រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថាបរទេសខ្លះ សូមកុំលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា សូមកុំបង្កើតកំហុស និងសោកនាដកម្មជាថ្មីមកលើប្រទេសកម្ពុជា។ ថ្លែងបែបនេះធ្វើឡើងនៅក្នុងឱកាសដែល សម្តេចតេជោ អញ្ជើញជាអធិបតី ក្នុងការប្រគល់វិញ្ញាបនបត្រ សញ្ញាបត្រ ជូនសិក្ខាកាម និងនិស្សិត នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ជិតពីរពាន់នាក់ កាលពីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ នេះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា បានឆ្លងកាត់វាល៣ ដែលជាទុក្ខលំបាក ក្នុងនោះមាន វាលទី១ គឺវាលសង្គ្រាម វាលទី២ គឺវាលអត់ឃ្លាន ដូចជាជំនាន់ ប៉ុល ពត ពលរដ្ឋស្លាប់ព្រោះអត់ឃ្លាន ប៉ុន្ដែកម្ពុជាបានឆ្លងផុតរួចហើយ។ ប៉ុន្ដែវាលទី៣ គឺជំងឺឆ្លង ដែលកម្ពុជាកំពុងហែលឆ្លង ពីព្រោះបញ្ហាជំងឺនេះ បានកើតឡើងជាបន្តបន្ទាប់ រាប់ចាប់តាំងពីជំងឺផ្ដាសាយបក្សី ជំងឺសារជ្រូក និងជំងឺកូវីដ-១៩ ជាដើម ដែលវាបានបំប្លែងខ្លួនជាបន្តបន្ទាប់នោះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា មិនអត់ឱនឱ្យនរណាឡើយ ដែលមានបំណងចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជា។
សម្តេចតេជោ បានមានប្រសាសន៍សង្កត់ធ្ងន់ថា កម្ពុជាត្រូវតែរក្សាសុខសន្តិភាពនេះឱ្យបាន ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា បរទេសខ្លះ សូមកុំលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា និងសូមកុំបង្កើតកំហុស និងសោកនាដកម្មជាថ្មីមកលើប្រទេសកម្ពុជា។សូមកុំតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ ប៉ុន្ដែបែរជាគាំទ្រសង្គ្រាមទៅវិញ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពជា កើតចេញពីគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងបំពេញគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនបានយ៉ាងល្អប្រសើរ៕នាគស