ខេត្តសៀមរាប៖ យោងតាមប្រភពពីសមត្ថកិច្ចដែលបានឲ្យ បណ្ដាញសារព័ត៌មាន គូលែនដេលី ដឹងថា មានបុរសជនបរទេសម្នាក់ បានស្លាប់ នៅក្នុងបន្ទប់លេខ ៤១១ នៃ សណ្ឋាគារ ស្មាតអង្គរ ប៊ូទិច (Smart Angkor Boutique) ដែលស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២៣នេះ ។
សមត្ថកិច្ចបន្តថា បុរសដែលបានស្លាប់បាត់បង់ជីវិតនោះ មានឈ្មោះ HUSEB VEGARD ANTONIO ANDOLINI ភេទប្រុស កម្ពស់ ១.៨៣ម៉ែត្រ អាយុ ៣៣ឆ្នាំ ជាជនជាតិ ន័រវែស កាន់លិខិតឆ្លងដែនលេខ៣២៧១៣៣៨០ មានមុខរបរ ជាអ្នកទេសចរណ៍ ស្នាក់នៅបណ្ដោះអាសន្នទីតាំងកើតហេតុខាងលើ។សមត្ថកិច្ចទទួលបានការបំភ្លឺ អំពីស្ត្រីម្នាក់មានឈ្មោះ វុិច ចាន់វី អាយុ ៣៩ ឆ្នាំ ទីលំនៅបច្ចុប្បន្នសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលត្រូវជាមិត្តស្រីរបស់សពថា សព្វថ្ងៃនាងរស់នៅទីក្រុងភ្នំពេញហើយនៅក្នុងខែតុលាឆ្នាំ ២០២២ នាងបានទាក់ទងស្រឡាញ់គ្នាជាមួយជាមួយគាត់(សព) តាមរយៈកម្មវិធី Tagged តែមិនទាន់បានជួបមុខគ្នាផ្ទាល់នៅឡើយទេ រហូតដល់ថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ ២០២៣ គាត់(សព)បានធ្វើដំណើរមកស្រុកខ្មែរតាមច្រកអន្តរជាតិភ្នំពេញ ហើយចាប់តាំងពីខ្ញុំស្គាល់គាត់មកពុំដែលឃើញគាត់មានជំងឺឈឺអ្វីទេ គ្រាន់តែឃើញគាត់ប្រើបំពង់ហឺត គាត់ប្រាប់ខ្ញុំថាគាត់មានជំងឺហឺត។ រហូតថ្ងៃទី ២២ ខែកុម្ភៈឆ្នាំ ២០២៣ អ្នកទាំងពីរបាននាំគ្នាមកលេងខេត្តសៀមរាប ដោយស្នាក់នៅស្មាតអង្គរប៊ូទិច បន្ទប់លេខ 411 ស្នាក់នៅដើរលេងក្នុងខេត្តសៀមរាបធម្មតា គាត់(សព)ពុំមានជំងឺឈឺអ្វីនោះទេ រហូតដល់ថ្ងៃទី ២៦ ខែកុម្ភៈឆ្នាំ ២០២៣ វេលាម៉ោង ៤ និង ០០ នាទីទៀបភ្លឺរូបនាងឃើញគាត់គេងដកដង្ហើមធម្មតា លុះដល់វេលាម៉ោង ៧ និង ០០ នាទី ថ្ងៃខែឆ្នាំដដែលស្រាប់តែមិនឮសំឡេងគាត់ស្រម៉ុកដកដង្ហើមសោះ ភ្លាមនោះរូបនាងបានដាស់គាត់(សព) តែគាត់មិនបានដឹងខ្លួនទេ រូបនាងក៏ចុះមកប្រាប់ខាងប៊ូទិចឱ្យជួយហៅគ្រូពេទ្យ មួយសន្ទុះក្រោយមកពេទ្យបានមកដល់ហើយពិនិត្យ រួចគាត់ប្រាប់ថាមិត្តប្រុសរបស់នាងបានស្លាប់បាត់ទៅហើយ។សមត្ថកិច្ចបានបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យកន្លែងកើតហេតុ ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច្ច័យមន្ទីរពេទ្យបង្អែកខេត្តសៀមរាបបញ្ជាក់ថា បុរសជនបរទេសរូបនេះបានស្លាប់ដោយសារ គាំងបេះដូង(ជំងឺសួតរ៉ាំរ៉ៃ)។
បច្ចុប្បន្នសាកសពត្រូវបាននាំយកទៅរក្សាទុកនៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕នាគស