Wednesday, December 11, 2024

ដើមឈើចម្រុះប្រមាណ ២ពាន់ដើម និងស្មៅ ត្រូវបានអាជ្ញាធរជាតិអប្សរា សហការគ្នាដាំនៅលើផ្ទៃដីសរុបជិត២ហិកតា មុខប្រាសាទអង្គរវត្ត 

ខេត្តសៀមរាប៖ ក្នុងអធិបតីភាព ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរា សាកលវិទ្យាល័យឯកជន ក្រុមហ៊ុនដែលជាដៃគូ និងសិស្សានុសិស្ស សរុបប្រមាណ៥០០ អង្គ និងនាក់ បានចូលរួមសហការគ្នា ធ្វើយុទ្ធនាការដាំដើមឈើចម្រុះចំនួនប្រមាណ ២,០០០ដើម និងស្មៅឡើងវិញ នៅបរិវេណខាងជើងត្រពាំងសេសខាងមុខប្រាសាទអង្គរវត្ត ក្នុងគោលបំណងកែលម្អរដីទំនេរ ជិត២ហិកតា ដែលប្រជាពលរដ្ឋបានប្រគល់ជូនរដ្ឋវិញ ឱ្យក្លាយជាតំបន់បៃតង មានដើមឈើ និងវាលស្មៅ ដែលជាទ្រនាប់ការពារដ៏សំខាន់ដល់ប្រាង្គប្រាសាទ និងជាប្រយោជនន៍ដល់មនុស្សជាតិទាំងមូល នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ព្រះគ្រូវិជ័យរង្សី បណ្ឌិត ឡាច លាង អនុគណក្រុងសៀមរាប មានថេរដីការក្នុងឱកាសនោះថា ទេសភាពវប្បធម៌នៅក្នុងតំបន់រមណីយដ្ឋានអង្គរបច្ចុប្បន្នមានភាពស្រស់ស្អាត បៃតងគ្រប់រដូវកាល ក្រោមការយកចិត្តទុកដាក់ថែទាំ ពីសំណាក់អាជ្ញាធរជាតិអប្សរា។ រីឯយុទ្ធនាការដាំដើមឈើ និងស្មៅ នៅទីនេះគឺជាការចូលរួមចំណែកថែរក្សាទេសភាពវប្បធម៌នៅតំបន់អង្គរ ឱ្យកាន់តែល្អប្រសើ ពោលប្រជាពលរដ្ឋបានស្ម័គ្រចិត្តផ្លាស់ប្តូរទីលំនៅចេញពីតំបន់អង្គរ ទៅកាន់ទីកន្លែងថ្មី ដែលរាជរដ្ឋាភិបាល បានគាំទ្រនិងផ្តល់ជូន។ ព្រះអង្គមានថេរដីការទៀតថានឹងបន្តចូលរួមក្នុងកិច្ចការនេះជាបន្តបន្ទាប់ទៀត។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ហង់ ពៅ បានថ្លែងថា រមណីយដ្ឋានអង្គរមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលភ្ញៀវទេសចរមកពីប្រទេសនានាលើសកលលោកតែងតែប្រាថ្នាចង់មកទស្សនា។ ដូច្នេះការងាររៀបចំសោភ័ណភាពនៅជុំវិញតំបន់អង្គរនេះ គឺជាករណីចាំបាច់ដែលត្រូវគិតគូខ្ពស់។ ឯកឧត្តមបន្តថា អនុវត្តតាមទិសដៅ និងការចង្អុលបង្ហាញពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារតម្រង់ទិស បានណែនាំឲ្យមានការដាំដើមឈើ និងស្មៅឡើងវិញ ដើម្បីរក្សាភាពស្រស់ស្អាត និងបង្កើនភាពបៃតងនៅជុំវិញតំបន់រមណីយដ្ឋានអង្គរ។ ឯកឧត្តមបញ្ជាក់ទៀតថា ការដាំដើមឈើនិងស្មៅ នៅទីនេះជាផ្នែកមួយតូចប៉ុណ្ណោះ ព្រោះថានៅមានផ្ទៃដីជាច្រើនទីតាំងទៀតដែលត្រូវដាំដុះឡើងវិញ ដែលការដាំនេះទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ។ ម្យ៉ាងទៀត យើងត្រូវរៀបចំឲ្យបានស្អាតព្រោះខែមេសាខាងមុខនេះនឹងមានប្រារព្ធនូវព្រឹត្តិការណ៍អង្គរសង្រា្កន្ត ដោយរំពឹងថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាយ៉ាងច្រើនកុះករ៕នាគស

ព័ត៌មានពេញនិយម