ខេត្តសៀមរាប៖ ពិធីប្រកាសចូលកាន់មុខតំណែងទទួលស្គាល់ លោក ទូច ម៉ាឡា ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទថ្មីរបស់ខេត្ត ដើម្បីជំនួសលោក ខេង ញ៉ុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទចាស់ ដែលត្រូវផ្លាស់ប្តូរទៅក្រសួង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោក នាក់ ណេរ៉ុន អភិបាលខេត្តស្តីទី និង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គ-នាយក អាធិការ និងលោក លោកស្រី ប្រធាននាយកដ្ឋាន ចំណុះ ក្រសួងអភិវឌ្ឍន៍ជនបទ ជាច្រើននាក់ កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលារដ្ឋបាល។
លោក នាក់ ណេរ៉ុន អភិបាលខេត្តស្តីទី បានលើកឡើងថា នៅក្រោមការដឹកនាំប្រកបដោយការទទួលខុសត្រូវ របស់ក្រុមប្រឹក្សាគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ខេត្តបានបន្តខិតខំប្រឹងប្រែងរួមគ្នា ក្នុងការបំពេញតួនាទី ភារកិច្ច ស្របតាមបទប្បញ្ញតិ្តនានា ដែលមានចែងក្នុងច្បាប់ បទបញ្ជា សេចក្តីណែនាំ កម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ កម្មវិធីកំណែទម្រង់នានា ការគាំទ្រតាមគ្រប់រូបភាពពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា ជាពិសេសការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋាន ឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសមធម៌សង្គម។ លោកអភិបាលស្ដីទីបានបន្តថា ក្នុងរយៈពេលជាងពីរឆ្នាំកន្លងទៅនេះ យើងបានខិតខំពុះពារជំនះនូវរាល់ការលំបាកនានា រាប់បញ្ចូលទាំងវិបត្តិជំងឺកូវីដ-១៩ក្នុងការអនុវត្ដនូវតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម សំដៅធ្វើយ៉ាងណាឱ្យយន្ដការរដ្ឋបាលថ្នាក់ក្រោមជាតិ ធានាបាននូវប្រសិទ្ធភាព ក្នុងការដឹកនាំ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការរក្សាបាននូវសន្ដិសុខ សណា្ដប់ធ្នាប់ សុខសុវត្ថិភាព និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ បើទោះបីជាផែនការ ត្រូវបានកែសម្រួលដោយកត្តាសត្យានុម័ត ឬកត្តាអន្តោម័តក្តីក៏រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប នៅតែបន្តអនុវត្ត ហើយសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៏ថា ការប្រកាសឱ្យចូលកាន់មុខតំណែង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបនាពេលនេះ គឺជាការប្រគល់ភារកិច្ច និងជាការផ្តល់នូវការទទួលខុសត្រូវមួយថែមទៀត ដែលតម្រូវឱ្យសាមីខ្លួនត្រូវតែបញ្ចេញឱ្យអស់សមត្ថភាព លទ្ធភាព និងទេពកោសល្យ ដើម្បីជំនះបានរាល់ភាពលំបាកនានា ដែលកើតមានឡើងកន្លងមក ហើយដែលចាំបាច់ត្រូវសហការជាមួយថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ ដើម្បីធ្វើឱ្យអង្គភាព មានការប្រែប្រួលមុខមាត់ថ្មី សំដៅធានារ៉ាប់រងបាននូវភារកិច្ចស្នូលទាំងឡាយ ដែលអង្គភាពត្រូវបំពេញ និងទទួលខុសត្រូវចំពោះមុខស្ថាប័ន និងភារកិច្ចទាំងឡាយផ្សេងៗទៀត ទៅតាមការចាំបាច់ដែលរដ្ឋបាលខេត្តប្រគល់ជូន។
ឯកឧត្តមបណ្ឌិតសភាចារ្យ ក៍បានធ្វើការកោតសរសើចំពោះលោក ប្រធានមន្ទីរចាស់ ដែលត្រូវបានក្រសួងផ្ទេរទៅកាន់មុខ តំណែងថ្មី នៅក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទ ដែលក្នុងរយៈពេលកន្លងមក បានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវតាមជំនាញវិជ្ជាជីវៈ។ ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្តថា ទាំងនេះគឺបង្ហាញអំពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរអភិវឌ្ឍន៍ជនបទក្នុងការសហការសម្របសម្រួល និងបំពេញការងារ ព្រមទាំងការលះបង់កម្លាំងកាយចិត្ត ទើបធ្វើឱ្យសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ។
ឯកឧត្តមបណ្ឌិតសភាចារ្យបញ្ជាក់ថា យើងត្រូវបន្តពង្រឹងប្រពៃណីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរ និងទូលំទូលាយថែមទៀត ទាំងរវាងថ្នាក់លើ និង ថ្នាក់ក្រោម ក៏ដូចជាមួយនឹងបណ្តាមន្ទីរ-អង្គភាព ក្រុង-ស្រុកនានាផងដែរ។ ត្រូវបង្កើនប្រសិទ្ធភាពគ្រប់គ្រងមន្រ្តីរាជការ មានការពង្រឹងវិន័យ ចេះសម្របសម្រួល តាមដានការងារ និងលើកទឹកចិត្តមន្រ្តីរាជការក្រោមឱវាទ ដើម្បីឱ្យពួកគេបញ្ចេញអស់លទ្ធភាព សមត្ថភាព មនសិការការងារ និងការទទួលខុសត្រូវក្នុងការអនុវត្តភារកិច្ចតាមការប្រគល់ជូនឱ្យមានប្រសិទ្ធភាព។
ឯកឧត្តមបណ្ឌិតសភាចារ្យសង្កត់ធ្ងន់ថា ត្រូវយកចិត្តទុកដាក់ អនុវត្តការងារប្រកបដោយការឈ្លាសវៃ និងត្រូវមានចក្ខុវិស័យ សមស្របទៅលើសភាពការណ៍ទូទៅ ស្របតាមស្ថានភាព និងត្រូវដោះស្រាយ ឬស្នើសុំគោលការណ៍ដោះស្រាយឱ្យបានទាន់ពេលវេលា៕នាគស