ្គលិកថ្នាក់ដឹកនាំរដ្ឋបាលសាលាខេត្ត អាជ្ញាធរមូលដ្ឋាន និងមានការចូលរួមពីប្រជាពលរដ្ឋជាច្រើនរយនាក់ផងដែរ។
ឯកឧត្តម ទៀ សីហា បានឲ្យដឹងថា ចាប់ពីឆ្នាំ១៩៩២រហូតដល់ពេលបច្ចុប្បន្ន ការងារបោសសម្អាតមីន និងយុទ្ធភណ្ឌសង្រ្គាម របស់អង្គភាពប្រតិបត្តិករបាននិងកំពុងធ្វើប្រតិបត្តិការក្នុងខេត្តមាន៖ CMAC, Halo Trust និងអង្គការដោះមីនកម្ពុជា បានធ្វើការបោសសម្អាតចម្ការមីនលើផ្ទៃដីសរុបជាង ៨​ ៨០០ហិកតា ដោយរកឃើញមីនថ្មើជើងចំនួនជាង ២ម៉ឺនគ្រាប់ មីនតោន ចំនួន ៧២៧គ្រាប់ សំណល់ជាតិផ្ទុះពីសង្រ្គាមគ្រប់ប្រភេទជាង១១ម៉ឺនគ្រាប់ មានអ្នកទទួលផលដោយផ្ទាល់ និងដោយប្រយោលសរុបចំនួនជាង ៥៣ម៉ឺននាក់។
ឯកឧត្តមអភិបាល ខេត្តសៀមរាប បានបន្តថា ជាមួយនោះយើងបានធ្វើការបោសសម្អាតបញ្ចប់ទាំងស្រុង ក្នុងក្រុងសៀមរាប និង ស្រុកក្រឡាញ់ ហើយបានធ្វើពិធីប្រកាសជាផ្លូវការ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ។
ឯកឧត្តម បានបញ្ជាក់ថា ដោយទ្បែកសម្រាប់ផែនការឆ្នាំ២០២៣ អង្គភាពCMAC បានដាក់ពង្រាយកម្លាំងប្រតិបត្តិការបោសសម្អាតតំបន់ចម្ការមីន និងយុទ្ធភណ្ឌសង្គ្រាមនៅតាមបណ្តាក្រុង-ស្រុកមួយចំនួន ក្នុងខេត្តសៀមរាប។
សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងការអរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ក្នុងការគាំទ្រជួយដល់កម្ពុជាលើគ្រប់វិស័យ​ ពិសេសបោសសំអាតមីនស្របតាមចក្ខុវិស័យផែនការយុទ្ឋសាស្ត្រសកម្មភាពមីនកម្ពុជាគ្មានមីនឆ្នាំ២០២៥។ សម្តេចបានបន្តថានៅឆ្នាំ១៩៩៨ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាបិតាសន្តិភាព ជាមគ្គុទេសក៍ឯក និងជាប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ បាននាំមកនូវជោគជ័យក្នុងការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងសម្រាប់កម្ពុជាដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ។ ភ្លើងសង្គ្រាមបានបន្សល់ទុកនូវគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ជាច្រើនសន្ធឹកសន្ធាប់ពាសពេញផ្ទៃប្រទេស ដែលបងប្អូនប្រជាពលរដ្ឋយើងរាប់ម៉ឺននាក់​ ខ្លះរងរបួស ខ្លះធ្លាក់ខ្លួនពិការ និងខ្លះទៀតស្លាប់បាត់បង់អាយុជីវិត ព្រមទាំងបានបង្កនូវសោកនាដកម្មដ៏សែនឈឺចាប់បំផុត ដែលមិនធ្លាប់កើតមានពីមុន និងរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិ។
សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា បើទោះបីកម្ពុជាយើងបានជួបប្រទះនូវទុក្ខសោកដោយសារបញ្ហាគ្រាប់មីន ដែលបានបន្សល់ទុកពីភ្លើងសង្គ្រាមក៏ដោយ តែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងដោយមានការជួយជ្រោមជ្រែងពីបណ្តាប្រទេសជាមិត្ត ព្រមទាំងអង្គការដៃគូជាច្រើនមកដល់ពេលនេះយើង ឃើញថា គ្រាប់មីន គ្រាប់បែកចង្កោម និងយុទ្ធភណ្ឌសង្គ្រាមផ្សេងទៀត ត្រូវបានបោសសំអាត និងធ្វើការកំទេចចោលជាបន្តបន្ទាប់ស្ទើទូទាំងប្រទេស។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានជំរុញឱ្យអង្គភាពស៊ីម៉ាក និងអាជ្ញាធរដែនដី ត្រូវធ្វើយ៉ាងណាខិតខំអប់រំ ផ្សព្វផ្សាយអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្ថែមទៀតដល់ប្រជាពលរដ្ឋ ជាពិសេសដល់កុមារតូចៗ៕នាគស

ព័ត៌មានពេញនិយម