ខេត្តសៀមរាប៖ ថ្ងៃនេះសមត្ថកិច្ចបាន ឱ្យអង្គភាពសារព័ត៌មាន គូលែនដេលី ដឹងអំពីមូលហេតុ ក្នុងករណីដែលប្រជាពលរដ្ឋបានរាយការណ៍ថាមានស្ត្រីវ័យម្នាក់ ត្រូវបានប្រទះឃើញស្លាប់ដោយសភាពចងក ក្នុងបន្ទប់ជួលមួយកន្លែង នៅក្រុមទី២ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីព្រលប់ថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៣ហើយ។
សមត្ថកិច្ចបានដឹងថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញបានចុះទៅដល់ទីតាំងខាងលើ ឃើញថាមានស្ត្រីម្នាក់ ឈ្មោះ ព្រុំ គន្ធា អាយុ ២៥ឆ្នាំ មុខរបរ មេផ្ទះ មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលក្នុងទីតាំងកើតហេតុខាងលើ ពិតជាបានស្លាប់ក្នុងសភាពចងប្រាកដមែន។
សមត្ថកិច្ចបានបន្តថា កម្លាំងជំនាញបានទទួលការបំភ្លឺអំពី ឈ្មោះ ឈុន ឆៃណារ៉ុង ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបរ រត់ម៉ូតូឌុប មានទីលំនៅ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដែលត្រូវជាប្ដីនៃសពថា៖ នៅកំឡុងឆ្នាំ ២០២២ រូបខ្លួនបានរស់នៅជាមួយប្រពន្ធឈ្មោះ ព្រុំ គន្ធា ភេទស្រី អាយុ២៥ឆ្នាំ (សព) ដោយធ្វើការសែនព្រែន បន្ទាប់ពីការសែនព្រែនរស់នៅជាមួយគ្នារួចមក ប្រពន្ធរបស់ខ្លួនក៏បានមានផ្ទៃពោះ ប៉ុន្តែត្រូវបានរលូតវិញផងដែរ ។ លុះមកដល់ថ្ងៃទីពុំចាំ ខែកុម្ភៈ ឆ្នាំ២០២៣ រូបខ្លូននឹងប្រពន្ធក៏បានមានការឈ្លោះប្រកែកគ្នាជារឿយ រឿងប្រពន្ធរបស់ខ្លួនប្រច័ណ្ឌខ្លួននឹងម៉ូយជាមនុស្សស្រីដែលខ្លួនតែងដឹក ប៉ុន្តែរឿងនេះត្រូវបានដោះស្រាយគ្នាចប់សព្វគ្រប់ហើយ ។ រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈពេលដែលម៉ូយជាមនុស្សស្រីដែលតែងតែជិះម៉ូតូឌុបរបស់ខ្លួនបានតេមកតាមរយះទូរស័ព្ទ ពេលនោះប្រពន្ធរបស់ខ្លួនក៏បានឃើញ នឹងអោយខ្លួនចុចលើក ហើយអោយគេអ្នកនិយាយ មួយសន្ទុះក៏បានបានឈ្លោះប្រកែកគ្នាជាមួយរូបខ្លួនតែម្ដង បន្ទាប់ពីឈ្លោះប្រកែកគ្នាបានមួយសន្ទុះប្រពន្ធរបស់ខ្លួនក៏បានលតចុះពីឡៅតឺកម្ពស់ប្រហែល២ម៉ែត្រនៅក្នុងបន្ទប់គេងនោះមកក្រោម ប៉ុន្តែពុំមានរបួសអ្វីនោះឡើយ ភ្លាមនោះរូបខ្លួនក៏បាននាំប្រពន្ធទៅពិនិត្យស្កេនជើងនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ប៉ុន្តែពុំទាន់បានស្កេនផង ប្រពន្ធរបស់ខ្លួនក៏បានសុំមកបន្ទប់ជួលវិញ ។ ក្រោយមករូបខ្លួននឹងប្រពន្ធក៏ស្រាប់តែមានការឈ្លោះប្រកែកគ្នា រកាំរកុះគ្នាជាច្រើនលើកច្រើនសារថែមទៀតផង ។
ជាក់ស្ដែងនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០៧ និង ០០នាទីព្រឹក រូបខ្លួនបានបានធ្វើដំណើរទៅវត្តត្រាំនាគ ដើម្បីស្វែងរកគ្រូមើលប្រពន្ធ ហើយដល់វេលាម៉ោង០៩ និង ០០នាទី មិត្តភិក្តរបស់ខ្លួនឈ្មោះ ម៉ាប់ និងស្រស់ បានតេមកប្រាប់រូបខ្លួនថា ប្រពន្ធរបស់ខ្លួនបានលេបថ្នាំសម្លាប់ខ្លួន ពេលនោះរូបខ្លួនក៏បានជិះម៉ូតូត្រឡប់មកបន្ទប់ជួលវិញ ក៏ស្រាប់តែបានឃើញប្រពន្ធរបស់ខ្លួនមានសភាពបែកពពុះមាត់ រួចរូបខ្លួននឹងមិត្តភិក្តបានដឹកប្រពន្ធយកទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេល បន្ទាប់មកក៏បានដឹកប្រពន្ធរបស់ខ្លួនយកបន្ទប់ជួលវិញ ។ លុះដល់វេលាម៉ោង ១៣ និង ០០នាទី ពេលនោះរូបខ្លួនបានកំពុងតែនៅតាមផ្លូវចេញពីវត្ត ក៏ស្រាប់តែបានឃើញប្រពន្ធរបស់ខ្លួនតេទៅខ្លួន នឹងបានជេររូបខ្លួនថែមទៀត ប៉ុន្តែរូបខ្លួនពុំបានតបតនោះទេ រួចក៏បានចុចបិតទូរស័ព្ទ ហើយចាប់ពីពេលនោះមកក៏ពុំបានទាក់ទងគ្នាទៀតឡើយ ។ រហូតដល់វេលាម៉ោង ១៨ និង ០០នាទី ថ្ងៃទីខែឆ្នាំដដែរ ក៏ស្រាប់តែមានអ្នកជិតខាងបានតេទូរស័ព្ទទៅរូបខ្លួន រួចប្រាប់ថាប្រពន្ធរបស់ខ្លួនបានចងកសម្លាប់ខ្លួនបាត់ទៅហើយ ទើបរូបខ្លួនបានជិះម៉ូតូសំដៅទៅបន្ទប់ជួលវិញ ពេលដែលបានទៅដល់ក៏ស្រាប់តែបានឃើញប្រពន្ធរបស់ខ្លួនបានចងកស្លាប់បាត់ទៅហើយ រួចក៏មានអ្នកក្បែរនោះរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានតែម្ដងទៅ ។
សមត្ថកិច្ចបញ្ជាក់ថា យោងតាមការបំភ្លឺពីប្ដីនៃសព និង ការពិនិត្យសពនៅកន្លែងកើតហេតុ និង ផ្អែកតាមលោកគ្រូពេទ្យកោសល្យវិច្ច័យ បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយធ្វើអត្តឃាតចងក ដោយយកខ្សែចងគោពណ៌ស ធ្វើសកម្មភាពចងកនឹងធ្នឹមបន្ទប់ដេក ដែលមានកំពស់២.៣៧ម៉ែត្រ ព្រោះមានវិបត្តិផ្លូវចិត្ត និងពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធ និងបទល្មើសព្រហ្មទ័ណ្ឌនោះទេ៕នាគស