Monday, September 16, 2024

សម្តេចតេជោ ហ៊ុន សែន មិនទទួលយកនូវការសុំទោស និងនៅតែសម្រេចលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌី(VOD)មិនកែប្រែ

ខេត្តសៀមរាប៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនទទួលយកនូវការសុំទោស និងនៅតែសម្រេចលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌី(VOD)មិនកែប្រែ។ នេះបើយោងតាមសំនេររបស់សម្ដេច ដែលបានបង្ហោះនៅលើផេកផ្លូវការ “Samdech Hun sen, Cambodian Prime Minister” នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ជួនថា កាលពីថ្ងៃទី៩ ខែកុម្ភ:ឆ្នាំ២០២៣កន្លងទៅនេះ វិទ្យុវីអូឌី(VOD) បានធ្វើការផ្សាយនូវអត្ថបទ“មន្ត្រីរាជរដ្ឋាភិបាលថា ការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុក ក្នុងការផ្ដល់ជំនួយឲ្យប្រទេស តួកគី មិនមែនជារឿងខុសឆ្គង” និងបានចេញនូវលិខិតគោរពជួន ដែលធ្វើការសុំទោសសម្ដេច និង ឯកឧត្តម ហ៊ុន ម៉ាណែត នូវយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៣ តែត្រូវបានសម្ដេចតេជោ ហ៊ុន សែន លោកមិនផ្លាស់ប្ដូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន មានសំនេរដើមទាំងស្រុង យ៉ាងដូច្នេះថា “យើងពិតជាមិនមែនកូនក្មេងបៀមដៃនោះឡើយ។ហេតុអ្វីមិនសូមទោសពីល្ងាចនិងមកសូមទោសពេលយប់ជ្រៅក្រោយម៉ោង១២យប់ទៅវិញ។តើឈឺណាស់ទៅឬក្រោយត្រូវមួយកំភ្លៀង?មុនត្រូវមួយកំភ្លៀងគិតណាស់រឿងកិត្តិយសសូម្បីពាក្យសូមទោសមួយម៉ាត់មិនហ៊ាននិយាយផងតែក្រោយត្រូវមួយកំភ្លៀងបែរជាភ្លេចអស់កិត្តិយសមកសូមទោសជាងពាក់កណ្តាលអាធ្រាតទៅវិញ។ខ្ញុំហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាមិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ។ស្ថាបន័មានសមត្ថកិច្ចត្រូវអនុវត្តភារកិច្ចដូចដែលបានប្រគល់កាលពីល្ងាចថ្ងៃ១២កុម្ភៈ២០២៣ដោយគ្មានការកែប្រែ។សម្រាប់បងប្អូនដែលបាត់បង់ការងារត្រូវបន្ទោសមេដឹកនាំបងប្អូនឬប្រទេសម្ជាស់លុយដែលកសាងកំហុសតាំងពីការផ្សាយព័ត៌មានមូលបង្កាច់រហូតដល់ល្ងង់មិនចេះទទួលខុសត្រូវលើការសូមទោសធ្វើឲ្យបងប្អូនបាត់បង់ការងារធ្វើ”៕នាគស

ព័ត៌មានពេញនិយម