Saturday, November 23, 2024

បុរសអ្នកទេសចរណ៍ម្នាក់ ដែលស្នាក់នៅសណ្ឋាគារ តាន់ កង អង្គរ ត្រូវបានគេប្រទះឃើញដួលស្លាប់នៅលើផ្លូវ ក្នុងសង្កាត់សាលាកំរើក

ខេត្តសៀមរាប៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ ទាំងព្រឹក បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញ ជនបរទេសម្នាក់បានស្លាប់ នៅលើដងផ្លូវកៅស៊ូ ដែលស្ថិតនៅក្រុមទី០៧ ភូមិ វត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣។

ប្រភពពីសមត្ថកិច្ចបានអីដឹងថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចជំនាញនៃអធិការដ្ឋានក្រុងសៀមរាប បានចុះទៅដល់ទីតាំងខាងលើ និងបានឃើញបុរសដែលជាជនបរទេសម្នាក់បានស្លាប់ពិតប្រាកដមែន។

សមត្ថកិច្ចបានបន្តថា បុរសដែលជាជនបរទេសនោះមានឈ្មោះ CAGLE JOHNNY PATRICK ភេទប្រុស​ មានកម្ពស់ ១.៧១មែត្រ អាយុ៤០ឆ្នាំ ជនជាតិ អាមេរិកកាំង កាន់លិខិតឆ្លងដែនលេខ ៦៨៣២៧០៦៧៩ មុខរបរទេសចរណ៍ស្នាក់នៅបណ្ដោះអាសន្នក្នុង សណ្ឋាគារ តាន់កង អង្គរ ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តទៀតថា តាមការបំភ្លឺទី១ ពីឈ្មោះ​ សួរ ស៊ុន ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរ បុគ្គលិកសណ្ឋាគារ តាន់ កង អង្គរ មានទីលំនៅភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បានឲ្យដឹងថានៅថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២៣ ភ្ញៀវបរទេសខាងលើ (សព)បានចូលមកស្នាក់នៅសណ្ឋាគារ ដែលខ្ញុំកំពុងបម្រើការងារ ហើយមាននាំមនុស្សស្រីជនជាតិខ្មែរ មិនស្គាល់អត្តសញ្ញាណ មកសណ្ឋាគារជាប្រចាំ ដោយភាគច្រើននៅពេលយប់ ហើយគាត់តែងតែមានស្ថានភាពស្រវឹងស្រាជាប្រចាំ។ ជាក់ស្តែងនៅថ្ងៃ ទី១៦ ខែកុម្ភះ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៤ និង ៣០នាទី ខ្ញុំបានជួបគាត់ កំពុងអង្គុយក្នុងបរិវេណសណ្ឋាគារ ដោយមានស្លៀកខោរខ្លីពណ៌ត្រអុី ពាក់អាវយឺតដៃខ្លី ព័ណ៌ប្រផេះ និងស្បែកជើងផ្ទាត់មិនចាំព័ណ៌ អង្គុយជក់បារី ហើយប្រាប់ថាគាត់អស់ប្រាក់ចាយវាយហើយ និងបាននិយាយសុំទឹកខ្ញុំដើម្បីផឹក ខ្ញុំអាណិត ក៏បានទិញមីឆា និងទឹកឲ្យគាត់។ លុះដល់វេលាម៉ោងប្រហែល១៥ និង ០០នាទី គាត់បានខ្ជីទូរស័ព្ទខ្ញុំចុចហៅរ៉ឺម៉កដឹក ភ្ញៀវឲ្យមកយកនៅសណ្ឋាគារ មួយសន្ទោះរុឺម៉កបានមកដល់ ហើយបានជួបគាត់ អ្នកដឹកភ្ញៀវខាងលើបានទិញស្រាបៀរចំនួន១កំប៉ុងឲ្យភ្ញៀវខាងលើ រួចបានទៅវិញ ចំណែកគាត់(សព)បានទៅអង្គុយលេងក្នុងបរិវេណសណ្ឋាគាររហូតដល់វេលាម៉ោងប្រហែល ២២ និង ០០នាទីយប់ថ្ងៃដដែល ខ្ញុំបានចេញពីធ្វើការ ដើម្បីជិះទៅផ្ទះក៏បានឃើញគាត់អង្គុយលេងនៅចំណុចខឿនរង្វង់មូលនាគបាញ់ទឹក ក្បែរសណ្ឋាគារតែម្នាក់ឯង ខ្ញុំមិនបានចុះសួរនាំគាត់នោះទេដោយជិះហួសទៅផ្ទះតែម្តង។ លុះនៅវេលាម៉ោងប្រហែល៩ និង ៣០នាទី ថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២៣ នគរបាលបានហៅខ្ញុំមកសាកសួរ ថាជនបរទេសខាងលើស្លាប់បាត់ហើយ។

