Sunday, November 24, 2024

ជនជាតិចិនលួចឆ្លងដែន-ស្នាក់នៅខុសច្បាប់ ត្រូវក្រុមហ៊ុនយកមកទម្លាក់ចោល បានរត់មកស្នើសុំអោយសមត្ថកិច្ចជួយអន្តរាគមន៍ បញ្ជូនខ្លួនបានវិលត្រឡប់ទៅប្រទេសកំណើតវិញ

ខេត្តសៀមរាប៖ បុរសជនជាតិចិនម្នាក់អះអាងថាខ្លួនពិតជាបានលួចចូលមកទឹកដីកម្ពុជាដោយខុសច្បាប់ ក្នុងគោលបំណងមកធ្វើជាបុគ្គលិកសន្តិសុខឯកជនមួយកន្លែងនៅក្នុងខេត្តពោធិ៍សាត់ ហើយត្រូវក្រុមហ៊ុននោះដឹកយកមកទម្លាក់ចោល ក៍បានរត់មកស្នើសុំអោយសមត្ថកិច្ចជួយអន្តរាគមន៍ បញ្ជូនខ្លួនបានវិលត្រឡប់ទៅប្រទេសកំណើតវិញ។នេះបើយោងតាមការឲ្យដឹង ពីសមត្ថកិច្ចនៅព្រឹកថ្ងៃទី 3 ខែមីនាឆ្នាំ 2023 នេះ។

សមត្ថកិច្ចថា ករណីលួចឆ្លងដែន-ស្នាក់នៅខុសច្បាប់ ប្រព្រឹត្តដោយជនបរទេសម្នាក់ មានឈ្មោះ YAN ZHONGYANG ភេទប្រុស មានអាយុ 30ឆ្នាំ ជាជនជាតិចិន គ្មានលិខិតឆ្លងដែន មុខរបរសន្តិសុខក្រុមហ៊ុនអនឡាញ(មិនស្គាល់ឈ្មោះ) នៅខេត្តពោធិសាត់ ចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ តាមច្រករបៀង(មិនស្គាល់ឈ្មោះ) ដើម្បីទៅបម្រើការងារជាសន្តិសុខ នៅក្រុមហ៊ុនអនឡាញមួយកន្លែងនៅខេត្តពោធិសាត់ ទទួលបានប្រាក់ខែចំនួន៥០០$។

សមត្ថកិច្ចបន្តថា នៅវេលាម៉ោង០១ និង ០០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ខាងក្រុមហ៊ុនបានដឹកតាមរថយន្តមួយគ្រឿងម៉ាក អាល់ហ្វាត ធ្វើដំណើរបានរយៈពេលប្រហែល០៦ម៉ោង ក៍បានមកដល់ទីតាំងមួយកន្លែង(មិនស្គាល់ទីតាំង) អ្នកបើករថយន្តបានឈប់និងប្រាប់អោយចុះពីលើរថយន្ត ហើយរថយន្តនោះក៍បានបើកចេញទៅវិញបាត់។បន្ទាប់មកបុរសជនជាតិចិនរូបនោះ ក៍បានជួបជាមួយសមត្ថកិច្ច ហើយក៍បានស្នើសុំអោយសមត្ថកិច្ចជួយអន្តរាគមន៍បញ្ជូនខ្លួនបានវិលត្រឡប់ទៅប្រទេសកំណើតវិញ។

សមត្ថកិច្ចបានបញ្ជាក់ថា បច្ចុប្បន្នជំនាញបានបាននឹងកំពុងរៀបចំសំណុំរឿង បញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រចាំខេត្តសៀមរាប ចាត់ការបន្តតាមនីតិវិធី៕នាគស

ព័ត៌មានពេញនិយម