ខេត្តសៀមរាប៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនអាចទទួលយកនូវការប្រើពាក្យ “សោកស្តាយ និងសូមអធ្យាស្រ័យ” ជំនួសឲ្យពាក្យ“សុំទោស”បាននោះទេ ហើយសម្រេចបញ្ចប់រឿងនេះដោយឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌី(VOD)។ នេះបើយោងតាមសំនេររបស់សម្ដេច ដែលបានបង្ហោះនៅលើផេកផ្លូវការ “Samdech Hun sen, Cambodian Prime Minister” នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
សូមរំឭកជួនផងដែលថា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ វិទ្យុវីអូឌី(VOD) បានធ្វើការផ្សាយនូវអត្ថបទ“មន្ត្រីរាជរដ្ឋាភិបាលថា ការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុក ក្នុងការផ្ដល់ជំនួយឲ្យប្រទេស តួកគី មិនមែនជារឿងខុសឆ្គង” ត្រូវបានសម្ដេចតេជោ ហ៊ុន សែន មានការមិនពេញចិត្តជាខ្លាំង ហើយផ្ដល់ឱកាសឲ្យធ្វើការសុំទោសជាសាធារណៈ ចំពោះរាជរដ្ឋាភិបាលនិងឯកឧត្តម ហ៊ុន ម៉ាណែត ត្រឹម ៧២ ម៉ោង និងចុងក្រោយថយមកត្រឹម ២៤ ម៉ោងវិញ ប៉ុន្តែមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ក្នុងនាមអាណាព្យាបាលរបស់ប្រព័ន្ធផ្សព្វផ្សាយវិទ្យុវីអូឌី(VOD) បានចេញនូវលិខិត គោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលគ្រាន់តែប្រើពាក្យសោកស្ដាយ និងសូមអធ្យាស្រ័យ ប្រសិនបើមានកំហុសឆ្គងដៃចេតនា ដែលកើតឡើងទៅលើសម្ដេច ហ្នឹងឯកឧត្តមហ៊ុនម៉ាណែត តែប៉ុណ្ណោះ។
សម្ដេចតេជោ ហ៊ុន សែន មានសំនេរដើមទាំងស្រុង យ៉ាងដូច្នេះថា “តើការប្រើពាក្យសោកស្តាយនិងសូមអធ្យាស្រ័យវាជំនួសឲ្យពាក្យសុំទោសបានដែរឬទេ? សម្រាប់ខ្ញុំមិនអាចទទួលយកបានឡើយ។
តើការបកស្រាយបំភ្លឺនៅទីនេះមានចេតនាទម្លាក់កំហុសឲ្យមន្ត្រីរាជរដ្ឋាភិបាលមែនទេ?ទុកជូនឯកឧត្តមផៃ សុីផានពិនិត្យលទ្ធភាពប្តឹងទៅតុលាការ។
ខ្ញុំកាន់តំណែងក្នុងរដ្ឋរយៈពេលជាង៤៤ឆ្នាំហើយ ក្នុងនោះតំណែងនាយករដ្ឋមន្ត្រីរយៈពេលជាង៣៨ឆ្នាំខ្ញុំពិតជាយល់ដឹងល្មមគ្រប់គ្រាន់នូវពាក្យពេចន៍ដែលត្រូវបានប្រើរាប់ទាំងពាក្យសំដីវាគ្មិនមួយចំនួនដែលចូលមកសម្ភាសក្នុងរឿងផ្លូវច្បាប់ទាក់ទងដល់ការផ្តល់ជំនួយដល់ប្រទេសទួកគីដែលវាគ្មិនខ្លះព្យាយាមវាយទាំងឪវាយទាំងកូនដែលកូននោះគឺហ៊ុន ម៉ាណែតដែលគាត់ពុំបានដឹងរឿងអ្វីសោះ។តើនេះឬជាវិជ្ជាជីវៈដែលអស់លោកចង់ផ្សាយដោយអចេតនានោះ?។ ដើម្បីកុំឲ្យវែងឆ្ងាយខ្ញុំសម្រេចមិនទទួលយកការសំដែងការសោកស្តាយនិងសូមការអធ្យាស្រ័យជំនួសឲ្យការសុំទោសរបស់អស់លោកដែលជាសេចក្តីថ្លៃថ្នូរនិងកិត្តិយសរបស់អស់លោកនោះឡើយ។
ក្នុងនាមរាជរដ្ឋាភិបាលដែលត្រូវការពារកិត្តិយសរបស់ខ្លួនខ្ញុំសម្រេចបញ្ចប់រឿងនេះដោយឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌី(VOD)ចាប់ពីពេលនេះតទៅនិងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០និងនាទីថ្ងៃ១៣កុម្ភះ២០២៣ជាកំហិត។សូមសាលារាជធានីភ្នំពេញនិងស្ថាប័នពាក់ពន្ធ័ជួយការពារសណ្តាប់ធ្នាប់និងទ្រព្យសម្បត្តិនៃវិទ្យុនេះឲ្យបានគង់វង្ស។យើងបិទតែការផ្សាយគ្រប់ប្រភេទនៃវិទ្យុនេះប៉ុណ្ណោះតែយើងមិនប៉ៈពាល់ទ្រព្យសម្បត្តិរបស់គេទេ។
សូមមិត្តភក្តិបរទេសដែលផ្តល់លុយឲ្យវិទ្យុនេះបង្វឹលលុយទៅប្រទេសវិញឬជួយទៅប្រទេសផ្សេង។សូមបុគ្គលិកដែលធ្វើការនៅវិទ្យុនេះស្វែងរកការងារធ្វើនៅកន្លែងផ្សេងទៀត”៕នាគស