ខេត្តសៀមរាប៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រកាសនៅលើហ្វេសប៊ុកផ្លូវការរបស់សម្ដេច ផ្ដល់ក្របខណ្ឌរដ្ឋដល់បុគ្គលិកវិទ្យុ វីអូឌី ដែលមានបំណងចង់ចូលបម្រើការងាររដ្ឋ និងស្នើឱ្យជនបរទេសទាំងអស់ កុំលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន សរសេរយ៉ាងដូច្នេះថា៖ ដោយសារតែវិទ្យុវីអូឌីត្រូវបានបិទ និងគ្មានឱកាសបើកឡើងវិញ និងដោយគិតទៅដល់ជីវភាពបុគ្គលិកដែលបាត់បង់ការងារធ្វើដោយកំហុសមេដឹកនាំ។ ខ្ញុំសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូន ដែលមានបំណងចូលបម្រើកិច្ចការរដ្ឋ។
សម្តេចតេជោលោក បានឱ្យបុគ្គលិក VOD ធ្វើទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈដើម្បីដាក់ពាក្យសុំធ្វើការ ហើយរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈត្រូវទទួលយកពាក្យសុំ និងបែងចែកទៅតាមក្រសួងនានាស្របតាមមុខជំនាញ និងត្រូវសុំការសម្រេចចុងក្រោយពីសម្តេច។
សម្តេចតេជោ ហ៊ុន សែន ក៍បានស្នើឱ្យជនបរទេសទាំងអស់ កុំលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយសម្តេចសូមបញ្ជាក់ថា នឹងគ្មានការផ្លាស់ប្តូរការសម្រេចចិត្តរបស់កម្ពុជានោះឡើយ។
សម្តេចបានបញ្ជាក់ថា៖ ជនបរទេសគ្មានសិទ្ធិមកបង្គាប់បញ្ជាឲ្យយើងធ្វើនេះ ឬធ្វើនោះតាមការចង់បានរបស់ពួកគេឡើយព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់យើង។ ការបិទចោលវិទ្យុដែលគ្មានក្រមសិលធម៌មួយវាមិនធ្វើឲ្យស្លាប់នូវសេរីភាព សារព័ត៌មាននៅកម្ពុជានោះឡើយតែផ្ទុយទៅវិញវានឹងជួយដល់ការអនុវត្តច្បាប់ និងពង្រឹងក្រមសិលធម៍វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាថែមទៀតផង៕នាគស