Saturday, November 23, 2024

លោកប្រធានាធិបតី អាល្លឺម៉ង់ បានសម្តែងនូវការគោរពកោតសរសើរ ចំពោះសម្តេចតេជោ ដែលបានដឹកនាំប្រទេសពីបាតដៃទទេ

រាជធានីភ្នំពេញ៖ លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានសម្តែងនូវការគោរពកោតសរសើរ ចំពោះសម្តេចតេជោ ដែលបានដឹកនាំប្រទេសពីបាតដៃទទេ កាត់បន្ថយភាពក្រីក្រី ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ បើកប្រទេសឡើងវិញ បើកសេដ្ឋកិច្ចឡើងវិញ។ ជាពិសេសការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានយ៉ាងជោគជ័យ ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសឈានមុខមួយនៅក្នុងតំបន់ បើទោះបីស្ថិតនៅក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈមនឹងជំងឺកូវីដ១៩ និងកំពុងប្រឈមការប្រែប្រួលភូមិសាស្ត្រនយោបាយយ៉ាងណាក៍ដោយ។

លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ បានថ្លែងបែប​នេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គ្រាដែលលោកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។
លោកប្រធានាធិបតី បានថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងបានជម្រាបសម្តេចតេជោថា លោកពិតជាមានកិត្តិយសណាស់ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាពិសេសក្នុងនាមជាប្រធានាធិបតីទី១ របស់អាល្លឺម៉ង់ ចាប់តាំងពី​ប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូត៥៦ឆ្នាំមកនេះ។
លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( Frank-Walter Steinmeier) បានជម្រាបសម្តេចតេជោ អំពីដំណើរទស្សនាប្រាង្គប្រាសាទនានានៅរមណីយដ្ឋានអង្គរ ដែលជាសម្បត្តិវប្បធម៌ដ៏ស្កឹមស្កៃ និងអស្ចារ្យ ហើយកំពុងត្រូវការការថែរក្សា។
លោកប្រធានាធិបតីអាល្លឺម៉ង់ បានសម្តែងក្តីរីករាយ និងពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ការថែរក្សាប្រាង្គប្រាសាទរយៈពេល ២៥ឆ្នាំកន្លងមកនេះ ហើយលោកប្រធានាធិបតី ក៍បានគូសបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការនេះ នឹងនៅតែបន្ត។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅក្នុងជំនួបដែលប្រកបដោយភាតរភាពនេះ បានឆ្លើយតបដោយក្ដីអំណរគុណចំពោះ លោកប្រធានាធិបតីអាល្លឺម៉ង់ ក្នុងការដែលធ្វើការវាយតម្លៃល្អពីកម្ពុជា។
សម្តេចតេជោ ក៏បានអរគុណ ដល់លោកប្រធានាធិបតី រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ចំពោះការជួយមកកម្ពុជា រយៈពេល២៥ឆ្នាំកន្លងមកនេះ ហើយបានសម្រាចបន្តជួយដល់កម្ពុជា លើការងារដោះមីន វិស័យវប្បធម៌ និងវិស័យដទៃទៀត។ ហើយពាក់ព័ន្ធនឹងប្រាង្គប្រាសាទរបស់កម្ពុជាវិញ សម្តេចតេជោ បានមានប្រសាសន៍ថា កម្ពុជា មានប្រាង្គប្រាសាទជាច្រើន ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាមោទនភាពណាស់។ ប៉ុន្តែក៏ជាបន្ទុកមួយសម្រាប់ការជួសជុល និងថែរក្សា។
សម្តេចតេជោ ហ៊ុន សែន ក៍បានមានប្រសាសន៍ ជំរុញលើកទឹកចិត្តនូវកិច្ចសហប្រតិបត្តិការលើវិស័យបម្រែបម្រួលអាកាសធាតុ ថាមពល វិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ៕នាគស

 

 

ព័ត៌មានពេញនិយម