ខេត្តសៀមរាប៖ កីឡាករ កីឡាការិនីកម្ពុជា នឹងទទួលបានការព្យាបាលដោយឥតគិតថ្លៃ នៅមន្ទីពេទ្យជាតិ តេជោសន្តិភាព។ នេះបើយោងតាមសំនេរនៅលើហ្វេសប៊ុកផ្លូវការរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងក្នុងសំនេរនោះថា «បងប្អូនកីឡាករកីឡាការិនី!កន្លងមកបងប្អូនកីឡាករ កីឡាការិនីមួយចំនួនបានរងរបួសដោយការប្រកួតពិសេសកីឡាបាល់ទាត់និងប្រដាល់។ ក្រោយត្រូវរបួសបងប្អូនជួបការលំបាកក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋនិងឯកជនដោយរាប់ទាំងការលំបាកលើថវិកាលើការព្យាបាលផងដែលជាញឹកញាប់ភរិយាខ្ញុំបានផ្តល់នូវការឧបត្ថម្ភសម្រាប់ការព្យាបាលចំពោះកីឡាករប្រដាល់មួយចំនួនផងដែរ»។
សម្ដេចតេជោបានបន្តថា «ដោយមើលឃើញនូវការលំបាកបែបនេះព្រឹកនេះខ្ញុំបានពិភាក្សាជាមួយឯកឧត្តមម៉ម ប៊ុនហេង និងលោកជំទាវយក់ សម្បត្តិដើម្បីរៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ កីឡាការិនីនៅមន្ទីរពេទ្យជាតិតេជោសន្តិភាពដែលមានចំនួនគ្រែពី១០០ទៅ២០០គ្រែ»។
សម្ដេចតេជោហ៊ុនសែនបានបញ្ជាក់ថា «ការព្យាបាលមិនតម្រូវឲ្យមានការបង់ប្រាក់និងត្រូវមានឯកទេសគ្រប់គ្រាន់ស្របតាមស្ថានភាពរបួស»។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្នើថា «សូមក្រសួងសុខាភិបាលរៀបចំឲ្យបានឆាប់ដែលនឹងអាចចូលរួមផងដែរដល់ការប្រកួតសុីហ្គេមនាពេលខាងមុខ។
សូមកីឡាករ កីឡាការិនីទទួលយកនូវសេវាព្យាបាលនៅមន្ទីរពេទ្យនេះដោយការពេញចិត្ត»៕នាគស