ការបំភ្លឺទី២ ពីឈ្មោះ អ៊ិត គយ ភេទប្រុស អាយុ៤០ឆ្នាំមុខរបរអ្នកបើកកង់បី បានឱ្យដឹងថា នៅវេលាម៉ោង៤ និង ០០នាទីទាបភ្លឺថ្ងៃទី១៦ខែកុម្ភៈឆ្នាំ ២០២៣ ខ្ញុំកំពុងតែអង្គុយហូបបាយឆានៅក្បែរសណ្ឋាគារតាន់កងក៏មានភ្ញៀវបរទេសម្នាក់(សព)មកអង្គុយក្បែខ្ញុំមានសភាពញ័រញាក់ខ្លួនទទឹកជោគ ស្លៀកខោជើងខ្លីពណ៌ត្រេអ៊ីនិងអាវយឺតព្រៃខ្លីពណ៌ប្រផេះ ហើយបានសុំបារីខ្ញុំជក់ តែខ្ញុំពុំមានបារីទេហើយខ្ញុំបានសួរថាគាត់ថាអ្នកឯងទទឹកខ្លួនអស់ហើយហេតុអ្វីមិនទៅដូរខោអាវ ហើយគាត់បានប្រាប់មកថាពុំមានអីប្ដូរទេព្រោះខោអាវគាត់នៅក្នុងសណ្ឋាគារហើយគាត់គ្មានលុយបង់ឲ្យថ្លៃបន្ទប់គេ ខ្ញុំសួរគាត់ថាអ្នកឯងចង់ហូបបាយទេបើហូបខ្ញុំចេញលុយឱ្យ តែគាត់ប្រាប់ថាមិនហូបទេហើយគាត់បានសុំខ្ចីលុយពីខ្ញុំ៨៥ដុល្លា តែខ្ញុំប្រាប់គាត់ថាពុំមានលុយនោះទេបន្ទាប់មកខ្ញុំក៏បានកត់លេខទូរសព្ទរបស់ខ្ញុំឲ្យទៅគាត់ ហើយប្រាប់ថាបើអ្នកឯងចង់ទៅរកប៉ុស្តិ៍ប៉ូលីសឬទៅកន្លែងណាមួយខលមក ខ្ញុំជូនទៅមិនគិតលុយទេ បន្ទាប់មកខ្ញុំក៏ត្រឡប់មកផ្ទះវិញចំណែករូបគាត់នៅអង្គុយកន្លែងលក់បាយឆានោះដដែល។លុះដល់ថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២៣វេលាម៉ោង ១៤ និង ៣៩ នាទី គាត់ក៏បានខលមកខ្ញុំប្រាប់ថាឲ្យមកជួបគាត់នៅមុខសណ្ឋាគារតាន់កង រួចខ្ញុំក៏បានមកជួបគាត់តាមការណាត់តែមកដល់មិនឃើញគាត់នោះទេខ្ញុំក៏បានសួរសន្តិសុខនៅទីនោះហើយសន្តិសុខប្រាប់ថាឃើញគាត់ដើរនៅមុខរោងកុនម៉ាជឺហើយ ខ្ញុំក៏បានទៅរកឃើញគាត់មានអាការៈក្អកមុខស្លេកស្លាំងបបូរមាត់ឡើងពណ៌សពុំមានកម្លាំងក្នុងខ្លួននោះទេ ហើយគាត់ប្រាប់ខ្ញុំថាចង់ផឹកស្រានិងជក់បារីរួចខ្ញុំក៏បានទិញស្រាបៀរឲ្យគាត់ចំនួន៤កំប៉ុង និងបារី២កញ្ចប់ ក្រោយមកខ្ញុំបានដឹកគាត់ដើរលេងឆ្វែលក្រុងសៀមរាបរហូតដល់ម៉ោង១៧ និង ០០នាទី ខ្ញុំបានដាក់គាត់ចុះនៅម្ដុំផាប់ស្រ្ទីតហើយខ្ញុំឲ្យលុយគាត់ចំនួន១២០០០៛ ហើយខ្ញុំក៏ត្រឡប់មកផ្ទះវិញ រហូតដល់ថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២៣ខ្ញុំបានទទួលព័ត៌មានថាគាត់បានស្លាប់បាត់ទៅហើយ។

សមត្ថកិច្ចបានបញ្ជាក់ថា ដោយយោងតាមការបំភ្លឺពីសាក្សី ការពិនិត្យកន្លែងកើតហេតុ ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច្ច័យមន្ទីរពេទ្យបង្អែកខេត្តសៀមរាបបញ្ជាក់ថា ជនជាតិអាមេរិកាំងរូបនេះ បានស្លាប់ដោយសារ ខ្យល់គរ(ចុះជាតិស្ករធ្ងន់ធ្ងរ) និងមិនពាក់ព័ន្ធជាមួយនឹងគ្រឿងញៀននោះទេ។

បច្ចុប្បន្នសាកសពត្រូវបានយកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕នាគស

 

ព័ត៌មានពេញនិយម