ខេត្តសៀមរាប៖ បុរសម្នាក់បើកគោយន្តកន្រ្តៃ ដឹកអុសបង្កប់ឈើ ធ្លាក់ក្រឡុក រ៉េចង្កូតបុកបង្កាន់ដៃស្ពាន ហើយធ្លាក់ត្រូវកង់ក្រោយគោយន្តកន្រ្តៃរបស់ខ្លួនកិនស្លាប់ កាលពីម៉ោង ១២ និង៤០នាទី ថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២៣។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បុរសដែលបើកគោយន្តកន្រ្តៃ ដឹកអុសបង្កប់ឈើ ដែលត្រូវគោយន្តកន្រ្តៃរបស់ខ្លួនកិនស្លាប់នោះមាន ឈ្មោះ ងុិក ភេម អាយុ ៣៨ ឆ្នាំ រស់នៅភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប មុខរបរ កសិករ។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុគេឃើញ ជនរងគ្រោះ បានបើកបរគោយន្តកន្រ្តៃមួយគ្រឿងម៉ាក គូបូតា ពណ៍ក្រហម ស្លាក់លេខគ្មាន តាមបណ្តោយផ្លូវលេខ៦៤ ក្នុងទិសដៅពីកើតទៅលិច មកដល់ត្រង់ចំណុចស្ពានក្បាលប្រើស ស្ថិតនៅភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ចន្លោះគីឡូម៉ែត្រលេខ ៤៦-៤៧ ក៍ធ្លាក់ក្រឡុកហើយ ជ្រុលទៅបុកឡើងលើបង្កាន់ដៃស្ពាន ភ្លាមនោះ គោយន្តកន្រ្តៃបានក្រឡាប់ផ្នែកខាងមុខ ដែលបណ្ដាលឲ្យអ្នកបើករបរធ្លាក់ពីលើគោយន្តកន្រ្តៃ ហើយត្រូវកង់គោយន្តកន្រ្តៃផ្នែកខាងក្រោយជាន់ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធម្ម។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍គឺមកពី អ្នកបើកបរគោយន្តកន្រ្តៃ ខ្វះការប្រុងប្រយ័ត្ន ហើយបណ្ដាលឲ្យ គ្រោះថ្នាក់ដល់ខ្លួនរហូតបាត់បង់ជីវិត និងខូចខាតគោយន្តកន្រ្តៃ ០១ គ្រឿងស្រាល។
ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះធ្វើការវាស់វែង ហើយប្រគល់សព ជួនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯវត្ថុតាង ក៍បានប្រគល់ជួនសាច់ញាតិសពផងដែរ។
ទោះបីជាយ៉ាងណា សមត្ថកិច្ចជំនាញ ពុំបានបញ្ជាក់អំពីចំណាត់ការ របស់ខ្លួនទៅលើវត្ថុតាង ដែលមានដឹកអុសហើយបង្កប់ឈើនោះទេ៕នាគស