ខេត្តសៀមរាប៖ កម្មវិធីដង្ហែរតុក្កតាយក្សបានអាក់ខានកន្លងមក ដោយសារការរាតត្បាតជាសាកលនៃជម្ងឺកូវីដ-១៩ តែតុក្កតាយក្សឆ្នាំ២០២៣ គ្រោងនឹងបង្ហាញខ្លួនម្តងទៀត នៅក្នុងក្រុងសៀមរាប នាចុងសប្ដាហ៍នេះ ក្រោមប្រធានបទ“ខ្មែរក្លាហាន”។
លោក អ៊ុន សាវ៉ាន់ អ្នករៀបចំកម្មវិធីតុក្កតាយក្ស បានឲ្យដឹងថា តុក្កតាយក្ស២០២៣នេះ មានកុមារជាង៤០០នាក់ ដែលពួកគាត់មកពីអង្គការក្រៅរដ្ឋាភិបាល ក្នុងស្រុក និងសាលាបឋមសិក្សាផងដែរ បានចូលរួមរៀបចំរចនាឡើងនូវតុក្កតាយក្សចំនួន៧។
លោកបានបន្ដថា គោលបំណងនៃការបង្កើតតុក្កតាយក្ស គឺបង្រៀនកុមារ និងយុវជនកម្ពុជាយើង ឲ្យស្គាល់ពីសិល្បៈអាចបង្កើនជីវិត ផ្តល់ការស្រមើស្រមៃបញ្ឆេះមោទកភាព ចំពោះបេតិកភណ្ឌដ៏សម្បូរបែបរបស់ពួកគេ និង បង្រួបបង្រួមសហគមន៍ផងដែរ ។
លោក អ៊ុន សាវ៉ាន់ បន្ថែមថា ការជ្រើសរើសប្រធានបទ “ខ្មែរក្លាហាន” ក៏ដោយសារប្រជាពលរដ្ឋខ្មែរ បានចេញផុតពីកូវីដ-១៩ ហើយ ឆ្លុះបញ្ចាំងពីធាតុនៃបរិស្ថានសង្គម វប្បធម៌ និង ធម្មជាតិរបស់ប្រទេសកម្ពុជា ពីសត្វជិតផុតពូជ សត្វត្រី ពស់ផងដែរ។ជាមួយគ្នានោះ តុក្កតានឹងរួមបញ្ចូល កសិករ មាតា និង ព្រះវេស្សន្ត ដើម្បីបង្ហាញពីភាពធន់នឹងស្មារតីកម្ពុជា។
លោកបានបញ្ជាក់ជួនថា គម្រោងនេះមានរយៈពេលជាង១២ឆ្នាំមកហើយ ដោយចាប់ផ្តើមនៅឆ្នាំ ២០០៧ ដែលទទួលបានជោគជ័យក្នុងក្រុងសៀមរាប និង មានការរីកចម្រើនជារៀងរាល់ឆ្នាំ។
លោក អ៊ុន សាវ៉ាន់ បញ្ជាក់បន្ថែមអំពីកម្មវិធីឲ្យដឹងថា ក្បួនដង្ហែតុក្កតាយក្សនេះ ធ្វើឡើងតាមដងផ្លូវស្របតាមមាត់ស្ទឹងប្រវត្តិសាស្ត្រសៀមរាប ដែលនឹងចាប់ផ្តើមនៅល្ងាចថ្ងៃសៅរ៍ ទី ១១ ខែ មិនាឆ្នាំ២០២៣នេះ នៅខាងក្រៅវត្តដំណាក់ នៅម៉ោង ១៨ និង ៣០នាទី ល្ងាច ឆ្ពោះទៅព្រះរាជដំណាក់ ខេត្តសៀមរាប និងជួបជុំគ្នាប្រគុំតន្ដ្រី ដើម្បីបង្ហាញស្នារដៃពីសិល្បៈ បង្ហាញពីតួរអង្គនិមួយៗរបស់តុក្កតា និង ទាក់ទាញភ្ញៀវទេសចរទៀតផង ។
លោករំពឹងទុកថា ក្បួនដង្ហែរនៅតាមដងផ្លូវនេះ ក៍នឹងមានហ្វូងមនុស្សចូលរួមយ៉ាងច្រើនកុះករ ដែលជាការអបអរជាមួយ កុមារ តន្រ្តីករ និងអ្នកសំដែង ដែលនឹងសម្ដែងនូវការជះពន្លឺភ្លើង នាពេលរាត្រី ដោយភាពរីករាយផងដែរ ៕នាគស