ខេត្តសៀមរាប៖ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលបចេ្ចកទេស របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ដើមី្បធ្វើការត្រួតពិនិត្យ ទៅលើបញ្ហាដែលនៅសេសសល់ រាល់ការឆ្លើយតប និង ដោះស្រាយនូវរាល់សំណួរ និង សំណូមពររបស់ប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន តាមរយៈវេទិកា ផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ឆ្នាំ២០២២ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោកលោកស្រីនាយករដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរ អង្គភាព នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត អាជ្ញាធរក្រុង-ស្រុក កាលពីរសៀលថ្ងៃទី ២៨ ខែ កុម្ភះ ឆ្នាំ២០២៣ នៅរដ្ឋបាលសាលាខេត្តសៀមរាប។
បន្ទាប់ពីឯកឧត្តម ទៀ សីហា ប្រកាសបើកកិច្ចប្រជុំ និង ការពិនិត្យកូរ៉ុម ព្រមទាំងពិនិត្យ អនុម័តលើ របៀបវារៈ រួច មក ក្នុងនោះអង្គប្រជុំទាំងមូលបានអនុម័តលើសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំរបស់គណៈកម្មាធិការ សម្របសម្រួលបចេ្ចកទេស របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ (ចាប់ពីខែកុម្ភះ ២០២៣ដល់ខែធ្នូ២០២៣) និង ការផ្តល់យោបល់ ស្តីពីការផ្សព្វផ្សាយ និង ជម្រុញយន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងខេត្តសៀមរាប ព្រមទាំងបានត្រួតពិនិត្យ ការធ្វើបច្ចុប្បន្នភាព នៃការដោះស្រាយ នូវរាល់សំណួរ និង សំណូមពរ របស់ប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន តាមរយៈវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០១៩.២០២០ ។
ក្នុងកិច្ចពិភាក្សានោះអង្គប្រជុំបានធ្វើការត្រួតពិនិត្យ ឃើញសេសសល់សំណួរ និង សំណូមពរមួយចំនួន ដែល ក្រុមការងារ និងសាមីអង្គភាពនៅមិនបានឆ្លើយតបទៅប្រជាពលរដ្ឋនោះ ។ ក្នុងនោះដែរអាជ្ញាធរស្រុកមួយចំនួន ក៏បានលើកផង ដែរ អំពីលទ្ធផលដែលតាមបណ្តាក្រុង ស្រុក ឃុំសង្កាត់ បានធ្វើការដោះស្រាយនូវរាល់វិវាទ ព្រមទាំងលើកនូវបញ្ហាប្រឈម មួយចំនួនដែលបានជួបក្នុងពេលកន្លងមក និង បានលើកនូវសំណូមពរមួយចំនួន ជូនដល់គណៈកម្មាធិការសម្របសម្រួលបចេ្ចកទេស ដើមី្បផ្តល់នូវបច្ចេកទេស ក្នុងការដោះស្រាយប្រកបដោយសន្តិវិធី ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
យោងតាមស្មារតីនៃកិច្ចប្រជុំ ឯកឧត្តម ទៀ សីហា បានលើកឡើងនូវរាល់បញ្ហាទាំងឡាយដែលនៅសេសសល់ ហើយគ្រប់មន្ទីរ ស្ថាប័នមានការពាក់ព័ន្ធទាំងអស់ មិនបានយកបញ្ហាទាំងនេះទៅអនុវត្ត ធ្វើការដោះស្រាយនៅឡើយ ។
ឯកឧត្តមបានបន្តទៀតថា រាល់កិច្ចការ ដែលមន្ទីរធ្វើបាន ឬមិនធ្វើបាន ត្រូវធ្វើសេចក្តីរាយការណ៍ជូនមករដ្ឋបាលសាលាខេត្ត ក្នុងការធ្វើបច្ចុប្បន្នភាព និង បានឲ្យមន្ទីរពាក់ព័ន្ធទាំងនោះ ត្រូវស្វែងរកនូវវិធានការ ក្នុងការសម្របសម្រួល និង ដោះស្រាយរបស់ខ្លួនឲ្យអស់លទ្ធភាព ។ ក្នុងនោះឯកឧត្តម ក៏បានដាក់នូវវិធានការសំខាន់ៗមួយចំនួនដល់គ្រប់មន្ទីរ ស្ថាប័ន ក្រុង ស្រុកត្រូវអនុវត្តទៅតាមស្មារតី ។
ឯកឧត្តម អភិបាលខេត្ត បានដាក់នូវវិធានការមួយចំនួន ឲ្យអាជ្ញាធរក្រុង ស្រុក មាន កិច្ចសហការគ្នាជាមួយឃុំ សង្កាត់ ធ្វើពន្យល់ណែនាំដល់ប្រជាពលរដ្ឋ នូវរាល់បញ្ហាដែលបងប្អូនបានលើកឡើងកន្លងមក ត្រូវបានមន្ទីរ ស្ថាប័នពាក់ព័ន្ធ បានធ្វើការដោះស្រាយបានជាបណ្តើរៗ ។
ឯកឧត្តម ក៏បានផ្តល់នូវអនុសាសន៍ ល្អៗ ជាយន្តការដ៏សំខាន់ក្នុងការដោះស្រាយរាល់វិវាទ របស់ប្រជាពលរដ្ឋ ។ ក្នុងនោះឯកឧត្តម បានដាក់នូវវិធានការក្តៅ ចំពោះបញ្ហាមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ របស់ប្រជាពលរដ្ឋ ដែលបង្កឲ្យពួកគាត់មានការថ្នាំថ្នាក់និងរាជរដ្ឋាភិបាល ត្រូវធ្វើការកែប្រែនូវឥរិយាបទរបស់ខ្លួនជាបន្ទាន់ ដើមី្បឲ្យបានជាមន្ត្រីបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រឡើយ។ កិច្ចការសំខាន់ៗជាច្រើនដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហាផ្សេងៗ ព្រមទាំងសភាពការណ៍ជាក់ស្តែងដែលកើតមានឡើងក្នុងខេត្ត ។ ក្នុងនោះដែរឯកឧត្តមក៏បានសំណូមពរ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ថ្នាក់ដឹកនាំមន្ទីរ ត្រូវគោរពដឹងគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់បោះឆ្នោត ដែលពួកគាត់បានទៅបំពេញ កាតព្វកិច្ចរបស់ខ្លួន ក្នុងការចូលរួមថែរក្សាការពារសន្តិភាព ជូនជាតិមាតុភូមិកម្ពុជា៕នាគស