ខេត្តសៀមរាប៖ “សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា” ចាប់បដិសន្ធិ ក្រោមគំនិតផ្ដួចផ្ដើមរបស់សមាគមសារព័ត៌មានចំនួន១៤ នៅកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីការចងសម្ព័ន្ធភាពរបស់សមាគមសារព័ត៌មានកម្ពុជា ដែលធ្វើឡើងនៅរាជធានីភ្នំពេញកាលពីថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០២៣ កន្លងទៅនេះ។
ខ្លឹមសារលិខិតបានបន្តថា ថ្នាក់ដឹកនាំដែលជាតំណាងសមាគមអ្នកសារព័ត៌មានទាំងនោះបានចុះ “អនុស្សរណៈយោគយល់គ្នា” សម្រាប់ជាមូលដ្ឋាន ត្រីវិស័យ ជាក្រុមប្រតិបត្តិរបស់សម្ព័ន្ធភាព នឹងបានប្រសិទ្ធនាមកិច្ចសហការនេះថា “សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា”។
ខ្លឹមសារបានបញ្ជាក់ថា បេសកកម្មចំពោះមុខរបស់សម្ព័ន្ធសមាគមន៍សារព័ត៌មានកម្ពុជា គឺផ្ដោតលើការពង្រឹងតួនាទីសមាគមសារព័ត៌មាន តម្រង់ទិសក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនិងមនោគមន៍វិជ្ជា ការបើកវគ្គបណ្ដុះបណ្ដាល និងការអនុវត្តសមត្ថភាពអ្នកសារព័ត៌មាន ការផ្លាស់ប្ដូរបទពិសោធន៍និងបំពេញឲ្យគ្នាទៅវិញទៅមក ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។
ក្នុងនោះផងដែរ ឯឧត្តម ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា និងជាប្រធានអ្នកផ្ដួចផ្ដើមបង្កើត“សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា” បានមានប្រសាសន៍ថា គំនិតផ្ដួចផ្ដើមឲ្យមាន សម្ព័ន្ធសមាគមសហព័ត៌មានកម្ពុជានេះ គឺបានកើតឡើងនៅបន្ទាប់ពីជំនួបលើកទី៥ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មានកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៣។
ឯកឧត្តមបានបន្តថា នេះគឺជាទំព័រថ្មីមួយក្នុងប្រវត្តិសាស្ត្រវិស័យសារព័ត៌មាន និងការផ្សព្វផ្សាយនៅកម្ពុជា ដែលសមាគមសារព័ត៌មានចំនួន១៤ បានខិតខំប្រឹងប្រែងរហូតអាចរួមគ្នាជាធ្លុងមួយ ហើយឈានទៅចុះអនុស្សរណៈយោគយល់គ្នាបង្កើតបានជាសម្ព័ន្ធភាពដ៏ធំ មានចក្ខុវិស័យនិងសកម្មភាពការងារច្បាស់លាស់។
ឯកឧត្តម ហ៊ុយ វណ្ណៈ បញ្ជាក់ថា ផ្ដើមចេញពីនេះយើងមានជំនឿថា យើងប្រាកដជាអាចរួមគ្នាធ្វើការងារបាន ច្រើនបន្ថែមទៀតសម្រាប់សង្គមជាតិយើង។ បន្ទាប់ពីការចុះអនុស្សរណៈនេះថ្នាក់ដឹកនាំនៃ “សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា” និងស្នើសុំកម្មវិធីចូលជួបសម្ដែងការគួរសម ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីទទួលអនុសាសន៍ដឹកនាំបន្ថែម។
ឯកឧត្តម ហ៊ុយ វណ្ណៈ ក៏បានបញ្ជាក់បន្ថែមថា ជាមួយគ្នានេះដែរយើងនៅបើកចំហទទួលស្វាគមន៍ សមាគមសារព័ត៌មាននានាបន្តទៀត មកចូលរួមសកម្មភាពការងារក្នុង “សម្ព័ន្ធសមាគមអ្នកសារព័ត៌មានកម្ពុជា”ផងដែរ៕នាគស