Thursday, November 21, 2024

Wow ! ញ៉ាក់សាច់ ! CAMSOC ជំរុញអាជ្ញាធរខេត្ត ត្រៀមរៀបចំពិធីរត់ភ្លើងគប់ស៊ីហ្គេម ជុំវិញបឹងទន្លេសាប

រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះ បាន​បើក​កិច្ចប្រជុំ​ត្រួត​ពិនិត្យ​​ការងារ​ដំណើរការរៀបចំពិធីរត់​ភ្លើងគប់កីឡាជុំវិញ​បឹងទន្លេសាប និង​បណ្ដា​ប្រទេស​ជា​សមាជិក នៅក្នុងតំបន់អាស៊ាន ខណៈដែល​ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋ​មន្ដ្រី​ក្រសួងទេសចរណ៍ និង​ជាអនុប្រធានអចិន្ដ្រៃយ៍ បានជំរុញអាជ្ញាធរខេត្តពាក់ព័ន្ធទាំងអស់ ត្រូវ​ត្រៀម និង​យកចិត្តទុកដាក់ ដើម្បីរៀបចំការងារនេះ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC មាន​ប្រសាសន៍ ក្រោយប្រជុំថា កិច្ចប្រជុំ​ថ្ងៃនេះ បានផ្ដោតសំខាន់លើការងារត្រៀមប្រតិបត្តិ បន្ទាប់ពី​ផែនការ វិធីសាស្ដ្ររៀបចំ និងគោលការណ៍ផ្សេងៗ ត្រូវបានរៀបចំរួចរាល់។ ដូច្នេះ​ការ​ជួប​ជុំ​ខាង​លើ គឺដើម្បីបែងចែកតួនាទីភារកិច្ចឱ្យបាន​ច្បាស់លាស់ រវាងគណៈកម្មការជំនាញ និង CAMSOC ថា​ធ្វើអ្វីខ្លះ? ហើយខេត្ដពាក់ព័ន្ធត្រូវធ្វើអ្វីខ្លះ?

ឯកឧត្តមអគ្គលេខាធិការបន្ដថា៖ «តាមប្រសាសន៍ឯកឧត្តមរដ្ឋមន្ដ្រី ថោង ខុន គឺ​បាន​ផ្ដល់​នូវ​កាតព្វ​កិច្ច និងភារកិច្ច ដែលខេត្តត្រូវធ្វើយ៉ាងជាក់លាក់ និងការដាក់ចេញនូវយន្ដការ នៃ​ការ​ទទួល​​ខុស​ត្រូវខ្ពស់ ពីថ្នាក់អភិបាលខេត្ត ដែលជាអនុប្រធានរបស់ CAMSOC-CAMAPGOC ឱ្យ​ទទួល​ខុសត្រូវ​ច្បាស់លាស់ ហើយមានការសហការគ្នាល្អ រវាងគ្រប់ភាគីពាក់ព័ន្ធ ក្នុងខេត្ត និង​ភាគី​​ពាក់ព័ន្ធ នៃគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC»។

ឯកឧត្តមពន្យល់ថា៖ «ខេត្ត គាត់ត្រូវរៀបចំធនធានមនុស្ស ដែលត្រូវធ្វើការរៀបចំដង្ហែ និង​រត់​ភ្លើង​គប់។ ការដង្ហែ និងរត់ភ្លើងគប់ នៅខេត្តនីមួយៗ ដែលត្រូវឆ្លងកាត់ជុំវិញបឹងទន្លេសាប ​ត្រូវ​មាន​ការ​ចូលរួមរត់ ទាំងថ្នាក់ដឹកនាំខេត្ត និងកីឡាករ កីឡាការិនីឆ្នើម ទាំងពិការ និង​មិន​ពិការ​ជាដើម ព្រោះការចូលរួមរត់ភ្លើងគប់នេះ គឺជានិមិត្តរូប នៃការចូលរួមព្រឹត្តិការណ៍ និង​ជា​កំណត់ត្រា​ប្រវត្តិសាស្ដ្រមួយរបស់ពួកគាត់។ ក្រៅពីនេះ ពួកគាត់ក៏ត្រូវរៀបចំ និង​បំផុស​មហាជន​មក​អបអរសាទរ ក៏ដូចជារៀបចំវេទិកា ដើម្បីទទួលបដិសណ្ឋារកិច្ច ក្នុងការទទួល និង​បន្ដ​រត់ ក៏​ដូច​ជា​ការ​រៀបចំ​កន្លែង​រក្សា​ភ្លើងគប់​ឱ្យ​បានត្រឹមត្រូវផងដែរ»។

សម្រាប់​គម្រោងនៃការ​រត់ភ្លើងគប់​ជុំវិញបឹងទន្លេសាបនេះ ត្រូវបាន​ឯឧត្តម វ៉ាត់ ចំរើន ឱ្យ​ដឹង​ថា នឹង​ត្រូវចេញ​ដំណើរ​ពី​ភ្នំពេញ តាម​ផ្លូវជាតិលេខ​៥ ដោយ​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប បាត់ដំបង និងខេត្ត​​បន្ទាយ​មានជ័យ រួច​ឆ្លង​ចូល​ទៅ​​ខេត្តកំពង់ធំ និងបន្ត​ទៅ​ខេត្ត​កំពង់ចាម ឆ្លងមក​ខេត្តកណ្តាល​វិញ និងចុង​ក្រោយ​ចូល​ទៅក្នុងពហុកីឡដ្ឋានជាតិ​តែម្តង ខណៈ​ការរត់ភ្លើងគប់នេះ គឺមានអត្ថន័យជ្រាលជ្រៅណាស់ ដើម្បីបំភ្លឺ និង​បង្ហាញ​ពី​សាមគ្គីភាព សន្ដិភាព ទាំង​ក្នុង​ប្រទេស និងតំបន់ ជាពិសេសការរត់ជុំវិញបឹងទន្លេសាប ដែល​ជា​បេះដូង នៃ​ព្រះរាជា​ណាចក្រ​កម្ពុជានេះតែម្ដង៕នាគស

ប្រភពCAMSOC

ព័ត៌មានពេញនិយម