Saturday, November 23, 2024

នាយករងវិទ្យាល័យមួយរូប ត្រូវបានឃុំខ្លួន ពីបទរំលោភសេពសន្ថវៈ សិស្សស្រី ហើយថតរូប និងវីដេអូ កំពុងរួមរ័ក្ស ចែកចាយពេញបណ្តាញសង្គម

ខេត្តកំពង់ឆ្នាំង៖ យោងតាមការឲ្យដឹងពីសមត្ថកិច្ច កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បានធ្វើការឃាត់ខ្លួន នាយករងវិទ្យាល័យមួយរូប ពីបទរំលោភសេពសន្ថវៈសិស្សស្រីអាយុ ១៥ឆ្នាំ បានសម្រេចច្រើនដង ហើយថតរូប និងវីដេអូកំពុងរួមរ័ក្ស ចែកចាយពេញបណ្តាញសង្គម ដែលបានប្រព្រឹត្តនៅភូមិសាលាលេខ ៥ ឃុំអូឬស្សី ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ ២០២៣ និង អំឡុងឆ្នាំ២០២២ កន្លងទៅ។

ប្រភពពីរសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ង៉ែត សុខខេង ភេទប្រុស អាយុ ៤១ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ នាយករងវិទ្យាល័យ ទទួលបន្ទុកផ្នែកវិន័យ និងបរិស្ថាន ត្រូវបានឃាត់ខ្លួនពីបទ រំលោភសេពសន្ថវៈ ផលិត ចែកចាយរូបភាពអាសអាភាសរបស់កុមារ និងករណី ហិង្សាដោយចេតនា។

សមត្ថកិច្ចបន្តថា ការឃាត់ខ្លួននេះធ្វើឡើងតាម ការបញ្ជារបស់លោកស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ទៅតាមពាក្យបណ្ដឹងរបស់អាណាព្យាបាល កុមារីរងគ្រោះ។

អាណាព្យាបាលបានដាក់ពាក្យបណ្ដឹង និងរៀបរាប់ទាំងក្តុកក្តួលថា កូនស្រីរបស់គាត់មានឈ្មោះ ច.ល.ហ អាយុ ១៥ ឆ្នាំ មុខរបរជាសិស្ស ត្រូវបានជនសង្ស័យឈ្មោះ ង៉ែត សុខខេង នាយករងសាលាផ្នែកវិន័យ និងបរិស្ថាន បានលួងលោម កូនស្រីរបស់គាត់ឲ្យទៅរៀនបើករថយន្តជាមួយ រួចបែរជាលួចដាក់ថ្នាំចូលក្នុងទឹកឱ្យនាងផឹក។ លុះពេលកូនគាត់សន្លប់បាត់ស្មារតី ជននោះបានយកកូនស្រីគាត់ទៅរំលោភរហូតបានសម្រេច ជាច្រើនដង និងបានថតរូប ថតវីដេអូកំពុងចាប់រំលោភលើរូបនាង(កុមារីរងគ្រោះ) ដើម្បីទុកគំរាមសម្រាប់បំពេញតណ្ហារបស់ខ្លួនលើកក្រោយទៀត។

ដោយឡែកប្រជាពលរដ្ឋ និងលោកគ្រូ អ្នកគ្រូ ជាច្រើននាក់នៅស្រុកកំពង់ត្រឡាច ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ពួកគាត់ក៍ធ្លាប់ឃើញវីដេអូ ដែលចែកចាយតាមបណ្តាញសង្គមនានា របស់លោកគ្រូល្មោភកាម ឈ្មោះ ង៉ែត សុខខេង នេះផងដែរ ដោយវីដេអូបានបង្ហាញអំពីសកម្មភាពគ្រូរូបនេះ កំពុងរំលោភកុមារីរងគ្រោះ ពិតប្រាកដមែន តែពួកគាត់មិនហ៊ាននិយាយច្រើនឡើយ ព្រោះល្បីថាលោកគ្រូ នេះមានខ្សែរធំ និងគ្មាននរណាហ៊ានជាមួយលោកគ្រូលោ្មភកាមនេះឡើយ។

ទោះបីជាយ៉ាងណាសមត្ថកិច្ចបញ្ជាក់ថា បច្ចុប្បន្ន ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជូន ជនសង្ស័យដែលលោ្មភកាមខាងលើទៅតុលាការហើយ។

លោក នូ ដារ៉ា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ឆ្នាំង ក៏បានចេញ“ ដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន ” លេខ ២០០/២៣ នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះផងដែរ។

ប្រជាពលរដ្ឋ និងអាណាព្យាបាល បានសំដែងនៅក្ដីបារម្ភ ចំពោះសុខសុវត្ថិភាពកូនៗរបស់ពួកគាត់ ដែលជាទូទៅ តែងតែមានជំនឿទុកចិត្តលើលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ដោយចាត់ទុកថាជាមាតាបិតាទី២ របស់កូនៗ។ ប៉ុន្តែផ្ទុយទៅវិញបែរជាមានរឿងអកុសលបែបនេះ តើឱ្យពួកគាត់រំពឹងទៅលើគ្រូ ជាអ្នកដែលដឹកនាំបណ្ដុះបណ្ដាល ប្រាជ្ញាស្មារតី ឲ្យកូនរបស់ពួកគាត់ស្គាល់នូវសេចក្ដីថ្លៃថ្នូរ ស្គាល់អ្វីខុសអ្វីត្រូវបានយ៉ាងដូចម្ដេច? បើបុគ្គលខ្លួនព្រះ ចិត្តមារ ម្នាក់នេះបានបំផ្លាញអស់ទៅហើយ?

ដើម្បីទទួលបាននូវភាពស្អាតស្អំ ដល់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ដែលលោកតែងតែ ផ្ដល់នូវការអប់រំល្អ និងមិនបានប្រព្រឹត្តអាក្រក់ដូចបុគ្គល ង៉ែត សុខខេង នេះ ប្រជាពលរដ្ឋ និងអាណាព្យាបាល សូមធ្វើការគោរពស្នើសុំ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោកស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត និងជាពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍ ដើម្បីរកយុត្តិធម៌ជូនកុមារីរងគ្រោះនេះផង និងដាក់ទោសទាន់យ៉ាងម៉ឺងម៉ាត់ ចំពោះបុគ្គល ង៉ែត សុខខេង នេះប្រសិនបើរកឃើញថា គាត់មានកំហុសពិតប្រាកដមែន៕នាគស

ព័ត៌មានពេញនិយម