ខេត្តសៀមរាប៖ យុវជនម្នាក់ក្នុងចំណោមគ្នា 6នាក់ ធ្វើដំណើរពីស្រុកក្រឡាញ់មកលេងក្នុងក្រុងសៀមរាប ត្រូវបានជនសង្ស័យមួយក្រុមផ្សេងទៀត ប្រដាប់ដោយដាវ ដេញតាមកាប់ផ្អើលពេញក្រុង ហើយក្រុមជនរងគ្រោះបានព្យាយាមបើកម៉ូតូគេចចេញក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកឃឿនផ្លូវ ប៉ើងទៅបុកនឹងបង្គោលខ្លោងទ្វារ បណ្ដាលឲ្យបាក់កស្លាប់មួយរំពេច។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ០១និង៤០នាទី រំលងអាធ្រាត្រ ឈានថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងមុខព្រះរាជដំណាក់ ដែលស្ថិតក្នុងភូមិមណ្ឌល1 សង្កាត់ស្វាយបង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ប្រភពពីសមត្ថកិច្ចបន្តថា ជនរងគ្រោះក្នុងហេតុការណ៍នេះមានចំនួនពីរនាក់ ទី1 មានឈ្មោះ សឿម សាន់ ភេទប្រុស អាយុ ១៨ឆ្នាំ ជាអ្នកបើកបរម៉ូតូ បានរងរបួសធ្ងន់ និងទី2 មានឈ្មោះ គក់ កិញ អាយុ ១៩ឆ្នាំ មានទីលំនៅភូមិបង្កោង ឃុំចាឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប បានស្លាប់បាត់បង់ជីវិត។
បន្ទាប់ពីកើតហេតុជំនាញបានធ្វើការសាកសួរទៅកាន់ ឈ្មោះ សឿម សាន់ ភេទប្រុស អាយុ ១៨ឆ្នាំ ជាអ្នកបើកបរម៉ូតូដែលជួបឧបទ្ទវហេតុ បានឲ្យដឹងថា កាលពីវេលាម៉ោង ២០ និង០០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ រូបគេ និងមិត្តភក្តិ ចំនួន៥នាក់ ទៀត មានឈ្មោះ ប៊ុន ណេន ភេទប្រុស ឈ្មោះ អាភូ ភេទប្រុស ឈ្មោះ វឺន ភេទប្រុស ឈ្មោះ អាជ្រូច ភេទប្រុស និងឈ្មោះ គក់ គិញ ភេទប្រុស(សព) ជិះម៉ូតូ ៣គ្រឿងចេញពីស្រុកក្រឡាញ់ ដើម្បីមកហូបចុកនៅក្នុង Temple Club លុះដល់វេលាម៉ោង ០១ និង០០នាទីរំលងអាធ្រាត ទើបចេញពីក្លឹប ដោយរូបគេបើកម៉ូតូឌុបឈ្មោះ គក់ គិញ មកដល់ត្រង់ចំណុចខាងមុខសណ្ឋាគារ ហ្ក្រង់អូតែលអង្គរ(Grand Hotel) ស្រាប់តែត្រូវបានវង្វេងបាត់គ្នាផ្សេងៗទៀត ពេលនោះខ្លួនក៏បានឈប់ម៉ូតូ ដើម្បីទូរស័ព្ទរកមិត្តភ័ក្ដិ ស្រាប់តែភ្លាមៗនោះក៍មានក្រុមក្មេងស្ទាវមួយក្រុម ដែលមានគ្នាប្រហែល ៨នាក់ ម៉ូតូចំនួន ៤គ្រឿង ប្រដាប់ដោយដាវ បើកការដេញកាប់មកលើពួកខ្លួនយ៉ាងសាហាវ។ ឃើញបែបនោះខ្លួនក៏បើក ម៉ូតូគេចចេញទៅទិសខាងត្បូង ដោយមានការភ័យខ្លាចផងនោះ ក៍ប្រឹងបន្ថែមល្បឿន រហូតរ៉េចង្កូតទៅបុកឃឿនផ្លូវ ដែលបណ្តាលឲ្យដួលអូសប្រហែល ៣០ម៉ែត្រ ហើយចំណែកឈ្មោះ គក់ គិញ អ្នកជិះក្រោយ ក៍បានប៉ើងទៅបុកនិងបង្គោលដែកខ្លោងទ្វារ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
