ខេត្តសៀមរាប៖ ករណីឆ្លងចរន្តអគ្គីសនី ទុស្សេបណ្ដាលឲ្យភ្លើងឆេះផ្ទះពលរដ្ឋមួយខ្នង ស្ថិតក្នុងភូមិគោកចាស់ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប សរុបជាទឹកប្រាក់ប្រហែល ២ម៉ឺនដុល្លារ កាលពីវេលាម៉ោង ២១ និង ៣០នាទីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។
សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលរងការឆាបឆេះនោះ មានទំហំ 8×7 ម៉ែត្រ ថ្មក្រោម ជញ្ជាំងលើក្តារ ប្រក់ស័ង្កសី។
សមត្ថកិច្ចបន្តថា ម្ចាស់ផ្ទះខាងលើមាន ឈ្មោះ ក្អោប រឹម ភេទប្រុស អាយុ៦១ឆ្នាំ និងមានប្រពន្ធ ខិម សំអឿន អាយុ ៥៧ឆ្នាំ អ្នកទាំងពីររស់នៅភូមិ ឃុំ កើតហេតុខាងលើ។
តាមការបំភ្លឺរបស់ម្ចាស់ផ្ទះ ខិម សំអឿន ជាប្រពន្ធ បានរៀបរាប់ថា នៅមុនពេលកើតហេតុប្រហែលជាង១ម៉ោង គាត់បានឡើងទៅលើផ្ទះដើម្បីអុចធូប ក្រោយមកក៏ចុះមកដេកនៅផ្ទះកូនច្បងរបស់គាត់ ដែលស្ថិតនៅជាប់របងគ្នាខាងជើង។
ម្ចាស់ផ្ទះរូបនោះបានបន្តថា មុនចេញទៅដេក គឺគាត់ បានពិនិត្យមើលភ្លើងធូបអស់ហើយ។ គាត់បញ្ជាក់ថា ការឆេះនេះមិនអាចមកពីធូបដែលគាត់អុជនោះទេ។ម្ចាស់ផ្ទះបានឲ្យដឹងបន្ថែមថា នៅមួយរយះមុន ប្ដីរបស់គាត់ ឈ្មោះ ក្អោប រឹមធ្លាប់បានដោត ភ្លើងប្រើម៉ូតទ័របូមទឹកហើយលោត ឌិចសង់ទ័រ ដែលមិនដឹងថាឆ្លងកន្លែងណា។
សមត្ថកិច្ចបញ្ជាក់ថា ដោយយោងតាមការបំភ្លឺរបស់ម្ចាស់ផ្ទះ ពិនិត្យទីតាំងកន្លែងកើតហេតុ និងបានធ្វើការសន្និដ្ឋានមូលហេតុជំហានដំបូងថា ដោយសារ ទុស្សេ ឆ្លងចរន្តភ្លើង ហើយឆាបឆេះពីខាងលើផ្ទះមកមុន ដែលបណ្ដាលខូចខាតផ្ទះមួយខ្នងនេះទាំងស្រុង សរុបជាទឹកប្រាក់ប្រហែល ២០.០០០ដុល្លារ តែពុំមានរងរបួសដល់មនុស្សទេ។
សូមបញ្ជាក់ជូនថា ក្នុងអំឡុងពេលកើតហេតុ គេឃើញមានការចូលរួម ជួយអន្តរាគមន៍ ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រជាការពារ ប្រជាពលរដ្ឋ និងកម្លាំងអធិការដ្ឋានស្រុកពួក ប្រើប្រាស់ទឹកអស់០១រថយន្តពន្លត់អគ្គីភ័យ ទើបរលត់ទាំងស្រុង ក្នុងរយះពេលជាងមួយម៉ោង ដោយសារតែកន្លែងកើតហេតុចម្ងាយពីទីរួមស្រុក។
ប្រជាពលរដ្ឋបានធ្វើការគោរពស្នើសុំ ដល់ថ្នាក់ដឹកនាំខេត្ត មេត្តាជួយផ្ដល់រថយន្តពន្លត់អគ្គីភ័យបន្ថែម និងឈរប្រចាំការនៅតាមទីតាំងទីប្រជុំជននានាផង ដោយសាររដូវនេះជារដូវរំហើយ អាកាសធាតុក្ដៅ ស្ងួត ដែលងាយនឹងអាចបង្កឲ្យមានការឆាប់ៗ៕នាគស