ឈ្មោះ សឿម សាន់ បញ្ជាក់ថា ក្រុមជនបង្កដែលតាមកាប់ពួកខ្លួន ដោយឃើញសភាពបែបនេះក៏បាននាំគ្នា បើកម៉ូតូគេចខ្លួនអស់ពីរកន្លែងកើតហេតុទៅ។
ដោយឡែក ឈ្មោះ ឃឹម គឹមស៊ា ភេទប្រុស អាយុ ៥០ឆ្នាំ និងឈ្មោះ ឡេង រក្សា ភេទប្រុស អាយុ ២៣ឆ្នាំ ជាអ្នកលក់មីឆាក្បែកន្លែងកើតុហេតុ បានឲ្យដឹងស្រដៀងគ្នាថា នៅវេលាម៉ោង ០១ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ខណ:ពួកគាត់កំពុងលក់មីឆា នៅចំណុចគល់ស្ពានមន្ទីរទេសចរណ៍ចាស់ ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំុ ស្រាប់តែឃើញម៉ូតូប្រហែល ៥ ទៅ ៦គ្រឿង ប្រដាប់ដោយដាវ បានបើកប្រដេញម៉ូតូជនរងគ្រោះក្នុងល្បឿនលឿនចេញពីមុខសណ្ឋាគារមហាសណ្ឋាគារអង្គរ(Grand Hotel) បត់ឡើងទៅទិញខាងត្បូង ជិតដល់រង្វង់មូលព្រះរាជដំណាក់ម៉ូតូជនរងគ្រោះបានដួល ហើយក្រុមជនបង្កបានបើកម៉ូតូគេចខ្លួនបាត់អស់តែម្តង។
ដូចគ្នានេះផងដែរ តាមការបំភ្លឺរបស់ ឈ្មោះ ស៊ាន វ៉ាន់នី ភេសប្រុស អាយុ ៣២ឆ្នាំ បានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ និងអ្នកសារព័ត៌មានផ្សេងទៀត បានអង្គុយលេងនៅខាងកើតគល់ស្ពានព្រះរាជដំណាក់ ស្រាប់តែឮសូរសម្លេងម៉ូតូដួល នៅចំណុចរង្វង់មូលព្រះរាជដំណាក់ ស្មានតែគ្រោះថ្នាក់ចរាចរណ៍ គាត់ជិះមកមើលស្រាប់ឃើញជនរងគ្រោះម្នាក់ដួលនៅលើចិញ្ចើមផ្លូវ (ស្លាប់) ហើយជនរងគ្រោះម្នាក់ទៀតឈ្មោះ សឿម សាន់ ភេទប្រុស អាយុ ១៨ឆ្នាំ បានលើកដៃសំពះសុំឲ្យរូបគាត់ជួយ ចំណែកក្រុមជនសង្ស័យបានគប់ដំថ្មមកលើរូបគាត់ ហើយគេចខ្លួនអស់តែម្តង។
សមត្ថកិច្ចបញ្ជាក់ថា យោងតាមការបំភ្លឺជនរងគ្រោះឈ្មោះ សឿម សាន ការស្តាប់បំភ្លឺសាក្សី, ការពិនិត្យសាកសព និងការពិនិត្យកន្លែងកើតហេតុសន្និដ្ឋានបឋមថា ជនរងគ្រោះដែលស្លាប់ខាងលើ មកពីគ្រោះថ្នាក់ចរាចរណ៍ (ដួលម៉ូតូ) បាក់ក និងបែកក្រអូមមាត់ និងបាក់ធ្មញ ដែលបណ្តាលមកពីមានការបើកម៉ូតូប្រដេញពីក្រុមជនសង្ស័យ។
បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យប្រពៃណី ចំណែកឯកម្លាំងជំនាញបានកសាងសម្រាប់រឿងបញ្ជូនតាមមន្តិវិធីបន្ត៕នាគស